ទំព័រដើម / ព័ត៌មានជាតិ / មន្ដ្រីសុខាភិបាលខេត្តសៀមរាបអំពាវនាវដល់អាជីវករបញ្ឈប់ជាបន្ទាន់នូវរាល់ការលក់ឡេលាយគ្មានរូបមន្ត

មន្ដ្រីសុខាភិបាលខេត្តសៀមរាបអំពាវនាវដល់អាជីវករបញ្ឈប់ជាបន្ទាន់នូវរាល់ការលក់ឡេលាយគ្មានរូបមន្ត

សៀមរាប៖មន្ត្រីសុខាភិបាលខេត្តសៀមរាបអំពាវនាវដល់អាជីវករបញ្ឈប់ជាបន្ទាន់នូវរាល់ការលក់ឡេលាយគ្មានរូបមន្ត និងគ្មានប្រភពច្បាស់លាស់ ព្រោះវាធ្វើឲ្យប៉ះពាល់យ៉ាងខ្លំាងដល់សុខភាពមនុស្ស ។

លោក ស្រី លី វណ្ណៈ ប្រធានការិយាល័យឱសថនៃមន្ទីរសុខាភិបាលខេត្តសៀមរាបនៅព្រឹកថ្ងៃពុធ១កើត ខែបុស្ស ឆ្នំារការ នព្វស័ក ព.ស២៥៦១ត្រូវថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ បានចុះទៅផ្សព្វផ្សាយដល់អាជីវករលក់គ្រឿងសំអាងនៅផ្សារចាស់ ផ្សារសាមគ្គី និងផ្សារលើធំថ្មី នូវសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តសៀមរាបស្តីពីការបញ្ឈប់ជាបន្ទាន់នូវរាល់ការលក់ឡេលាប គ្មានរូបមន្ត និងគ្មានប្រភពច្បាស់លាស់ ។

លោក ស្រី លី វណ្ណៈ បានបញ្ជាក់ថា តាមការស្រាវជ្រាវរបស់ក្រុមការងារត្រួតពិនិត្យឱសថចំណីអាហារ និងគ្រឿងសំអាងរបស់មន្ទីរសុខាភិបាល និងសេចក្តីរាយការណ៍របស់អាជ្ញាធរដែនដីជាពិសេសប្រជាពលរដ្ឋក្នុងខេត្តសៀមរាបនាពេលកន្លងមកថា នៅតាមផ្សារនានាក្នុងខេត្តមានលក់ និងចែកចាយប្រភេទឡេលាប ដោយគ្មានប្រភព និងរូបមន្តច្បាស់លាស់ និងគ្មានការអនុញ្ញាតិពីក្រសួងសុខាភិបាល ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពស្បែក ដូចជាប្រតិកម្មស្បែក និងក្នុងករណីធ្ងន់ធ្ងរអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិតនោះ។ មន្ទីរសុខាភិបាលខេត្តសៀមរាបក៍មានវិធានការ និងស្នើដល់គ្រប់អាជីវករផលិត និងលក់ឡេលាយតាមផ្សារនានាក្នុងខេត្ត និងអ្នកលក់តាមអនឡាញ សូមបញ្ឈប់ជាបន្ទាន់ នូវការដាក់តាំងលក់និងផ្សព្វផ្សាយ លក់ឡេលាយដែលគ្មានប្រភព និងរូបមន្តច្បាស់លាស់ និងគ្មានការអនុញ្ញាតិពីក្រសួងសុខាភិបាលចាប់ពីថ្ងៃនេះតទៅ។

លោកស្រីបានបញ្ជាក់ទៀតថា បន្ទាប់ពីមន្រ្តីជំនាញចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះហើយនោះ មន្ទីរសុខាភិបាលខេត្តសៀមរាប នឹងសហការជាមួយសមត្ថកិច្ច ចាត់វិធានការរដ្ឋបាលយ៉ាងតឹងរឹងតាមផ្លូវច្បាប់ចំពោះអាជីវករណានៅតែបន្តលក់ឡេលាយលាបស្បែក តាមច្បាប់ស្តីពីការគ្រប់គ្រងឱសថនិងគ្រឿងសំអាង ដើម្បីចៀសវាងឱ្យបាននៃផលប៉ះពាល់របស់ឡេលាយដល់សុខភាពប្រជាជនក្នុងខេត្ត។ លោកស្រីបានអំពាវនាវដល់អាជីវករដែលលក់ឡេលាយលាបស្បែកដែលគ្មានការអនុញ្ញាតិពីក្រសួងសុខាភិបាល គ្មានរូបមន្តនិងគ្មានប្រភពច្បាស់លាស់ទាំងអស់ បញ្ឈប់ជាបន្ទាន់ ចៀសវាងមានបញ្ហាប្រឈមទៅនឹងផ្លូវច្បាប់៕ ឃុត សៅ

Leave a Reply

Your email address will not be published. Required fields are marked *