ទំព័រដើម / ព័ត៌មានសំខាន់ៗ / ម៉ាឡេស៊ីជួលក្រុមហ៊ុនអាមេរិកឲ្យបន្តរុករកយន្តហោះ MH370

ម៉ាឡេស៊ីជួលក្រុមហ៊ុនអាមេរិកឲ្យបន្តរុករកយន្តហោះ MH370

ក្រុងគូឡាឡាំពួរ៖ រដ្ឋាភិបាល​ម៉ាឡេស៊ី​​​បានប្រកាសថា ខ្លួនបានជួល​​ក្រុម​ហ៊ុន​រុករករបស់​សហរដ្ឋអាមេរិក​ឲ្យ​បន្តរុករក​យន្តហោះ​ MH370 ដែលបាត់ដំណឹង​​​កាលពីថ្ងៃទី​៨ ខែមីនា ឆ្នាំ ២០១៤ ។​

នៅក្នុងពិធី​ចុះហត្ថលេខាដែលធ្វើឡើងនៅក្នុងទីក្រុងគូឡាឡាំពួកាលពីម្សិលមិញ​​​រវាង​ក្រសួង​ដឹកជញ្ជូនម៉ាឡេស៊ី និង​ក្រុមហុន​​ Ocean Infinity របស់សហរដ្ឋអាមេរិក​ លោក​ Liow Tiong Lai រដ្ឋ​មន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី​បាន​លើកឡើងថា ​ការរុក​​នឹងធ្វើឡើង​នៅក្នុងដែនទឹកទំហំ​២៥.​០០០ គីឡូម៉ែត្រក្រឡា ​ក្នុងតំបន់រុករកអាទីភាព​នៅ​ភាគ​ខាងត្បូង​មហា​សមុទ្រ​ឥណ្ឌា ដោយ​ផ្អែកលើលក្ខខ័ណ្ឌ “បើរកមិនឃើញមិន​យក​​ថ្លៃឈ្នួល​” ក្នុងរយៈពេល​៩០ថ្ងៃ។

យោងតាម​កិច្ចព្រមព្រៀង​រវាងភាគីទាំងពីរ ​ការបង់ប្រាក់​​ទៅ​ឲ្យក្រុមហ៊ុន​ Ocean Infinity ​គឺអាស្រ័យលើ​ទី​តាំង​ដែល​រកឃើញយន្តហោះ​។ ​ប្រាក់សរុបចំនួន​២០លានដុល្លារ​ នឹងបង់ទៅឲ្យក្រុមហ៊ុនរុករកនេះ ​ប្រសិនបើ​​យន្ត​ហោះរកឃើញ​នៅក្នុងដែនទឹក​ទំហំ​​៥ពាន់​គីឡូម៉ែត្រក្រឡាដំបូង។ ​ការបង់នឹងកើនឡើងដល់​៣០លានដុល្លារ​ ប្រសិន​​​បើយន្តហោះត្រូវបានរកឃើញនៅក្នុង​ដែនទឹកដែលត្រូវបានពង្រីកដល់​១ម៉ឺន​គីឡូម៉ែត្រ​ក្រឡា ហើយ​វានឹង​ឡើង​ដល់​៥០​លានដុល្លារ​ ប្រសិនបើ​ដែនទឹករុករកត្រូវបានពង្រីក​១ម៉ឺនគីឡូម៉ែត្រក្រឡាថែមទៀត។​ ប្រសិនបើ​​យន្ត​​ហោះ​ត្រូវបាន​រកឃើញនៅ​ក្រៅដែនទឹកទំហំ​២៥.០០០ គីឡូម៉ែត្រក្រឡា​ ដែលក្រុ​មអ្នកស៊ើ​បអ​ង្កេត​អូស្ត្រាលី​បានណែនាំ​ រដ្ឋាភិបាលម៉ាឡេស៊ីយល់ព្រមបង់ចំនួន​៧០លានដុល្លារ។​

លោក ​ Liow Tiong Lai បាន​បន្តថា ​ការរុករកមិនអាចធ្វើឡើងរហូតនោះទេ ​ពោលគឺមិនអាចអូសបន្លាយរហូតដល់​៦ខែ ឬមួយឆ្នាំទៀតនោះឡើយ​ ហេតុ​ដូច្នេះការ​ផ្តល់គឺត្រឹមតែ​៩០ថ្ងៃប៉ុណ្ណោះ។​

រីឯលោក ​ Oliver Plunkett នាយកប្រតិបត្តិក្រុមហ៊ុន​ Ocean Infinity បាន​លើកឡើងថា ​នាវារុករក​មាន​បំពាក់​ដោយ​យានរុករកបាតសមុទ្រ​ស្វ័យប្រវត្តិចំនួន​៨គ្រឿង ​ដែលមាន​ sensors កាមេរ៉ា ​និង​ឧបករ​ចាប់សញ្ញា ជា​ហេតុធ្វើ​​ឲ្យប្រតិបត្តិការរុករកអាច​មានប្រសិទ្ធិភាពខ្ពស់។​

លោកបានបន្តថា ​“យើងអាច​រុករកដោយគ្របដណ្តប់​​ក្នុងដែនទឹក​ប្រហែល​១.២០០គីឡូម៉ែត្រ​ក្នុងមួយថ្ងៃ ​ពោល​គឺមានន័យថា ​យើងនឹងបញ្ចប់​ការរុករកជំហានដំបូង​ក្នុងដែនទឹកទំហំ​២៥០០០​គីឡូម៉ែត្រ​ក្នុងរយៈពេល​បី​ឬបួនសប្តាហ៍ដំបូង នោះមានន័យថា យើងនៅសល់​ប្រហែល​៦០ថ្ងៃ​ ហើយ​ប្រសិនបើរកឃើញ​ យើង​នឹងបន្តរុករកទៀត”។ ​​

យន្តហោះម៉ាឡេស៊ី​ ជើងហោះហើរលេខ​ MH370 បានបាត់ដំណឹង​ពេល​ធ្វើដំណើរ​ពីទីក្រុង​គូឡាឡាំពួទៅកាន់​ទីក្រុងប៉េកាំង​​កាលពីថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៤ ដោយមានដឹកមនុស្សចំនួន​២៣៩នាក់៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *