ទំព័រដើម / សេដ្ឋកិច្ច / UNDP ផ្តល់អនុសាសន៍ឱ្យកម្ពុជាពន្លឿនការអនុវត្តការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន

UNDP ផ្តល់អនុសាសន៍ឱ្យកម្ពុជាពន្លឿនការអនុវត្តការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន

ភ្នំពេញ:    កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ​ហៅកាត់ថា UNDP បានផ្តល់​​អនុសាសន៍​​ឱ្យ​​កម្ពុជា​​​​ពន្លឿន​​ការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ដែលជួយគាំពារ​ចំពោះ​​​​​សំណាញ់សុវត្ថិភាពសង្គម។

          លោក នីក បេរិសហ្វត(Nick Beresford) នាយកប្រចាំប្រទេសកម្ពុជារបស់យូអិនឌីភី បាន​​​ជំរុញ​ឲ្យមានការបង្កើនការគាំពារដោយសំណាញ់សុវត្ថិភាពសង្គម តាមរយៈការវិយោគសាធារណៈ ដែល​​ផ្តល់សេវាបានប្រសើរឡើង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យកសិកម្ម ដើម្បីឆ្លើយតប​​ចំពោះ​​ការចំណាយក្នុងគ្រួសារ។

          ថ្លែងក្នុងពិធីដាក់ឱ្យប្រើប្រាស់របាយការណ៍ស្តីពីកម្មវិធីគាំពាំរសង្គម ដែលផ្អែកលើយន្តការ​កញ្ចប់​​ភាពទីទ័លក្រនៅប្រទេសកម្ពុជា ដែលធ្វើឡើងនៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ នាព្រឹកថ្ងៃទី១១ ខែ​មករា លោកបានបញ្ជាក់ថា ដើម្បីឆ្លើយតបគ្រោះធម្មជាតិ រាជរដ្ឋាភិបាល ត្រូវតែបង្កើនការពង្រីក​​ប្រព័ន្ធ​​ដឹក​ជញ្ជូន បង្កើនផលិតភាពផលិតកម្មដែលផ្តល់ ចំណូលខ្ពស់ ដែលអាចបញ្ចប់​​​បាននូវភាព​​​ទីទ័ល​​ក្ររបស់ប្រជាជន ។

          យ៉ាងណាក៏ដោយ លោក ស៊ុំ សោភណ្ឌ នាយករងបេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដែល​​​ មាន​​ប្រសាសន៍​​ថា រាជរដ្ឋាភិបាល​​បាននឹងកំពុងខិតខំរៀប​​​ចំកម្មវិធី​​នយោបាយ ដើម្បីឆ្លើយតប​​បំណង​​ប្រាថ្នា​​របស់​ប្រជាជន​កម្ពុជា តាមរយៈការ​រក្សា​នូវ​សន្តិភាព សន្តិសុខ ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច ពិសេស​ជួយ​បង្កើត​ឱកាស​ការងារ​កាន់តែច្រើន និង​ឱកាស​រក​ប្រាក់ចំណូល​កាន់តែ​សមរម្យ​ជូន​​​ប្រជាជន។

លោកស្រី ស្តេហ្វានី ឡេវី(Stephanie Levy) បណ្ឌិតផ្នែកសេដ្ឋកិច្ចមកពីសាលវិទ្យាល័យ ឡុង​​ដុង បានលើកឡើងថា សំណាញ់សុវត្ថិភាពដែលជួយកាត់បន្ថយភាពក្រីក្រ ត្រូវរួមបញ្ចូលទាំងការ​​បណ្តុះ​​​​បណ្តាលជំនាញវិជ្ជាជីវៈ ការជំរុញផលិតកម្មកសិកម្ម ព្រមទាំងការស្វែងរកប្រភពទុន និងទីផ្សារ​លក់​​កសិផលនៅតាមសហគមន៍ ជាដើម។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ចេញផ្សាយកាលពីខែសីហា ឆ្នាំ​២០១៧ បាន​បង្ហាញថា បន្ទាត់ក្រីក្ររបស់កម្ពុជានៅឆ្នាំ២០១៤ បានធ្លាក់មកនៅត្រឹមជាង១៣ភាគរយ ដែល​​ផ្ទុយ​​ពីកាលពីឆ្នាំ២០០៧ មានរហូតដល់ជិត៤៨ភាគរយ៕

អត្ថបទ៖ សឿន សោម

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *