ទំព័រដើម / ព័ត៌មានជាតិ / ក្រសួងកសិកម្មប្រកាសអោយមន្ដ្រីព្រំដែនតាមដានចំពោះសត្វល្អិតចង្រៃខ្មួតកាប្រាលើផលិតផល

ក្រសួងកសិកម្មប្រកាសអោយមន្ដ្រីព្រំដែនតាមដានចំពោះសត្វល្អិតចង្រៃខ្មួតកាប្រាលើផលិតផល

ភ្នំពេញ៖ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអំពាវនាវដល់សមត្ថកិច្ចតាមច្រកព្រំដែនទាំងអស់បង្កើនការត្រួតពិនិត្យចំពោះសត្វល្អិតចង្រៃខ្មួតកាប្រាដើម្បីទប់ស្កាត់កុំឲ្យឆ្លងរាលដាលមកប្រទេសកម្ពុជា។

ឯ.ឧ ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបាន ស្នើឲ្យសមត្ថកិច្ចតាមច្រកទ្វាផ្លូវព្រំដែនទាំងអស់ទាំងផ្លូវគោក ទឹកនិងអាកាសត្រូវត្រួតពិនិត្យឲ្យបាន ម៉ត់ចត់លើផលិត ផលទាំងអស់មុននឹងអនុញ្ញាតឲ្យទំនិញណាមួយចូលមកប្រទេសកម្ពុជាដើម្បីធ្វើយ៉ាងណាកុំឲ្យសត្វខ្មូតនេះចូលមកប្រទេសកម្ពុជាបាន។

ជាមួយគ្នានេះដែរឯ.ឧបានណែនាំដល់ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅតាមបណ្តាខេត្តដែលជាប់ព្រំដែនត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធត្រូវចុះអង្កេតតាមព្រំដែនជាប្រចាំបើឃើញមានសត្វចង្រៃនេះត្រូវរាយការណ៍ជាបន្ទាន់ដើម្បីមានវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា។

ឯ.ឧ ហ៊ានវណ្ណហនបានថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី១២មករានេះថាសត្វនេះអាចទុំនៅលើសំបកបាវចាស់ៗ ក្នុងឈើកំណល់ដែលប្រើប្រាស់ក្នុងកុងតឺន័រ លើរថយន្ដនិងមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ។

ឯ.ឧ មានប្រសាសន៍ថាសត្វល្អិតចង្រៃខ្មួតកាប្រានេះជាប្រភេទសត្វដែលពិភពលោកមានការភ័យខ្លាចជាទីបំផុតដោយសារតែវាអាចស៊ីបំផ្លាញផលិតផលរាប់រយមុខរួមទាំងផ្ទះស្លឹកផងហើយវាអាចរស់នៅដោយគ្មានចំណីលើសពី៩ ខែ និងអាចរស់បានរហូត៦ឆ្នាំព្រមទាំងធន់នឹងថ្នាំសំលាប់សត្វល្អិតផងដែរ។

សត្វល្អិត ចង្រៃខ្មួតកាប្រានេះពិបាកក្នុងការកំចាត់ខ្លាំងណាស់ដោយប្រើពេលយូររហូតដល់មួយសប្តាហ៍ទៅ១០ថ្ងៃទើបងាប់បើសត្វខ្មូតធម្មតាវិញប្រើពេលតែ៤ថ្ងៃប៉ុណ្ណោះ។

ឯ.ឧបានបន្ថែមថារហូតមកដល់ពេលនេះកម្ពុជានៅមិនទាន់មានសត្វចង្រៃនេះនៅឡើយទេប៉ុន្តែប្រសិនបើមានវិញនោះគ្រប់ផលិតផលកសិផលទាំងអស់របស់កម្ពុជាគឺមិនអាចនាំចេញទៅក្រៅប្រទេសបានឡើយសូម្បីតែមធ្យោបាយដឹកជញ្ជូនឆ្លងកាត់ប្រទេសគេក៏អាចមិនឲ្យឆ្លងកាត់បានផងដោយសារគេហាមមិនឲ្យនាំចូលព្រោះខ្លាចឆ្លងសត្វចង្រៃនេះដល់ប្រទេសគេដែរ។

គួរបញ្ជាក់ថាសត្វល្អិតចង្រៃខ្មួតកាប្រានេះមាននៅក្នុងប្រទេសឥណ្ឌា និងបណ្តាប្រទេសជាច្រើនទៀត នៅជុំវិញពិភពលោក។ចំណែកប្រទេសកម្ពុជាធ្លាប់ត្រូវបានគេនាំចូលសត្វចង្រៃនេះតាមកប៉ាល់នៅសតវត្ស៨០តែត្រូវបានទប់ស្កាត់បានទាន់ពេលវេលាដោយឲ្យកប៉ាល់នោះដឹកទំនិញចេញទៅវិញ ៕

អត្ថបទ យ៉ែម សុជាតា

Leave a Reply

Your email address will not be published. Required fields are marked *