ទំព័រដើម / ព័ត៌មានសំខាន់ៗ / ពាណិជ្ជកម្មកម្ពុជានិងថៃមានទឹកប្រាក់ប្រមាណជា៥៥០០លានដុល្លារក្នុងឆ្នាំ២០១៧កើន១០ភាគរយ  

ពាណិជ្ជកម្មកម្ពុជានិងថៃមានទឹកប្រាក់ប្រមាណជា៥៥០០លានដុល្លារក្នុងឆ្នាំ២០១៧កើន១០ភាគរយ  

 

ភ្នំពេញ៖ទំហំពាណិជ្ជកម្មកម្ពុជានិងថៃមានទឹកប្រាក់ប្រមាណជា៥៥០០លានដុល្លារក្នុងឆ្នាំ២០១៧កើន១០ភាគរយ។នេះបើតាមលទ្ឋផលជំនួបរវាងសម្ដេចហ៊ុនសែននិងនាយករដ្ឋមន្ដ្រីថៃប្រយុទ្ឋកាលពីម្សិលមិញ។

ក្នុងជំនួបកាលពីម្សិលមិញនៅវិមានសន្ដិភាពសម្តេចហ៊ុនសែនក៏បានលើកឡើង អំពីការរីកចម្រើននៃទំហំពាណិជ្ជកម្មរវាង ប្រទេសទាំង ពីរ កាលពីឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ គឺកើនឡើងប្រមាណ៥,៥ពាន់លានដុល្លារ ហើយតួរលេខនេះគឺមានការកើន​ឡើង១០% បើធៀបទៅនឹងឆ្នាំ២០១៦។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីថៃ បានសម្តែងការអបអរសាទរ និងថ្លែងអំ​ណរគុណចំពោះ​សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញលោក​មកចូលរួម​ក្នុងកិច្ច​ប្រជុំកំពូលកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង លើកទី២នាពេលនេះ។ ការចូលរួមក្នុង​កិច្ចប្រជុំកំពូលនេះ គឺមានសារៈ សំខាន់ណាស់ សម្រាប់ប្រជាជន ដែលរស់នៅតាម​ដងទន្លេមេគង្គ ហើយកិច្ចប្រជុំនេះ នឹងផ្តល់ផលប្រយោជន៍ ដល់ប្រជាជន នៃប្រទេសទាំង៥។ លោកនាយករដ្ឋមន្រ្តីថៃមានជំនឿលើការដឹកនាំប្រជុំរបស់ សម្តេចតេជោ ដែលនឹងបានទទួល​ជោគជ័យជាមិនខាន។

ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តី រីក រាយចំពោះវឌ្ឍនៈភាពនៃប្រទេសទាំងពីរ ជាពិសេស​ចំពោះការបើកច្រកព្រំដែននៃប្រទេសទាំងពីរ ដូចជាច្រកស្ទឹងបត់ និងការតភ្ជាប់​រវាងប្រទេ​សទាំងពីរ​តាមរយៈផ្លូវរថភ្លើង។ លើសពីនោះ លោកនាយករដ្ឋមន្រ្តីថៃ បានស្នើសុំ សម្តេចតេជោជួយជំរុញឲ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេ​សទាំងពីរឲ្យកាន់តែ​ខ្លាំងក្លាថែម​ទៀត ជាពិសេសលើបញ្ហាពាណិជ្ជកម្មតែម្តង។

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណ លោកនា​យក​រដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា និងប្រតិភូទាំងអស់ដែល​បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះបន្ទាប់ពីបញ្ចប់កិច្ចប្រជុំទ្វេភាគីជាមួយប្រទេស វៀតណាម និងថៃរួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញប្រមុខដឹកនាំនៃប្រទេសទាំង៥ ទស្សនាការតាំងពិ​ព័រណ៍សមិទ្ឋផលកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ដែលបានរៀបចំនៅ​ក្នុងបរិវេ​ណវិមានសន្តិភាព៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *