ទំព័រដើម / ព័ត៌មានសំខាន់ៗ / ចិនដាក់ពាក្យបណ្តឹង បន្ទាប់ពីអូស្រ្តាលីរិះគន់ជំនួយរបស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិក

ចិនដាក់ពាក្យបណ្តឹង បន្ទាប់ពីអូស្រ្តាលីរិះគន់ជំនួយរបស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិក

ក្រុងប៉េកាំង៖ ក្រសួងការបរទេសចិន​បានលើកឡើងថា ​​ខ្លួន​បាន​ដាក់ពាក្យបណ្តឹងការទូត​ទៅកាន់ប្រទេស​អូស្ត្រាលី​ បន្ទាប់ពី​រដ្ឋ​មន្ត្រីអូស្ត្រាលីមួយរូប​​បានរិះគន់​ជំនួយរបស់ចិន​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក។​​

លោកស្រី​ ​ Concetta Fierravanti-Wells ​​រដ្ឋមន្ត្រី​អូស្ត្រាលីទទូលបន្ទុក​​ផ្នែកអភិ​វឌ្ឍន​អន្តរ​ជាតិនិង​តំបន់​ប៉ា​ស៊ី​ហ្វិក​បាន​​ប្រាប់កាសែតអូស្ត្រាលីមួយកាលពីម្សិលមិញ​ថា ​ប្រទេសចិន​កំពុង​កសាងហេដ្ឋា​រចនាសម្ព័ន្ធ​ក្នុង​គម្រោង​ឥតប្រយោជន៍​នៅ​តំបន់ប៉ាស៊ីហ្វិក។​

អំឡុង​សន្និសីទកាសែតនៅក្នុងទីក្រុងប៉េកាំងកាលពីម្សិលមិញដដែល​​ លោក ​ Lu Kang អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​​ចិនបានលើកឡើងថា ​ការលើកឡើងរបស់លោកស្រី​ ​ Fierravanti-Wells “ពោ​ពេញ​ទៅ​ដោយ​ការ​ព្រងើយ​កន្តើយ ​និងរើសអើង” ​ហើយថា ​​អត្ថប្រយោជន៍ក្នុងស្រុក​ដែលបានមកពី​គម្រោង​ជំនួយ​របស់ប្រទេសចិន​ គឺជារឿងមួយត្រឹមត្រូវ​ មិនដូចអ្វីដែលរដ្ឋមន្ត្រីអូស្ត្រាលីរូប​នេះរិះគន់ទេ។​

ប៉ុន្តែក្រោយមក​លោកស្រី Fierravanti-Wells ដែលក៏​ជាសមាជិកព្រឹទ្ធិសភាផងដែរនោះ បានលើកឡើងថា ​ការ​ជំពាក់បំណុល​ ​គឺជា​ការគំរាមកំហែងធំធេង​ដល់​ស្ថិរភាពសេដ្ឋកិច្ច​របស់ប្រទេសនៅក្នុងតំបន់ប៉ាស៊ីហ្វិក ហើយ​ថា ​អ្វីដែលលោកស្រីនិយាយ​ គឺគ្រាន់តែមិនចង់ឃើញ​ មានការស្ថាបនាផ្លូវ​ និងអាគារ​ដែល​មិនចំគោលដៅប៉ុណ្ណោះ។​​

លោកស្រីបានបន្តថា ​ប្រទេសអូស្រ្តាលី ​តែងតែសហការជាមួយប្រទេសចិនជានិច្ច​ ​និង​តែងតែលើកទឹកចិត្ត​ប្រទេស​ចិន​នៅក្នុងការប្រើប្រាស់​ជំនួយអភិវឌ្ឍរបស់ខ្លួន​ប្រកបដោយផលិតភាពនិងប្រសិទ្ធិភាព។

យោងតាមវិទ្យាស្ថាន Lowy ​​ដែលមានមូលដ្ឋាននៅក្នុងទីក្រុងស៊ីដនី ​និងដែលសិក្សាអំពីបញ្ហាសេដ្ឋកិច្ច ​និង​កិច្ចការនយោបាយអន្តរជាតិ ប្រទេសចិន​ ​បានផ្តល់ជំនួយ​ប្រហែល​២,៣ ពាន់លានដុល្លារ​ដល់​តំបន់ប៉ាស៊ីហ្វិក និងក្នុងរយៈពេលជាង​មួយទសវត្សរិ៍កន្លងមកនេះ​៕

Leave a Reply

Your email address will not be published. Required fields are marked *