ទំព័រដើម / សន្តិសុខសង្គម / សមត្ថកិច្ចបញ្ជូនខ្លួនបុរស២នាក់ទៅតុលាការ ដើម្បីចាត់ការបន្ត ពាក់ព័ន្ធករណី លក់ដីខ្យល់

សមត្ថកិច្ចបញ្ជូនខ្លួនបុរស២នាក់ទៅតុលាការ ដើម្បីចាត់ការបន្ត ពាក់ព័ន្ធករណី លក់ដីខ្យល់

ភ្នំពេញ៖ ក្រោយពីបានឃាត់ខ្លួន នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ សមត្ថកិច្ចយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃចាប់ខ្លួន បានបញ្ជូនបុរស២នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ឆបោកប្រាក់ លក់ដីខ្យល់។

យោងតាមប្រភពពីសមត្ថកិច្ចការចាប់ខ្លួនបុរសទាំង ២នាក់ខាងលើនេះធ្វើឡើងតាមដីកា បង្គាប់ឱ្យនាំខ្លូន លេខ ១០០៦ “ឃ១” ដ.ច.ន ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ និង ដីកាបង្គាប់ឱ្យនាំខ្លួនលេខ ១០០៧ “ឃ១” ដ.ច.ន ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ របស់លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។

សមត្ថកិច្ចបង្ហើបឱ្យដឹងថា ជនត្រូវចោទទាំង២នាក់ ដែលត្រូវឃាត់ខ្លួន៖ទី១ឈ្មោះ ស៊ុន សៀន ភេទប្រុស អាយុ ៤៨ឆ្នាំ ទីលំនៅផ្ទះលេខ ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យនិងទី២ឈ្មោះ ហេង សាន ភេទប្រុស អាយុ ៤៥ ឆ្នាំ ទីលំនៅផ្ទះលេខ ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានបង្ហើបថា កាលពីអំឡុងឆ្នាំ២០១៣ បុរសទាំង២នាក់ខាងលើបាន ឆបោក ប្រាក់កក់របស់ដើមបណ្តឹងចំនួន ៥០,០០០ដុល្លារ យកទៅទិញដីចំនួន ៦០០០​ហិកតា នៅក្នុងខេត្តកំពត តែទីបំផុតត្រូវដើមបណ្តឹងទៅតុលាការ និងឱ្យសមត្ថកិច្ចចាប់ខ្លួនព្រោះតែគ្មានដីឱ្យម្ចាស់លុយគេ។

សមត្ថកិច្ចបញ្ជាក់ថាបច្ចុប្បន្នជនត្រូវចោទកំពុងស្ថិតក្រោមការសាកសួរ របស់លោក វ៉ាន់ សែនវិសុទ្ធ មុននឹងសម្រេចថា ឃុំខ្លួន ឬមិនឃុំខ្លួនជនត្រូវចោទទាំង២នាក់៕កែវឈីម

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *