ទំព័រដើម / ព័ត៌មានសំខាន់ៗ / ការតវ៉ាផ្ទុះឡើងទូទាំងប្រទេសប៉ាគីស្ថានទាមទារឲ្យរដ្ឋាភិបាលចាត់ការលើករណីរំលោភសម្លាប់ក្មេងស្រីអាយុ៧ឆ្នាំ

ការតវ៉ាផ្ទុះឡើងទូទាំងប្រទេសប៉ាគីស្ថានទាមទារឲ្យរដ្ឋាភិបាលចាត់ការលើករណីរំលោភសម្លាប់ក្មេងស្រីអាយុ៧ឆ្នាំ

ប៉ាគីស្ថាន៖ ការតវ៉ា​បានផ្ទុះឡើង​ទូទាំង​ប្រទេសប៉ាគីស្ថាន​ បន្ទាប់ពី​ក្មេងស្រីអាយុ​៧ឆ្នាំម្នាក់​ត្រូវ​គេរំលោភហើយសម្លាប់​នៅ​ក្នុងក្រុង​មួយភាគខាងត្បូងទីក្រុង Lahore ដោយសារម​ហា​ជនខឹងអាជ្ញា​ធរ​មិនស៊ើបអង្កេតលើករណីនេះ។​

នគរបាលប៉ាគីស្ថាន​បានរកឃើញសពរបស់ក្មេងស្រីរងគ្រោះឈ្មោះ ​ Zainab Ansari នៅ​​​កន្លែង​ចាក់​ស​ម្រាបមួយកន្លែង​កាលពីថ្ងៃអង្គារ​នៅក្នុងក្រុង​  Kasur នាភាគខាងកើត​ប្រទេស​ប៉ាគីស្ថាន​ បួនថ្ងៃបន្ទាប់ពី​នាង​ត្រូវបានរាយការណ៍ថា បានបាត់ខ្លួន​។ ​

នៅ​ក្នុងកាមេរ៉ាសុវត្ថិភាព​ គេឃើញបុរសម្នាក់ដឹកដៃនាង​ ខណៈនាងដើរនៅលើផ្លួវ​ក្បែរផ្ទះ។​​

ការតវ៉ាទូទាំងប្រទេស​ទាមទារ​ឲ្យអាជ្ញាធរប៉ាគីស្ថាន​​​បើកការស៊ើបអង្កេត​ឲ្យបាន​ហ្មត់​ចត់លើ​ករណីរំ​លោ​ភ​សម្លាប់នេះ​ ​បានបណ្តាល​ឲ្យជនស៊ីវិលពីរនាក់បាត់បង់ជីវិតកាលពីថ្ងៃពុធ​ ​ខណៈ​នគរបាល​បាញ់​គ្រាប់កាំភ្លើងពិត​លើអ្នកតវ៉ាដែលពោពេញទៅដោយកំហឹង។​ ការិយាល័យ​របស់សមាជិកសភាមួយរូប​មកពី​គណបក្ស​ PML-N កំពុង​កាន់អំណាច​រង​ការឆ្មក់ចូលកាលពីម្សិលមិញពីសំណាក់​អ្នកតវ៉ាដែល​នាំគ្នាដុតគ្រឿងសង្ហារឹម ​និងរថយន្ត។​

ការតវ៉ាផ្ទុះឡើងនៅគ្រប់ទីក្រុងទាំងអស់​រាប់ចាប់ពីក្រុង​ Faisalabad នៅភាគឥសាន​ រហូតដល់​ទីក្រុង​ Karachi ដែល​ស្ថិតនៅ​ភាគខាងត្បូងប្រទេសប៉ាគីស្ថាន។​ អ្នកតវ៉ានៅក្នុងទីក្រុង​ Lahore បាន​នាំគ្នាបិទផ្លូវ​ដ៏សំខាន់មួយ​ខ្សែដែលតភ្ជាប់ទីក្រុងទាំងពីរខាងលើ។​

មន្ត្រីនគរបាលម្នាក់​ដែលនិយាយ​ក្នុងលក្ខខ័ណ្ឌអនាមិក​​បានប្រាប់​ទី​ភ្នាក់​​ងា​រ​ព័​ត៌មានរ៉យទ័រថាសាច់ញ្ញាត​ពីរនាក់​របស់​​ក្មេងស្រី​ ​រងគ្រោះ​ Ansari ត្រូវ​បានសាកសួរ​ ហើយ​អ្នកស្រុក​ចំនួន​២៦នាក់​ទៀត​កំពុង​ឃុំឃាំង​ដើម្បីសាកសួរបន្ត។​

មន្ត្រីនគរបាលរូបនេះបាន​បន្តថា ​ឥឡូវនគរបាលកំពុង​រង់ចាំ​លទ្ធផល​កោសល្យវិច័យ​លើ​ភ័ស្តុ​តាងដែល​ប្រមូលបាន។​​

 

ករណីនេះ​ គឺជាករណី​លើកទី​១២​ហើយ​ពាក់ព័ន្ធនឹងក្មេងស្រី​ដែលត្រូវគេ​ចាប់ពង្រត់​ ​រំលោភ ​ហើយសម្លាប់ ​នៅ​ក្នុងរយៈពេល​មួយឆ្នាំកន្លងមកនេះ​នៅក្រុង​ ​ Kasur ហើយអាជ្ញាធរ​តែងតែរងកា​ររិះគន់ដោយសារមិន​បើកកា​រ​ស៊ើបអង្កេត​ឲ្យ​ហ្មតចត់៕​

Leave a Reply

Your email address will not be published. Required fields are marked *