ទំព័រដើម / Uncategorized / តុលាការផ្តន្ទាទោសមន្ត្រីធានាគារអេស៉ីលីដាចំនួន៥នាក់ដាក់ពន្ធនាគារម្នាក់ៗ១ឆ្នាំ

តុលាការផ្តន្ទាទោសមន្ត្រីធានាគារអេស៉ីលីដាចំនួន៥នាក់ដាក់ពន្ធនាគារម្នាក់ៗ១ឆ្នាំ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ អតីតមន្ត្រី ធនាគារអេស៊ីលីដា ចំនួន៥ នាក់ ត្រូវបានលោកសេង លាង ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រម ផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល១ឆ្នាំដែលជាប់ពាក់ព័ន្ធនិងករណីរំលោភលើទំនុកចិត្តពិសេសដោយអភិបាល ឫបុគ្គលិកផ្សេងទៀត។

ជនជាប់ចោទទាំង៥នាក់ខាងលើមានទីឈ្មោះ សុីវ សុភ័ក្រ្ត និងឈ្មោះ ឡេវ ឆាយ ត្រូវបានតុលាការផ្តន្ទាទោស១ឆ្នាំ តែអនុវត្តត្រឹមថ្ងៃប្រកាសសាលក្រម។ រីឯឈ្មោះ ឈន ទីន ឈ្មោះ ជា សិលា ឈ្មោះ មឿន សំណង់ អ្នកទាំងបីនៅក្រៅឃុំ ត្រូវបានតុលាការផ្តន្ទាទោស១ឆ្នាំដូចគ្នា ប៉ុន្តែអនុវត្ត ត្រឹមថ្ងៃដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន និងទុកសិទ្ធិឲ្យដើមបណ្តឹងប្តឹងទាមទារសំណងទៅតុលាការរដ្ឋប្បវេណីនៅពេលក្រោយ។

សូមជម្រាបថាក្នុងចំណោមជនជាប់ចោទ៥នាក់មានតែជនជាប់ចោទ២នាក់ប៉ុណ្ណោះដែលជាប់ឃុំនៅពន្ធនាគាររាជធានីភ្នំពេញ(PJ)។

សូមរំលឹកថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ខែមករាឆ្នាំ ២០១៧ បានចេញដីកាសម្រេចឃុំខ្លួនមន្ត្រីធនាគារអេសុីលីដាសាខាខេត្តបាត់ដំបងចំនួន៥​នាក់ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។

ក្រោមការចោទប្រកាន់ពីបទ ក្លែងបន្លំ និងបទរំលោភលើសេចក្ដីទុកចិត្តពិសេសដោយអភិបាលតាមមាត្រា៣៩៣ មាត្រា៦២៦និងមាត្រា៦២៧នៃក្រមព្រហ្មទ័ណ្ឌ ពាក់ព័ន្ធករណីឃុបឃិតគ្នាធ្វើលិខិតក្លែងបន្លំសុីដាច់ប្រាក់ធនាគារអេសុីលីដាចំនួន១ ៧០០ ០០០ ដុល្លារ។

សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ បានអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ក្នុងនោះមានម្នាក់ជាប្រធានសាខាធនាគារអេស៉ីលីដា ក្រុងបាត់ដំបង ចំណែកអ្នកផ្សេងទៀតជាបុគ្គលិកធនាគារអេស៉ីលីដាក្រុងបាត់ដំបងតែម្ដង ។

លោកឧត្តមសេនីយ៍ ប៉ុល រតនា បានបញ្ជាក់ថាការឃាត់ខ្លួនមន្ត្រីធនាគារអេសុីលីដានេះធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់លោក អ៉ិន ចាន់នី ប្រធានធនាគារ​អេស៉ី​លីដា​ភ្នំពេញចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ដោយប្តឹងជនសង្ស័យទាំង៥រូបពីបទ រំលោភ​លើសេចក្តីទុកចិត្តដោយអភិបាល និងបទក្លែងបន្លំ ប្រព្រឹត្តកាលពីឆ្នាំ​២០១៤​-២០១៥ ដែលមានទំហំទឹកប្រាក់ ប្រមាណជាង១លានដុល្លារអាមេរិក។

ជនសង្ស័យទាំង៥នាក់ខាងលើ មាន៥នាក់ជាបុគ្គលិកធនាគារអេស៉ីលីដាក្រុងបាត់ដំបង ត្រូវបានឃាត់ខ្លួន នៅសាខាធនាគារ នៅក្រុងបាត់ដំបង និងម្នាក់ទៀត ដែលជាប្រធានសាខាត្រូវបានឃាត់ខ្លួន នៅរាជធានីភ្នំពេញ ។

ជនជាប់ចោទរួមមាន ១.ឈ្មោះ ស៉ីវ សុភ័ក្ត្រ ភេទប្រុស អាយុ៣៨ឆ្នាំ ២.ឈ្មោះ ឡេវ ឆាយ ភេទប្រុស អាយុ៣៨ឆ្នាំ ៣.ឈ្មោះ មឿន សំណង់ ភេទប្រុស អាយុ៣៧ឆ្នាំ ៤.ឈ្មោះ ជា សិលា ភេទប្រុស អាយុ៣៤ឆ្នាំ ៥.ឈ្មោះ ឈន ទីន ភេទប្រុស អាយុ៣៨ឆ្នាំ ដែលសុទ្ធសឹងជាអ្នករស់នៅក្នុងខេត្តបាត់ដំបង ។

Qជនសង្ស័យទាំង៥នាក់ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងសាកសួរនៅថ្ងៃទី ២៦ និង២៧ មករាឆ្នាំ ២០១៧ ដោយធ្វើការចោទប្រកាន់ពីបទក្លែងបន្លំ និងបទរំលោភលើសេចក្ដីទុកចិត្តពិសេសដោយអភិបាល តាមមាត្រា ៣៩៣ មាត្រា៦៩៦និងមាត្រា៦៩៧​នៃក្រមព្រហ្មទ័ណ្ឌ ។

ពាក់ព័ន្ធករណីនេះផងដែរ បើតាមការផ្ដល់ព័តមានពីសមត្ថកិច្ចបានអោយដឹងថា ចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់ឆ្នាំ ២០១៦ ពួកមន្ត្រីធនាគារ​អេសុីលីដាសាខាខេត្តបាត់ដំបងទាំង៥នាក់បានឃុបឃិតគ្នាក្លែងបន្លំឯកសារជាទំរង់អតិថិជនខ្ចីចងការប្រាក់ ប៉ុន្តែគ្មានមនុស្សពិតប្រាកដឡើយ ដោយសរុបមានឯកសារក្លែងបន្លំនេះរហូតដល់ទៅ ១២ឯកសារនិងដកប្រាក់អស់ចំនួន១៧០ ០០០០ដុល្លារអាមេរិកចែកគ្នាចាយលេង ។

ក្រោយមកមានការផ្លាស់ប្ដូរតួនាទីថ្នាក់ដឹកនាំសាខាធនាគារខេត្តទើបបែកការពីករណីក្លែងបន្លំឯកសារនិងដកប្រាក់ ទើបធនាគារអេសុីលីដាធំនៅភ្នំពេញបញ្ជូនក្រុមអ្នកធើ្វអធិការកិច្ចទៅខេត្តបាត់ដំបងរកឃើញពីភាពមិនប្រក្រតីនេះហើយក៏ប្ដឹងទៅក្រសួងមហាផ្ទៃចាត់ការតែម្ដង ៕(អុីង វុឌ្ឍិន)

Leave a Reply

Your email address will not be published. Required fields are marked *