ទំព័រដើម / ព័ត៌មានសំខាន់ៗ / កម្ពុជាប្រកាសបើកចំហរទីផ្សារសេរីតាមគោលនយោបាយអង្គការពាណិជ្ជកម្មពិភពលោក

កម្ពុជាប្រកាសបើកចំហរទីផ្សារសេរីតាមគោលនយោបាយអង្គការពាណិជ្ជកម្មពិភពលោក

ភ្នំពេញ៖យោងតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្មបានអោយដឹងថា៖ ទោះបីជាកម្ពុជាជាប្រទេសតូចក៏ដោយ កម្ពុជាគឺជាប្រទេសមួយដែលតែងប្រកាន់ខ្ជាប់យករបបទីផ្សារសេរី និងសេដ្ឋកិច្ចបើកចំហរ។ ប្រភពបានបន្ដថា៖ចាប់តាំងពីកិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មលើកទី១ កាលពីឆ្នាំ២០១១មក កម្ពុជាបានសម្រេចនូវសមិទ្ធផលជាសារវ័ន្ត ជាអាទិ៍សម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ៧%ក្នុងមួយឆ្នាំ ខណៈដែលកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗមានចំនួន១.៣០២ដុល្លារអាមេរិកក្នុងឆ្នាំ២០១៦ ធៀបនឹងឆ្នាំ២០១១ ដែលមានចំនួន ៩១១ ដុល្លារអាមេរិក។

តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយថាមវ័ន្តនេះ បានធ្វើអោយមានការរីកចម្រើនលើសុខុមាលភាពប្រជាជនកម្ពុជា និងបានកាត់បន្ថយភាពក្រីក្រពី ៥៣% ក្នុងឆ្នាំ២០០៤ មកត្រឹម១៣.៥% ក្នុងឆ្នាំ២០១៤ និងអត្រាអក្ខរកម្មកើនពី៧៩.៩% ក្នុងឆ្នាំ២០១១ ដល់ ៨០.៥% ក្នុងឆ្នាំ២០១៥។ យ៉ាងណាមិញ តាមរយៈរបាយការណ៍របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកដែលបញ្ជាក់ថាកម្ពុជាគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេទី៦នៅក្នុងពិភពលោក ក្នុងរង្វង់២០ឆ្នាំចុងក្រោយ។

គួររំលឹកផងដែរថា កម្ពុជាបានចូលជាសមាជិកពេញលេញអង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីឆ្នាំ២០០៤។ ក្នុងនាមជាសមាជិកអង្គការWTO កម្ពុជាមានកាតព្វកិច្ចដូចប្រទេសសមាជិកដទៃទៀតដែរ គឺត្រូវរាយការណ៍អំពីគោលនយោបាយពាណិជ្ជកម្ម និងការអភិវឌ្ឍ ជូនអង្គការ WTO ហើយដែលកម្ពុជាត្រូវរាយការណ៍ជូនអង្គការ WTO នៅរៀងរាល់៦ឆ្នាំម្តង។ កន្លងមក កម្ពុជាបានការពារដោយជោគជ័យនូវគោលនយោបាយពាណិជ្ជកម្ម និងផែនការអភិវឌ្ឍន៍កម្ពុជានៅឯកិច្ចប្រជុំការត្រួតពិនិត្យទ្បើងវិញនូវគោលនយោបាយពាណិជ្ជកម្មលើកទី១ នៅអង្គការWTO កាលពីថ្ងៃទី១ និងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១១។

សូមបញ្ជាក់ថា យន្តការនៃការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មនេះ គឺធ្វើទ្បើងក្នុងគោលបំណងធានានូវគោលការណ៍តម្លាភាព និងអនុលោមភាពនៃនយោបាយពាណិជ្ជកម្មរបស់ប្រទេសមួយ ជាមួយនឹងវិធាននានានៃអង្គការ WTO ព្រមទាំងផ្តល់ឱកាសដល់ប្រទេសសមាជិក តួយ៉ាងកម្ពុជា ពិនិត្យនូវវឌ្ឍនភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកំណែទម្រង់លើ វិស័យនានាពាក់ព័ន្ធនឹងរបបពាណិជ្ជកម្ម ក្នុងទិសដៅធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ច វិនិយោគ និងធានានូវការប្រកួតប្រជែងរបស់កម្ពុជាទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកល។ ជាគោលការណ៍ ប្រទេសអភិវឌ្ឍន៍តិចតួច ត្រូវធ្វើការត្រួតពិនិត្យគោលនយោបាយខ្លួនជារៀងរាល់៥ឆ្នាំម្តង រីឯប្រទេសអភិវឌ្ឍន៍ដទៃទៀតត្រូវធ្វើក្នុងរយៈពេល៣ឆ្នាំម្តង។

ជាចុងក្រោយមុននឹងបិទបញ្ចប់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្តេចតេជោនាយករដ្ឋមន្ត្រីប្រធានអង្គប្រជុំ រួមទាំងសមាជិកសមាជិកាអង្គប្រជុំ បានគាំទ្រលើលទ្ធផលដែលបានរាយការណ៍ជូនដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងបានស្នើឲ្យក្រសួងពាណិជ្ជកម្ម រួមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធបន្តខិតខំអនុវត្តនូវកាតព្វកិច្ចរបស់កម្ពុជាក្នុងនាមជាសមាជិកអង្គការ WTO និងពិនិត្យដោះស្រាយបញ្ហាដែលនៅសេសសល់ក្រោយពីលទ្ធផលនៃកិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មលើកទី២នេះ។

(អត្ថបទ៖ នាយកដ្ឋានផ្តល់ព័ត៌មាន និងផ្ទៀងផ្ទាត់ច្បាប់)

Leave a Reply

Your email address will not be published. Required fields are marked *