ទំព័រដើម / ព័ត៌មានសំខាន់ៗ / អាហារសំខាន់ៗ 6យ៉ាង សម្រាប់ទ្រទ្រង់ជីវិតមនុស្សឲ្យមានសុខភាពល្អ

អាហារសំខាន់ៗ 6យ៉ាង សម្រាប់ទ្រទ្រង់ជីវិតមនុស្សឲ្យមានសុខភាពល្អ

អាហារសំខាន់ៗ 6យ៉ាង សម្រាប់ទ្រទ្រង់ជីវិតមនុស្សឲ្យមានសុខភាពល្អ

1. កាបូអ៊ីដ្រាត

កាបូអ៊ីដ្រាតផ្ដល់ថាមពលជាកាឡូរីភាគច្រើន (55-60%) នៃថាមពលដែលរាងកាយយើងត្រូវការ។

កាបូអ៊ីដ្រាតអាចត្រូវបានបែងចែកជាពីរប្រភេទ: សាមញ្ញនិងស្មុគស្មាញ។ កាបូអ៊ីដ្រាតសាមញ្ញគឺជាជាតិស្ករ រីឯកាបូអ៊ីដ្រាតស្មុគស្មាញមានជាតិម្សៅនិងជាតិសរសៃ។ ជាតិស្ករ ផ្តល់បរិមាណកាឡូរីប្រហែល 4គីឡូកាឡូរីក្នុងមួយក្រាម ដែលជាថាមពលសម្រាប់សាច់ដុំនិងខួរក្បាល។

ជាតិសរសៃរលាយដែលមាននៅក្នុង ផ្លែឈើ គ្រាប់ធញ្ញជាតិ សំបកអង្ករ ស្រូវសាលី និងកន្ទក់ ជួយបញ្ចុះកម្រិតជាតិខ្លាញ់ក្នុងឈាមនិងជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងផ្ដល់ថាមពលក្នុងកម្រិតតិចតួច។

ជាតិសរសៃមិនរលាយ ដែលមានក្នុងស្រូវសាលី ពោត គ្រាប់ធញ្ញជាតិ និងបន្លែផ្លែឈើ មិនមានផ្តល់កាឡូរីទេ។ វាជួយកាត់បន្ថយជំងឺរំលាយអាហារដូចជាការទល់លាមក និងអាចជួយការពារជំងឺមហារីកពោះវៀនធំ។

2. ប្រូតេអ៊ីន

ប្រូតេអ៊ីនដែលបានមកពីអាហារត្រូវបានបំបែកទៅជាអាស៊ីតអាមីណេដោយប្រព័ន្ធរំលាយអាហារ។ អាស៊ីតអាមីណេទាំងនេះត្រូវបានប្រើសម្រាប់ការកសាងនិងជួសជុលសាច់ដុំ កោសិកាឈាមក្រហម សក់ ជាលិកាដទៃទៀត និងសម្រាប់ផលិតអ័រម៉ូន។ ការទទួលទានជាតិប្រូតេអ៊ីនគ្រប់គ្រាន់ក៏មានសារៈសំខាន់ផងដែរសម្រាប់ទ្រទ្រង់ប្រព័ន្ធការពាររាងកាយ។

ជាតិប្រូតេអ៊ីនក៏អាចផ្ដល់ថាមពលកាឡូរី 4គីឡូកាឡូរី ក្នុងមួយក្រាមដែរ ប៉ុន្តែវានឹងត្រូវបានប្រើសម្រាប់ផ្ដល់់ថាមពលតែក្នុងករណីដែលមិនមានជាតិកាបូអ៊ីដ្រាតគ្រប់គ្រាន់ដោយសារតែហួសពេលបាយ ឬក្នុងអំឡុងពេលហាត់ប្រាណដ៏ខ្លាំង។

ប្រភពចម្បងៗ នៃប្រូតេអ៊ីនគឺផលិតផលសត្វដូចជាសាច់ជ្រូក សាច់គោ សាច់ត្រី សាច់បក្សីីជាដើម។ ទឹកដោះគោ ឈីស ស៊ុត និងបន្លែខ្លះដូចជាដំឡូង សណ្តែក និងគ្រាប់ធញ្ញជាតិក៏មានជាតិប្រូតេអ៊ីនដែរ។

3. ខ្លាញ់

ជាតិខ្លាញ់នៅក្នុងអាហាររួមមានល្បាយនៃជាតិខ្លាញ់ឆ្អែត និងជាតិខ្លាញ់មិនឆ្អែត។ អាហារដែលមានមូលដ្ឋានលើសត្វដូចជាសាច់និងផលិតផលទឹកដោះគោមានផ្ទុកជាតិខ្លាញ់ឆ្អែតច្រើន។ រីឯប្រេងបន្លែភាគច្រើនមានជាតិខ្លាញ់មិនឆ្អែតច្រើន។

ជាតិខ្លាញ់ផ្តល់ថាមពល9គីឡូកាឡូរី ក្នុងមួយក្រាម។ ជាតិខ្លាញ់ថែរក្សាស្បែក សក់ និងផ្ដល់ជាទ្រនាប់ការពារសរីរាង្គសំខាន់ៗ ព្រមទាំងធ្វើជាអ៊ីសូឡង់រក្សានិងការពារកំដៅ។ វាក៏មានមុខងារចាំបាច់ក្នុងការផលិតនិងការស្រូបយកវីតាមីននិងអរម៉ូនមួយចំនួនផងដែរ។

បើតាមគោលការណ៍ណែនាំអាហារូបត្ថម្ភ គេមិនត្រូវទទួលថាមពលដែលបានមកពីជាតិខ្លាញ់ លើសពី30% នៃថាមពលដែលគេត្រូវការសារុបឡើយ។ គេក៏មិនត្រូវទទួលថាមពលដែលបានមកពីជាតិខ្លាញ់ឆ្អែតលើសពី10% នៃថាមពលដែលគេត្រូវការសារុបដែរ។

4. វីតាមីន

វីតាមីនជួយសំរួលប្រតិកម្មគីមីនៅក្នុងខ្លួន។ មានវីតាមីនចំនួន 13 រួមមាន Vitamins A, B complex, C, D, E, and K។ ដោយសារតែវីតាមីនភាគច្រើនមិនអាចផលិតនៅក្នុងខ្លួនយើងនោះ យើងត្រូវតែទទួលវាតាមរយៈរបបអាហារ។

មនុស្សជាច្រើននិយាយថាពួកគេមានអារម្មណ៍ថាមានថាមពលច្រើនបន្ទាប់ពីទទួលទានវីតាមីន ប៉ុន្តែវីតាមីនមិនមែនជាប្រភពនៃថាមពលនោះទេ។

វីតាមីនត្រូវបានគេប្រើប្រាស់បានល្អបំផុតតាមរយៈរបបអាហារចម្រុះ ជាជាងអាហារបំប៉ន ព្រោះថា បើទទួលបានតាមរយៈរបបអាហារចម្រុះ វាមានឱកាសតិចតួចប៉ុណ្ណោះ ដែលនាំឲ្យទទួលវាលើសកម្រិត។ មិនដូចការទទួលបានតាមអាហារបំប៉នឡើយ។

5. ធាតុរ៉ែ

ធាតុរ៉ែគឺជាធាតុផ្សំនៃអាហារដែលពាក់ព័ន្ធនឹងមុខងារជាច្រើនរបស់រាងកាយ។ ឧទាហរណ៍កាល់ស្យូមនិងម៉ាញ៉េស្យូមមានសារសំខាន់សម្រាប់ទ្រទ្រង់រចនាសម្ព័ន្ធឆ្អឹង ហើយជាតិដែកត្រូវការសម្រាប់បង្កើតកោសិកាឈាមក្រហមដែលមានមុខងារដឹកអុកស៊ីសែន។

ដូចវីតាមីនដែរ សារធាតុរ៉ែមិនមែនជាប្រភពនៃថាមពលឡើយ ហើយត្រូវបានគេទទួលបានល្អបំផុតតាមរយៈរបបអាហារចម្រុះ ជាជាងតាមរយ:អាហារបំប៉ន។

6. ទឹក

ទឹកគឺជាសារធាតុចិញ្ចឹមសំខាន់ណាស់សម្រាប់សុខភាពល្អ។ ភាគច្រើននៃទម្ងន់រាងកាយរបស់យើង (60-70%) ត្រូវបានបង្កើតឡើងដោយទឹក។ ទឹកជួយគ្រប់គ្រងសីតុណ្ហភាពរាងកាយរបស់យើងនិងដឹកជញ្ជូនសារធាតុចិញ្ចឹមទៅឲ្យកោសិកា ព្រមទាំងដឹកជញ្ជូន កាកសំណល់ពីកោសិការបស់យើងទៅចាក់ចោល។ ទឹកមានមុខងារចាំបាច់សម្រាប់កោសិការបស់យើងដំណើរការបាន។

មនុស្សពេញវ័យត្រូវទទួលទានទឹក 8 កែវក្នុងមួយថ្ងៃៗ ឬច្រើនជាងនៅក្នុងអាកាសធាតុក្តៅ ឬក្នុងអំឡុងពេលធ្វើលំហាត់ប្រាណ។ គេក៏អាចទទួលទានសារធាតុរាវផ្សេងទៀតដែលមានទឹកដែរ ដូចជា ទឹកដោះគោ ទឹកស៊ុប និងអាហារដូចជាផ្លែឈើនិងបន្លែជាដើមដែលមានទឹក។ប៉ុន្តែភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនដូចជា តែ កាហ្វេ កូកា មិនត្រូវបានគេរាប់បញ្ចូលថាជាសារធាតុផ្ដល់ជាតិទឹកឡើយ ព្រោះជាតិកាហ្វេអ៊ីនគឺជាសារធាតុបញ្ចុះទឹកនោមដែលធ្វើឱ្យយើងបាត់បង់ទឹកទៅវិញទេ។

លក្ខណ:សម្បត្តិដ៏អស្ចារ្យមួយទៀតនៃទឹកសុទ្ធ ប្រៀបធៀបទៅនឹងវត្ថុរាវផ្សេងទៀតគឺថា ទឹកសុទ្ធបន្ថែមជាតិទឹកដល់ រាងកាយរបស់យើងដោយគ្មានបន្ថែមកាឡូរី៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *