ទំព័រដើម / ទស្សនៈថ្មី / ចិន ប្រកាសផ្ដល់ជំនួយប្រមាណជា២៧៦លានដុល្លារដល់កម្ពុជានិងជំរុញទេសចរអោយបាន២លានមកកម្ពុជា

ចិន ប្រកាសផ្ដល់ជំនួយប្រមាណជា២៧៦លានដុល្លារដល់កម្ពុជានិងជំរុញទេសចរអោយបាន២លានមកកម្ពុជា

ភ្នំពេញ៖ ភាគីចិន នៅតែ បន្តសន្យាជួយការគាំទ្រដល់ ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា  ដើម្បជួយដល់ការឈានឆ្ពោះ​ទៅ​រកការអភិវឌ្ឍឲ្យមានការរីកចំរើនទៅអនាគត។នេះបើតាមមន្ដ្រីកម្ពុជាបានអះអាងនៅថ្ងៃនេះ។​

នៅក្នុងជំនួបរវាងសម្តេចតេជោហ៊ុន  សែន នាយករដ្ឋមន្ត្រីកម្ពុជា​ជាមួយឯ.ឧ​លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នៅវិមាន​សន្តិភាព ក្នុងដំណើរទស្សនកិច្ចផ្លូវការនាព្រឹកថ្ងៃទី១១​ មករានេះ ប្រមុខរដ្ឋាភិបាលចិនបាន​បញ្ជាក់ថា ចិន​មាន​ទឹកប្រាក់ ​​​ប្រមាណ១ពាន់២រយលានយន់  សម្រាប់​​​ជួយកម្ពុជា លើគម្រោងតូចៗ និងចំនួន ៦០០លាន​យន់ ទៀតសម្រាប់គម្រោងធំ ដូច្នេះ ឯ.ឧ បានស្នើឲ្យភាគីកម្ពុជានិងភាគីចិន បន្ត​ពិភាក្សា​គ្នាដើម្បី​ទាញយកថវិកា​នេះមកប្រើប្រាស់។

ឯ.ឧ អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចនាយករដ្ឋមន្ត្រីបានប្រាប់ក្រុមអ្នកយកព័ត៌មាន​នៅក្រោយ​ជំនួយ​កញ្ចប់ថា ឯ.ឧ​លី  ខឺ​ឈាង បានឯកភាពចំពោះសំណើរកម្ពុជា ដោយបានស្នើឲ្យក្រសួងពាណិជ្ចកម្មកម្ពុជានិង  ចិន​  ពិភាក្សាគ្នា អំពីគម្រោងការ​នាំស្ករអំពៅទៅកាន់​ប្រទេសចិន ។ចំ​ពោះ​វិស័យទេសចរណ៍ឯ.ឧលីបានបញ្ជាក់ថា ចិន​​មានទេសចរចេញ​​ក្រៅប្រទេសប្រមាណ២០០លាននាក់ក្នុងមួយឆ្នាំៗ ដូច្នេះត្រឹមមួយភាគរយនៃទេសចរដែលមានប្រមាណ២​លាននាក់ ភាគីចិននឹងខិតខំជួយ ជំរុញឲ្យមកទស្សនាកម្ពុជា។

ជាការឆ្លើយតបសម្តេចតេជោហ៊ុន សែន បានចាត់ទុកដំណើរទស្សនកិច្ច របស់ ឯ.ឧ​លី​ខឺ ឈាង ​មកកាន់​កម្ពុជា​ពេលនេះ ចំ ឆ្នាំដ៍ពិសេសមួយ ដែលជាឆ្នាំខួបលើកទី៦០​នៃទំ​នាក់​ទំនងការទូតរវាងកម្ពុជា។  សម្តេចមានប្រសាសន៍ថា​ឥឡូវនេះចិនកំពុង តែដឹកនាំមុខទៅលើ ការវិនិយោគនៅកម្ពុជា​ រួមទាំងគម្រោងដែលបាន​ចុះហត្ថលេខានៅពេលនេះរិឯវិស័យទេសចរណ៍ចិន​ក៍កំពុងនាំមុខផងដែរ ។

​     សូមបញ្ជាក់ថានៅក្រោយបញ្ចប់ជំនួបចរចារទ្វេភាគី    ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ បានអញ្ជើញធ្វើជា​សាក្សីក្នុងពិធី​ចុះហត្ថលេខាលើឯកសារនៃ កិច្ចព្រមព្រៀងចំនួន១៩រួមមានៈ

១.អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការលើកកម្ពស់បន្ថែមការអភិវឌ្ឍន៍មជ្ឈមណ្ឌល ផ្ទេរបច្ចេកវិទ្យាកម្ពុជា-ចិន ។

២. អនុស្សរណៈនៃការយោគយល់គ្នា សម្រាប់កិច្ចការប្រតិបត្តិការលើការលើកកម្ពស់គុណភាពផលិតផល។

៣. កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស។

៤ លិខិតប្ដូរសារស្ដីពីគម្រោងជួសជុល រាជវាំងនៅអង្គរ ។

៥. លិខិតប្ដូរសារស្ដីពីការផ្ដល់ជូន បរិក្ខារមួយកញ្ចប់។

៦.អនុស្សារណៈនៃការយោគយល់គ្នាស្ដីពីគម្រោងដំណើរនៃក្ដីស្រឡាញ់ពីបេះដូងនៅកម្ពុជា ។

៧. អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីការរៀបចំផែនការរួម លើការអភិវឌ្ឍកសិកម្មទំនើបនៅកម្ពុជា។

៨. អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអង្គការស្រាវជ្រាវដំណាំស្រូវ។

៩. កិច្ចព្រមព្រៀងស្ដីពីការអនុវត្តគម្រោងការបង្កើតមជ្ឈមណ្ឌល បង្កាត់និងអភិរក្សពូជឈើមានតម្លៃខ្ពស់នៅកម្ពុជា ។

១០. កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ខ្សែអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ដំណាក់​កាលទី ២ ។

១១. កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងពង្រីកនិងលើកកម្រិត ផ្លូវជាតិលេខ ៣ ចាប់ពីចោមចៅ ទៅផ្លូវបំបែកគូស ក្រុងកំពត) ។

១២. អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រត្តិការទៅវិញទៅមក ។

១៣. កិច្ចព្រមព្រៀងសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ភ្នំពេញ -ខេត្តព្រះសីហនុ។

១៤. កិច្ចព្រមព្រៀង ស្ដីពីវិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។

១៥. អនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីពាណិជ្ជកម្មអង្ករ។

១៦.កិច្ចសន្យាសម្រាប់គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី500 kv ជាឆ្អឹងខ្នងសម្រាប់បណ្ដាញជាតិ និងភ្ជាប់អនុតំបន់ ។

១៧. កិច្ចព្រមព្រៀងក្របខណ្ឌស្ដីពីកិច្ចសហប្រតិបត្តិការណ៍ហិរញ្ញប្បទាន សម្រាប់គម្រោងអាកាសយានដ្ឋានភ្នំពេញថ្មី ប្រទេសកម្ពុជា។

១៨. កិច្ចព្រមព្រៀងក្របខណ្ឌ ស្ដីពីគម្រោងបាញ់បង្ហោះផ្កាយរណប តេជោ ១ ។

១៩. កិច្ចព្រមព្រៀងស្ដីពីគម្រោងវិនិយោគ លើការសាងសង់និងប្រតិបត្តិការកំពង់ផែស្ទឹងហាវ។

ជាមួយគ្នានេះក៍មានពិធីប្រកាសគម្រោងព្យាបាលជំងឺបេះដូងដល់កុមារកម្ពុជាចំនួនមួយរយនាក់ និងការប្រកាស​ពី​គម្រោងជំនួយឥតសំណង សាងសង់មន្ទិរពេត្យមិត្តភាពកម្ពុជា-ចិនខេត្តត្បូងឃ្មុំផងដែរ៕អត្ថបទប្រាក់  សុវណ្ណតារា

Leave a Reply

Your email address will not be published. Required fields are marked *