ទំព័រដើម / សន្តិសុខសង្គម / អ្នកកាសែតសង្ស័យថាដឹកឈើក្រញូងខុសច្បាប់ទៅវៀតណាមត្រូវឃាតខ្លួន​

អ្នកកាសែតសង្ស័យថាដឹកឈើក្រញូងខុសច្បាប់ទៅវៀតណាមត្រូវឃាតខ្លួន​

ភ្នំពេញ៖​យោងតាមសេចក្តីរាយការណ៍បញ្ជាក់ថាលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ​បានថ្លែងប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ​២០១៨​នេះ កម្លាំងនគរបាលស្នងការដ្ឋាន និងនគរបាលស្រុកមេមត់ បានបង្ក្រាបការដឹកជញ្ជូនឈើគ្រញូងមួយគ្រឿង ខណៈកំពុងធ្វើដំណើរយកទៅលក់នៅវៀតណាម តាមច្រកព្រំដែនក្នុងខេត្តត្បូងឃ្មុំ។

បើតាមលោកស្នងការ ជនសង្ស័យពាក់ព័ន្ធបទល្មើសព្រៃឈើខាងលើនេះ ជាមន្រ្តីយោធា និងជាអ្នកយកព័ត៌មាន ដោយមានឈ្មោះ២ផ្សេងគ្នា ពោលនៅខាងយោធាមានឈ្មោះ ហាក់ ប៉ូលីស ពាក់ស័ក្តិ២ និងខាងវិស័យព័ត៌មានវិញមានឈ្មោះ សួស ណៃ អ្នកយកព័ត៌មានឲ្យកាសែត «សេរីភាពខ្មែរ»។

ក្រោយការសួរនាំជនសង្ស័យបានសារភាព ប្រាប់សមត្ថកិច្ចថា កន្លងទៅរូបគេបាន​ដឹកជញ្ជូនឈើគ្រញូង ចេញពីខេត្តព្រះវិហារ នាំទៅវៀតណាមតាមច្រកក្នុងខេត្តតាកែវ និងខេត្តកំពត ជាច្រើនលើក តែនៅពេលនេះ ចង់សាកនាំចេញតាមខេត្តត្បូងឃ្មុំតែម្តង ប៉ុន្តែក៏ត្រូវបានកម្លាំងនគរបាលបង្ក្រាបបានតែម្តង។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់បន្ថែមថា សម្រាប់ប្រតិបត្តិការខាងលើនេះ កម្លាំងរបស់លោកបានដកហូតរថយន្តម៉ាក Camry បាឡែនមួយគ្រឿង ជាមួយ​ឈើ​គ្រញូងពេញម៉ាគូទរថយន្ត។សម្រាប់ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តែសម្រាប់វត្ថុតាងត្រូវបានប្រគល់ជូនរដ្ឋបាលព្រៃឈើចាត់ការតាមនីតិវិធី។(ប៊ុនឡេង)

Leave a Reply

Your email address will not be published. Required fields are marked *