ទំព័រដើម / សន្តិសុខសង្គម / អាជ្ញាធរសម្រេចផ្អាកសំណង់មួយកន្លែងតាមបណ្តឹងប្រជាពលរដ្ឋ 

អាជ្ញាធរសម្រេចផ្អាកសំណង់មួយកន្លែងតាមបណ្តឹងប្រជាពលរដ្ឋ 

ខេត្ដកំពតៈ តាមបញ្ជារបស់ឯកឧត្តមអភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចបានតម្រូវឱ្យម្ចាស់សំណង់ផ្ទះល្វែងមួយកន្លែងស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ផ្អាកសកម្មភាពជាបណ្តោះអាសន្នដើម្បីពិភាក្សារកដំណោះស្រាយបន្ទាប់ពីមានចលនាតវ៉ាយ៉ាងផុលផុសនៅនឹងទីតាំងផ្ទាល់ស្តីពីការរំលោភបំពានផ្លូវសាធារណៈ។

លោកស្រី ម៉េង រ័ត្ន អាយុ ៣៩ឆ្នាំ រស់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពតបានរៀបរាប់ថា ប្រជាពលរដ្ឋប្រមាណ៥០គ្រួសារបាន និងកំពុងរស់នៅ ព្រមទាំងប្រើប្រាស់ផ្លូវមួយខ្សែក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយតាំងពីយូរយារមកហើយនោះបានកើតទុក្ខមិនសុខចិត្តចំពោះ ការសង់ផ្ទះបំពានលើដីសាធារណៈដែលធ្វើឱ្យច្រករួមតូច។ ថ្ងៃនេះប្រជាពលរដ្ឋចេញមកតវ៉ាដោយសុំឱ្យរុះរើហើយសាងសង់ស្មើទៅនឹងផ្ទះគេខាងក្រោយ គឺមិនអាចយកជញ្ជាំងផ្ទះធ្វើជាចិញ្ចើមផ្លូវបានទេ។

ពីមុនផ្លូវធំទូ លាយ ឥឡូវពិបាកក្នុងការចេញចូលណាស់ ដូច្នេះសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចផ្អាកសកម្មភាពជាបណ្តោះអាសន្នចាប់ពីពេលនេះតទៅ។ លោកស្រីតំណាងអ្នកតវ៉ាបានបន្តថា កន្លងទៅ ពោលគឺតាំងពីឆ្នាំ២០១៦មក ប្រជាពលរដ្ឋបានប្តឹងចូលគ្រប់លំដាប់ថ្នាក់អស់ហើយ។ តាមរយៈបណ្តឹងនោះឃើញថាម្តងផ្អាកម្តងធ្វើ ហើយថ្ងៃនេះជាលើកទីបួនដែលគេចាប់ផ្តើមធ្វើបន្តទើបប្រជាពលរដ្ឋនាំគ្នាមកតវ៉ានៅនឹងទីតាំងតែម្តង។

លោកស្រី សេង សាឡេង អាយុ ៥២ឆ្នាំ រស់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពតជាម្ចាស់សំណង់ដែលរងការចោទប្រកាន់បានបំភ្លឺថា ការសង់ផ្ទះនេះលោកស្រីមានច្បាប់ពីជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់។ លោកស្រីជាពលរដ្ឋដែលគោរពច្បាប់បំផុត។ ផ្លូវនេះកើតមានតាំងពីឆ្នាំ១៩៩២ ហើយការសាងសង់នេះគឺធ្វើតាមលំអានរបស់ផ្ទះអ្នកនៅខាងមុខ។ ដូច្នេះចង់ដឹងថាពួកគាត់ចេះច្បាប់ទម្លាប់ដែរឬទេពេលលោកស្រីចាប់ផ្តើមសាងសង់បែរជានាំគ្នាមកប្តឹងបែបនេះ។

ម្ចាស់សំណង់ដដែលបានបញ្ជាក់ថា កន្លងមកមិនមែនដោយសារសំណង់ល្មើស ឬមិនមានច្បាប់ទេ តែការផ្អាកសកម្មភាពមួយរយៈព្រោះប្អូនប្រុសរបស់លោកស្រីមានជំងឺដែលត្រូវបង្វែរទៅយកចិត្តទុកដាក់ក្នុងរឿងនោះវិញ។ ទោះបីជាអះអាង បែបនេះក្តី លោកស្រី សេង សាឡេង បានធ្លោយថា ពីមុននោះដោយសារបានសង់វេរ៉ង់ដាលយពីលើផ្លូវទើបអាជ្ញាធរណែនាំឱ្យវាយចោលវិញ ហើយលោកស្រីក៏បានអនុវត្តតាមន៍ដោយមិនមានជំទាស់អ្វីទេ។

ស្រាប់តែពេលនេះបែរជាពួកគាត់ដែលមិនមែនជាអាជ្ញាធរផងបាននាំគ្នាមករារាំងនៅពេលជាងកំពុងចាប់ផ្តើមធ្វើបន្ត។ ដូច្នេះបើមានការបង់ខាត លោកស្រីនឹងធ្វើពាក្យបណ្តឹងតបវិញហើយ។ លោក លាង រឿនសុធី អភិបាលក្រុងកំពតបានបញ្ជាក់ថា កន្លងមកប្រជាពលរដ្ឋបានប្តឹងចូលសាលា សង្កាត់ជាច្រើនលើកច្រើនសាហើយ។ កាលនោះអាជ្ញាធរមូលដ្ឋានបានសម្របសម្រួលដោយតម្រូវឱ្យវាយវេ រ៉ងដាចោលវិញ។

ប៉ុន្តែពួកគាត់បន្តតវ៉ាសូមឱ្យវាយចោលទាំងជើងក្រោមទើបយល់ព្រម។ ព្រោះតែបញ្ហានេះបណ្តឹងក៏ឡើងដល់អាជ្ញាធរក្រុង។ លោកអភិបាលក្រុងបានបន្តថា គ្រានោះក៏បើកកិច្ចពិភាក្សាដោយមានគ្រប់ សមាសភាពពាក់ព័ន្ធចូលរួម។ តាមមន្ត្រីជំនាញបានបំភ្លឺថានៅទីនេះមានគម្រោងផ្លូវដែលចុះហត្ថលេខាពីគ្រប់ ថ្នាក់ដឹកនាំទាំងអស់ដោយកំណត់ទទឹងប្រាំមួយម៉ែត្រ។ នៅពេលមានសំណង់កើតឡើង បងប្អូនប្រជាពលរដ្ឋ អះអាងថាផ្លូវរួមតូចដោយរថយន្តមិនអាចជៀសគ្នាបាន។

លោកលាង រឿនសុធី បានបញ្ជាក់ថា ដូច្នេះបើមាន បណ្តឹងកើតឡើងនោះអាជ្ញាធរចាំបាច់ត្រូវតែចុះមកផ្អាកជាបណ្តោះអាសន្នដើម្បីរិះរកវិធីសម្របសម្រួលគ្នា។ តាមពិតមកដល់ពេលនេះសំណង់មានច្បាប់គ្រប់គ្រាន់ហើយ ទោះបីសកម្មភាពបុកគ្រឹះកន្លងទៅបានធ្វើមុនការចេញអនុញ្ញាតក្តី ព្រោះជាទម្លាប់ម្ចាស់សំណង់ត្រូវការថ្ងៃហុងស៊ុយ។

ជាលទ្ធផលនៅវេលាម៉ោង៩ និង២០នាទីព្រឹកថ្ងៃដដែល សមត្ថកិច្ចបានតម្រូវឱ្យម្ចាស់សំណង់ចាប់ផ្តើម ផ្អាកសកម្មភាពក្រោមបញ្ជាពីឯកឧត្តមអភិបាលខេត្តកំពតដើម្បីបើកកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធទាំងអស់។ នេះ ជាការបញ្ជាក់របស់លោក ង៉ែត សាវឿន នាយករងរដ្ឋបាលខេត្តកំពត៕ដោយ សុខ ឌីណា

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *