ទំព័រដើម / កីឡា / ម្ចាស់ជើងឯក និងរងជើងឯកថ្នាក់ជាតិកីឡា E-Sport ចេញទៅប្រកួត MATIC 2018 នៅប្រទេសថៃ

ម្ចាស់ជើងឯក និងរងជើងឯកថ្នាក់ជាតិកីឡា E-Sport ចេញទៅប្រកួត MATIC 2018 នៅប្រទេសថៃ

ក្រុមកីឡាអេឡិចត្រូនិច E-Sport កម្ពុជា ចំនួន២ គឺ Never Care និង Infinity ដែលជាម្ចាស់ដំណែងជើងឯង និងរងជើងឯកថ្នាក់ជាតិ កាលពីពេលកន្លងទៅនោះបានចេញដំណើរហើយ កាលពីព្រឹកមិញ នៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិ MATIC 2018 (Mission Against Terror International Championship) នៅទីក្រុងបាងកក ​ប្រទេស​ថៃ ដែលត្រូវប្រកួត ថ្ងៃទី១៣ និងថ្ងៃទី១៤ មករា។

លោក លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជាបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ​មាន​ ​​១២ក្រុមចូលរួមមកពី៦ប្រទេស ​​គឺ​ម្ចាស់​ផ្ទះ​ថៃ​ ​៣​ក្រុម,​ កម្ពុជា​​ ​២​ក្រុម, ចិន ​២​ក្រុម,​ សិង្ហបុរី​ ​២​ក្រុម,​ ម៉ាឡេស៊ី​​​ ​២​ក្រុម​ និងឥណ្ឌូណេស៊ី​​ មាន​១​ក្រុម។ លោករំឭកថា ព្រឹត្តិការណ៍អន្តរជាតិ Matic នេះ គឺកម្ពុជាធ្លាប់បានចូលរួមចំនួន៣លើករួចមកហើយៗជាលទ្ធផល កាលពីឆ្នាំ២០១៥ កីឡាករកម្ពុជាបានឈ្នះជើងឯក ដោយដណ្តើមបានដោយក្រុម Secret, ឆ្នាំ២០១៦ កម្ពុជាឈ្នះជើងឯករង ដោយដណ្តើមបានដោយក្រុម Never care ហើយនៅឆ្នាំ២០១៧ ក្រុម Never care ដដែលនេះបានគ្រងម្ចាស់ជើងឯក។ ចំពោះនៅឆ្នាំ២០១៨នេះ ក្រុម Never care របស់កម្ពុជាត្រូវការពារតំណែងជើងឯករបស់ខ្លួន សម្រាប់ MATIC ២០១៨ នេះផងដែរ ដែលនឹងត្រូវប្រកួតលើវិញ្ញាសា AK2។

កីឡាករ សេន​ តូ ប្រធាន​ក្រុម​ Never Care បាន​ឲ្យ​ដឹង​ថា ​ក្រុម​របស់​ខ្លួន​​​​មាន​ក្តីសង្ឃឹមខ្ពស់​ ក្នុងការការពារម្ចាស់ជើងឯកនេះ បើទោះបីជាការប្រកួតនេះនឹងត្រូវជួបឧបសគ្គធំ ដូចជាក្រុមម្ចាស់ផ្ទះថៃ និង​ម៉ាឡេស៊ី ដែលជាក្រុមខ្លាំងៗក៏ដោយ ក៏ប្រធានក្រុមរូបនេះប្តេជ្ញាថានឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមបាននូវលទ្ធផលដ៏ល្អ មួយមកជូនជាតិមាតុភូមិរបស់ខ្លួន។

សូមបញ្ជាក់ថា សម្រាប់២ក្រុម Never Care និង Infinity ដែលជាក្រុមជើងឯក និងរងជើងឯក ក្នុងព្រឹត្តិ ការណ៍ប្រកួតជើងឯកថ្នាក់ជាតិរបស់កម្ពុជា កាលពីពេលថ្មីៗកន្លងទៅនោះ គឺជាខ្លាំងៗ ដែលសម្រិតសម្រាំងចេញពីការប្រកួតជម្រុះជាបន្តបន្ទាប់ អស់រយៈពេលជាច្រើនខែ ក្នងឆ្នាំ២០១៧ នៅក្នុងក្រខ័ណ្ឌទូទាំងប្រទេស។ ចំពោះ Never Care​ ដែលឈ្នះរងជើងឯក និងម្ចាស់ជើងឯកពីរឆ្នាំនោះ ក៏បានកសាងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់កម្ពុជា នៅលើឆាកអន្តរជាតិផងដែរ។

​សូមបញ្ជាក់ថា សម្រាប់​ប្រាក់​រង្វាន់​​ជ័យលាភី រួមមាន៖ ក្រុម​​​ជើង​ឯក​៖ ប្រាក់រង្វាន់ ​១៥០០០​ដុល្លារ​អាមេរិក,​ ក្រុម​ជើងឯករង ៧០០០​ដុល្លារ​អាមេរិក,​ ក្រុម​ចំណាត់​ថ្នាក់​លេខ​៣​ ៤០០០​ដុល្លារ​អាមេរិក​ ក្រុម​ចំណាត់​ថ្នាក់​លេខ​៤ ២៥០០​ដុល្លារ​អាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *