ទំព័រដើម / ព័ត៌មានជាតិ / កូរ៉េវិនិយោគនៅកម្ពុជាមានទឹកប្រាក់ប្រហែល៤៧០០លានដុល្លារគិតត្រឹមឆ្នាំ២០១៧

កូរ៉េវិនិយោគនៅកម្ពុជាមានទឹកប្រាក់ប្រហែល៤៧០០លានដុល្លារគិតត្រឹមឆ្នាំ២០១៧

ភ្នំពេញ៖យោងសេចក្ដីប្រកាសរបស់ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាបានអោយដឹងកាលពីម្សិលមិញថា៖​”គិតមកត្រឹមឆ្នាំ២០១៧ កម្ពុជា​បាន​ស្វាគមន៍​គម្រោង​វិនិយោគ​របស់សាធារណរដ្ឋ​កូរ៉េចំនួន ២០៨គម្រោង ក្នុង​ទុនវិនិយោគ​​​សរុបប្រមាណ ៤,៧​ប៊ីន​លាន​ដុល្លារអាមេរិក”។

ប្រភពបានបន្ដថា៖”ជាការ​កត់​សម្គាល់​ គម្រោងវិនិយោគរបស់សាធារណរដ្ឋ​កូរ៉េ មានការកើនឡើងជាលំដាប់ ជាពិសេសនៅឆ្នាំ២០១៧ អ្នក​វិនិយោគ​សាធារណរដ្ឋ​កូរ៉េបានបោះ​ទុន វិនិយោគ​​​ដល់ទៅ ២០២​លានដុល្លារអាមេរិក ច្រើន​ជាងពេលណាៗ​ទាំង​អស់​ ក្នុងរយៈពេល​ប្រាំឆ្នាំចុងក្រោយនេះ និងឈរនៅលំដាប់ទី៥ក្នុងចំណោមទុនវិនិយោគ​បរទេសមកកម្ពុជា ដែលទំហំវិនិយោគនេះ​បានបង្ហាញអំពី​ភាពកាន់តែ​ជឿជាក់ទៅលើ​បរិយាកាសវិនិយោគ​នៅ​កម្ពុជា​ពីសំណាក់​អ្នកវិនិយោគ​សាធារណរដ្ឋ​កូរ៉េ”។

ការប្រកាសពីទំនាក់ទំងវិនិយោគរបស់កូរ៉េនេះបានធ្វើឡើងនារសៀល​ថ្ងៃព្រហស្បតិ៍ ៨រោច ខែ​មាឃ ឆ្នាំរកា នព្វស័ក ព.ស​២៥៦១ ត្រូវនឹង​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ទីស្ដីការក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ក្រោយជំនួបរវាងឯកឧត្ដម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជាមួួយនឹងឯកឧត្ដម Yun Kang-hyeon អនុរដ្ឋមន្ត្រីក្រសួងការបរទេសសាធារណរដ្ឋកូរ៉េទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច ដែលបា​នដឹកនាំ​កិច្ច​ប្រជុំ​លើកទី​២នៃ​គណៈកម្មាធិការ​សេដ្ឋកិច្ច​ចម្រុះកម្ពុជា-កូរ៉េ ដោយមាន​ការ​ចូល​រួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ និង​តំណាង​ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់ភាគីកម្ពុជា និង​​ភាគីសាធារណរដ្ឋ​កូរ៉េ។

នេះគឺជាលើកទី២ ដែលគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានជួបប្រជុំ ដោយកិច្ចប្រជុំលើកទី១ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសកិច្ចប្រជុំលើកទី២នេះ ការពិភាក្សាបានផ្តោតលើការពិនិត្យរួមគ្នាលើវឌ្ឍនភាពនៃការអនុវត្តការងារដែលភាគីទាំងពីរបានឯកភាពគ្នានាកិច្ចប្រជុំលើកទី១កន្លងមក និងពិភាក្សាបន្ថែមលើប្រធានបទ សំខាន់ៗ រួមមាន៖ ១)​ ទំនាក់ទំនងទ្វេភាគីកម្ពុជា-កូរ៉េ, ២)កិច្ច​សហប្រតិបត្តិការ​​សេដ្ឋកិច្ច​កម្ពុជា-កូរ៉េ ក្នុង​ក្របខ័ណ្ឌនៃ​គោលនយោបាយ​ភាគខាងត្បូង​ថ្មី (New Southern Policy) ដែលត្រូវបាន​ប្រកាស​ដោយឯកឧត្តម​ប្រធានាធិបតី ម៉ូន ចេអ៊ីន (Moon Jae-in)កាល​ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុង​គោលបំណង​លើកកម្ពស់​ទំនាក់​ទំនងរវាង​អាស៊ាន និង​សាធារណរដ្ឋ​កូរ៉េ ឱ្យកាន់​តែមានភាព​ជិតស្និទ​បន្ថែម​ទៀត, ៣) ពាណិជ្ជកម្ម និង​ វិនិយោគ, ៤) កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍, ៥) កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពហុភាគី ក្នុង​ក្របខ័ណ្ឌ​អាស៊ាន-សាធារណរដ្ឋ​កូរ៉េ/អាស៊ានបូក៣/កិច្ច​ប្រជុំកំពូល​អាស៊ីបូព៌ា, ៦) កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ, ៧) កិច្ចសហប្រតិបត្តិការស្តីពី e-government និង​ ៨) កិច្ចព្រមព្រៀងស្ដីពី​ការចៀសវាង​ការយក​ពន្ធ​ត្រួតគ្នា​។

ឯកឧត្ដម សុខ ចិន្តា​សោភា បានថ្លែងអំណរគុណដល់ភាគីសាធារណរដ្ឋ​កូរ៉េដែលជានិច្ចកាលបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ និងជំនួយបច្ចេកទេសផ្សេងៗដល់កម្ពុជា និងជាពិសេសដល់អ្នកវិនិយោគសាធារណរដ្ឋ​កូរ៉េ​ ដែលតែងតែផ្តល់​ទំនុកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះផងដែរ ឯកឧត្តម សុខ ចិន្តាសោភា បានសម្តែងនូវការស្វាគមន៍ និងគាំទ្រចំពោះការដាក់ចេញនូវគោលនយោបាយភាគខាងត្បូងថ្មីរបស់សាធារណរដ្ឋ​កូរ៉េ ហើយឯកឧត្តមក៏បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា គោលនយោបាយថ្មីនេះនឹងក្លាយជាចលករ យ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចក្នុងតំបន់ និងទ្វេភាគី ជាពិសេសការជំរុញ និងទាក់ទាញអ្នកវិនិយោគសាធារណរដ្ឋ​កូរ៉េកាន់តែច្រើនមកកម្ពុជា ហើយក៏នឹងចូលរួមចំណែកផងដែរក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ដែលជាយុទ្ធសាស្រ្តកំណើនថ្មី សំដៅកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានធ្វើការអំពាវនាវដល់ភាគីសាធារណរដ្ឋ​កូរ៉េ បន្តគាំទ្រការអភិវឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធទាំងក្នុងក្របខណ្ឌ​​ហិរញ្ញប្បទានសហប្រតិបត្តិការ និងការវិនិយោគឯកជន៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *