ទំព័រដើម / ព័ត៌មានជាតិ / ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ តម្លៃ២ពាន់លានដុល្លារនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅដើម ឆ្នាំ២០១៨នេះ

ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ តម្លៃ២ពាន់លានដុល្លារនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅដើម ឆ្នាំ២០១៨នេះ

ភ្នំពេញ៖ ន្រ្ដីជាន់រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះ សីហនុ នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០១៨នេះ ដើម្បីសម្រួលដល់សេវាដឹកជញ្ជូនទំនិញ និងកាត់បន្ថយពេលវេលា។

            ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបាន មានប្រសាសន៍ថា គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ នឹងត្រូវសាងសង់ ដោយវិនិយោគិនចិន តាមរូបភាពវិនិយោគសាងសង់-ធ្វើអាជីវកម្ម- បន្ទាប់មកផ្ទេរមករដ្ឋាភិបាលគ្រប់គ្រង ដោយសង់ជាផ្លូវ៤គន្លង ដែលមាន ប្រវែងសរុប ១៩០គីឡូម៉ែត្រ ចេញពីភ្នំពេញ រហូតដល់ខេត្តព្រះសីហនុ។

ឯកឧត្តមបានបន្ដថា នេះគឺជាផ្លូវសង់ថ្មីទាំងស្រុង ដែលមានតួផ្លូវមានទទឹង ២៤ម៉ែត្រ ក្រាលកៅស៊ូ AC មានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស មានទីតាំងឈប់សម្រាក មានរបងបាំងសងខាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ សំណង់សេវាគាំទ្រជាច្រើនទៀត។

ឯកឧត្តមបានលើកឡើងទៀតថា ក្រោយសាងសង់រួច ផ្លូវល្បឿនលឿននេះនឹងជួយសម្រួល ដល់ការធ្វើដំណើរទៅមក រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ក្នុងរយៈពេលខ្លី កាត់បន្ថយហានិភ័យ គ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការកកស្ទះ និងសម្រួលដល់ការដឹកជញ្ជូនទំនិញ ធ្វើឱ្យសេដ្ឋកិច្ចជាតិ មានការរីកចម្រើនកាន់តែប្រសើរ។

ការលើកអំពីគម្រោងនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានចុះហត្ថលេខា លើ គម្រោងអភិវឌ្ឍន៍ហេដ្ឋារ​ចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ជាមួយសមភាគីចិន តំណាងដោយលោក Liu Qitao ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិនកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅវិមានសន្តិភាព ដែល ប្រើរយៈពេលសាងសង់៤៤ខែ ក្នុងគម្រោងចំណាយ រហូតដល់ជិត២.០០០លាន ដុល្លារ។

 ឯកឧត្ដម វ៉ា ស៊ឹម​សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ទូរទស្សន៍ រស្មីហង្សមាសកាលពីពេលកន្លងទៅនេះថា គម្រោងស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្ត ព្រះសីហនុនេះ តាមការសិក្សាបច្ចេកទេស អាចចេញដំណើរពីតំបន់ចោមចៅ ឬតំបន់ផ្លូវទំនប់កប់ស្រូវ ដោយ ស្របជាមួយផ្លូវជាលេខ៤ ហើយផ្នែកខ្លះគងពីលើផ្លូវជាតិលេខ៤ ឬតំបន់ទីប្រជុំជន មួយចំនួន។ ឯកឧត្ដមបានបន្ថែមថា ផ្លូវនេះនឹងធ្វើឡើងស្របតាមបច្ចេកទេសស្តង់ដារខ្ពស់ដោយមានរបងព័ទជុំវិញ ដែលពុំអនុញ្ញាតឱ្យមនុស្ស សត្វ និងមធ្យោបាយដឹកជញ្ជូនផ្សេងទៀតឆ្លងកាត់បានឡើយ ព្រោះវាជា ផ្លូវបង់លុយ៕

(​អត្ថបទ៖ ប៉ូ សុផានិត រូបភាព៖ អ៊ុក ប៊ុនរ៉ា+ឯកសារ ១២ ០១ ២០១៨

Leave a Reply

Your email address will not be published. Required fields are marked *