ទំព័រដើម / ព័ត៌មានសំខាន់ៗ / សហភាពអឺរ៉ុបបញ្ជាក់ការតាំងចិត្តជាថ្មីលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់

សហភាពអឺរ៉ុបបញ្ជាក់ការតាំងចិត្តជាថ្មីលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់

ក្រុងព្រុចសែល៖ មន្ត្រីទូតកំពូលៗ​មកពីសហភាពអឺរ៉ុប​ បានបញ្ជាក់ការតាំងចិត្តជាថ្មី​លើ​កិច្ចព្រមព្រៀង​នុយ​ក្លេអ៊ែរ​ជាមួយអ៊ីរ៉ង់​ ​ដោយផ្ញើសារធ្ងន់ៗដល់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន​ ​ខណៈសេតវិមាន​នឹងសម្រេចថា តើ​ត្រូវដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ឬយ៉ាងណានោះ​។​

​​ថ្លែង​​ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ​ ក្រោយកិច្ចប្រជុំជាមួយ​សមភាគីអ៊ីរ៉ង់គឺលោក ​ Mohammad Javad Zarif នៅក្នុង​ទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិកកាលពីម្សិលមិញ ​លោកស្រី ​ Federica Mogherini ​ប្រធាន​​គ្រប់គ្រង​ផ្នែក​គោលនយោបាយការបទេសសហភាពអឺរ៉ុប​ ​និងរដ្ឋមន្ត្រី​ការបរទេស​មកពីប្រទេសបារាំង ​អាល្លឺម៉ង់ ​និង​អង់គ្លេស ​សុទ្ធ​តែ​ផ្តល់យោបល់ថា ​សហរដ្ឋអាមេរិក​គួរតែ​គោរពតាម​កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់។​ ​​

លោកស្រី ​ Mogherini បា​នមានប្រសាសន៍ថា ​កិច្ចប្រជុំគឺផ្តោតសំខាន់លើ​ការងារកំពុងបន្ត ដើម្បីធានាថា ​​មាន​ការ​បន្តអនុវត្ត​​ឲ្យបានពេញលេញ​នូវ​ផែន​ការសកម្មភាព​ស៊ីជម្រៅរួម ហៅកាត់​ JCPOA ឬហៅថា ​កិច្ច​ព្រម​ព្រៀង​នុ​យ​ក្លេអ៊ែរ​ដែល​គ្រប់ភាគីបានឯកភាពជាមួយអ៊ីរ៉ង់ ។​

លោកស្រីបានបន្តថា ​សហភាពអឺរ៉ុប​នៅតែ​ប្តេជ្ញាគាំទ្រ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀងនេះ​ឲ្យបានពេញលេញប្រកបដោយ​ប្រសិទ្ធភាព​ ព្រោះវា​ផ្តល់​ផល​វិជ្ជមាន​ដល់​ពាណិជ្ជកម្ម​​និង​ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអ៊ីរ៉ង់​។ កិច្ចព្រមព្រៀងនេះ ​ជួយ​ឲ្យមានកិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​ ​និងមានការពិភាក្សាបន្តទៀត​ជាមួយ​អ៊ីរ៉ង់​ពាក់ព័ន្ធបញ្ហាទាំងអស់។​

រីឯ​ លោក Sigmar Gabriel រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់​ បានលើកឡើងថា ​សហភាព​អឺរ៉ុង​ចង់​​​ការពារកិច្ច​ព្រម​ព្រៀង​​នេះ​​ពីការសម្រេចណាមួយដែលធ្វើ​ឲ្យខូចប្រយោជន៍។​

 

​ចំណែកលោក ​ Boris Johnson រដ្ឋមន្ត្រីការបរទេសអង់គ្លេស ​បាន​បញ្ជាក់ថា ​កិច្ច​ព្រមព្រៀង​នេះមាន​សារៈ​សំខាន់​ណាស់ក្នុងការ​ទប់ស្កាត់កុំ​ឲ្យអ៊ីរ៉ង់​ទទួល​បាន​អាវុធនុយក្លេអ៊ែរ។​

ការពីថ្ងៃ​​​​ទី​១៣ ខែតុលា ​លោក ដូណាល់ ត្រាំ ប្រធានា​ធិបតី​សហរ​ដ្ឋអា​មេរិក​​បានប្រកាសថា ​លោកបានសម្រេច​មិន​ទទួលស្គាល់​ការអនុវត្តរបស់អ៊ីរ៉ង់​លើ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ​ដែល​ឈានដល់ការឯកភាព​កាលពីឆ្នាំ​២០១៥នេះ​ទេ។​

 

ចំណាត់ការរបស់លោកដូណាល់ ​ត្រាំ ​មិន​ដក​សហរដ្ឋ​អាមេរិក​ចេញពីកិច្ច​ព្រមព្រៀងនេះទេ ​ប៉ុន្តែបានទុកពេល​៦០ថ្ងៃ​ឲ្យ​​សភាអាមេរិកសម្រេចថា តើត្រូវ​ដាក់ទណ្ឌកម្មជាថ្មីលើអ៊ីរ៉ង់ឬយ៉ាងណា  ទោះបីជា​មើល​ទៅភាគីខាង​សហ​រដ្ឋអាមេរិកទំនងជា​​​រំលោភលើកិច្ចព្រមព្រៀងនេះក៏ដោយ ហើយ​បើសភាមិនចាត់វិធានការអ្វីទេ ​សំណើនេះ​ត្រូវ​បញ្ជូនត្រឡប់ទៅ​​ឲ្យ​លោក ដូណាល់ ត្រាំ វិញ ដែលគួរសម្រេចនៅថ្ងៃ​សុក្រនេះ​ថា តើលោកនឹង​បោះ​បង់ចោលការ​ដាក់ទណ្ឌកម្មនេះឬយ៉ាងណានោះ​៕

Leave a Reply

Your email address will not be published. Required fields are marked *