ទំព័រដើម / Uncategorized / តុលាការកោះហៅលោជាមុនីឲ្យចូលបំភ្លឺពាក់ព័ន្ធករណីសហជីព១២០ប្ដឹងនៅថ្ងៃទី២២មករា

តុលាការកោះហៅលោជាមុនីឲ្យចូលបំភ្លឺពាក់ព័ន្ធករណីសហជីព១២០ប្ដឹងនៅថ្ងៃទី២២មករា

ភ្នំពេញ ៖លោក  សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក ជា មុនី អតីតប្រធានសហភាព​សហជីពសេរីកម្មករ​នៃព្រះរា​ជា​ណាចក្រកម្ពុជា​ និង​ បច្ចុប្បន្ន​ជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលពហុវិស័យនៅកម្ពុជា​ ឱ្យចូល​ខ្លួនមកសាលាដំបូងក្នុងនាមជនសង្ស័យ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ​ដើម្បី​ឆ្លើយដោះបន្ទុកក្នុងរឿងក្ដី​ព្រហ្មទ័ណ្ឌដែលប្ដឹងដោយសមាគមសហជីពចំនួន១២០ ។

លោក​ កេតុ​ សុវណ្ណឌី​ និងលោក ដារ៉ា​ សុបញ្ញា​ ជាមេធាវីតំណាងដោយអាណត្តិរបស់សហជីពធំៗចំនួន១២០ កាលពីព្រឹកថ្ងៃទី០៩ខែមករាឆ្នាំ២០១៨នេះ បានចូលបំភ្លឺចំពោះមុខលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ដែលបានប្តឹងលោក​ ជា​ មុនី ពីបទញុះញង់ឱ្យសហគមន៍អឺរ៉ុប និងសហរដ្ឋ​អាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា ។

លើបណ្តឹងនេះត្រូវបានក្រុមសហជីពទាំង១២០បានស្នើឱ្យតុលាការផ្តន្ទាទោស លោក ជា មុនី ទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួនមួយលានដុល្លារសហរដ្ឋអាមេរិក ។

បណ្ដឹងព្រហ្មទណ្ឌនោះ បានធ្វើឡើងបន្ទាប់ពីលោក ជា មុនី បានលើកឡើងដោយស្នើ ទៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកអោយដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា ។  លោក ជា មុនី បានបង្ហាញការរំពឹងតាមរយៈវិទ្យុបរទេសមួយថាបើសហភាព អឺរ៉ុប និងសហរដ្ឋអាមេរិក  ដាក់ ទណ្ឌកម្មនេះរាជរដ្ឋាភិបាលកម្ពុជានឹងរងគ្រោះ ហើយងាក មករកផ្លូវចរចា បញ្ចប់វិបត្តិនយោបាយជាមួយគណបក្សប្រឆាំង  ៕អុីង វុឌ្ឍិន

Leave a Reply

Your email address will not be published. Required fields are marked *