ទំព័រដើម / សន្តិសុខសង្គម / ចៅក្រមស៊ើបសួរឃុំខ្លួនមន្ត្រីប៉ូលីសដែលធាក់មន្ត្រីប៉ូលីសចរាចរណ៍ជាប់កិច្ចសន្យា

ចៅក្រមស៊ើបសួរឃុំខ្លួនមន្ត្រីប៉ូលីសដែលធាក់មន្ត្រីប៉ូលីសចរាចរណ៍ជាប់កិច្ចសន្យា

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ពេជ្រ វិជ្ជាធរនៅរសៀលថ្ងៃទី១១ខែមករាឆ្នាំ២០១៨បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យ ឈ្មោះ សៅ បញ្ញា អាយុ៣៣ឆ្នាំ បម្រើការងារនៅការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។

ដាក់ពន្ធនាគារបណ្តោះអាសន្នក្រោមការចោទប្រកាន់របស់លោក សៀង សុខ ព្រះរាជអាជ្ញារង ចំនួន២បទល្មើស ទី១.បទ ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងទី​២.​បទប្រើប្រាស់ដោយគ្មានសិទ្ធិនូវសញ្ញាសម្គាល់ ដែលកំណត់ ដោយអាជ្ញាធរសា​ធារណៈ តាមមាត្រា២១៨ និងមាត្រា៦១៤ នៃក្រមព្រហ្មទណ្ឌ។

កាលពីរសៀលថ្ងៃទី១០ខែមករាឆ្នាំ២០១៨ម្សិលមិញនេះ មន្ដ្រីនគរបាលដែលប្រើហឹង្សាលើកជើងធាក់មន្ត្រីនគរបាលចរាចរណ៍បណ្ដាលអោយដួលអុកគូទ ត្រូវបានកម្លាំងនគរបាលកម្រិតធ្ងន់រាជធានីភ្នំពេញ បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។

ពាក់ព័ន្ធនិងអំពើហឹង្សា មន្ដ្រីដែលនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ករណីប្រើអំពើហិង្សាពីសំណាក់នគរបាលពាក់ស័ក្តិ៤រូបនេះ បានកើតឡើង នៅស្ដុបត្រឡោកបែក ដោយនគរបាលរូបនេះ បានបើករថយន្ដម៉ាក Ford ពាក់ស្លាកលេខភ្នំពេញ ​2AC-9099 ដោយបើកខុសច្បាប់ចរាចរណ៍ ក៏ត្រូវបានក្រុមមន្ដ្រីជាប់កិច្ចសន្យានោះឃាត់​​ដើម្បីសួរនាំ។

ប៉ុន្ដែការអនុវត្តច្បាប់បែបនេះ ធ្វើឲ្យនគរបាលនោះខឹង រហូតចុះពីលើរថយន្ដទាញកអាវអូស ថែមទាំងធាក់ចំដើមទ្រូងមួយជើងផ្ងាទៅក្រោយ បើទោះបីជនរងគ្រោះ បានលត់ជង្គង់ និងលើកដៃគោរពក្នុងន័យបង្ហាញថា សុំទោសក៏ដោយនោះ។

មន្ដ្រីជាប់កិច្ចសន្យា ដែលរងការធាក់មួយជើងចំកណ្ដាលដើមទ្រូងបណ្ដាលអោយដួល​អុកគូទនោះ ឈ្មោះ អឿន ចំណាន ៕(អុីង វុឌ្ឍិន)

Leave a Reply

Your email address will not be published. Required fields are marked *