ទំព័រដើម / នយោបាយ / រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា ស្នើឲ្យអាមេរិកពិចារណាដកបម្រាមចំពោះមន្រ្តីការទូតកម្ពុជាចូលទឹកដីអាមេរិក

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា ស្នើឲ្យអាមេរិកពិចារណាដកបម្រាមចំពោះមន្រ្តីការទូតកម្ពុជាចូលទឹកដីអាមេរិក

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើឲ្យអាមេរិកពិចារណាក្នុងការដកបម្រាមចំពោះមន្រ្តីការទូតកម្ពុជាចូលទឹកដីអាមេរិក បន្ទាប់ពីអាមេរិកបានផ្អាកចេញទិដ្ឋាការប្រភេទ B1 ប្រភេទ B2 និងប្រភេទ B1/B2 ដល់មន្ត្រី នៃក្រសួងការបរទេសកម្ពុជា ដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់ដឹកនាំកំពូលនៃក្រសួងនេះ ចាប់ពីខែកញ្ញា ឆ្នាំ២០១៧ កន្លងមកនេះ ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា កម្ពុជាបានឯកភាពបន្តការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកម្ពុជាដែលបានប្រព្រឹត្តិបទល្មើសនៅសហរដ្ឋអាមេរិកមកកម្ពុជាវិញតាមការស្នើរបស់អាមេរិកដោយផ្អែកលើកិច្ចព្រមព្រៀង ដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីឆ្នាំ២០០២ និងឆ្នាំ២០០៣កន្លងមក ។ សម្តេចក្រឡាហោម ថាកម្ពុជាមិនដែលគេចវេសក្នុងការទទួលពលរដ្ឋកម្ពុជា ដែលអាមេរិកនឹងបញ្ជូនមកទេ ប៉ុន្តែអ្វីៗត្រូវឆ្លងកាត់ការពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ។

ក្នុងជំនួបជាមួយ ឯកឧត្តម ខាល រីសឆ៍ (CARL RISCH) ឧបការី រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការកុងស៊ុល ដើម្បីពិភាក្សាការងារ នៅល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នាទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង  សង្ឃឹមថា អាមេរិកនឹងពិចារណាក្នុងការដកចេញនូវបម្រាមទិដ្ឋាការដល់មន្រ្តីការទូតកម្ពុជាដែលអាមេរិកដាក់កន្លងមក ។

ជុំវិញនៃការស្នើរបស់ភាគីកម្ពុជានេះ ឯកឧត្តម ខាល រីសឆ៍ (CARL RISCH) មិនទាន់មានការឆ្លើយតបបែបណានោះទេ ដោយឯកឧត្តមបានលើកឡើងថា បញ្ហានេះគឺទុកលទ្ធភាពឲ្យក្រុមការងារភាគីទាំងពីរពិនិត្យពិភាក្សាគ្នាបន្ថែមទៀត ដើម្បីស្វែងរកចំណុចរួមនឹងភាពមិនចុះសម្រុងគ្នា និងបញ្ហាផ្សេងៗជុំវិញការបញ្ជូនត្រឡប់ពលរដ្ឋកម្ពុជា ដែលមានទោសនៅអាមេរិកមកកាន់កម្ពុជាវិញនេះ ។

សូមជម្រាបថា យោងតាមមាត្រា ២៤៣(d) នៃច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិសហរដ្ឋអាមេរិកនៅពេលទទួលបានសំណើពីរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិថា មានប្រទេសមួយចំនួនបានបដិសេធមិនទទួលយក ឬប្រើប្រាស់ហេតុផលដែលមិនសមស្របដើម្បីពន្យាពេលទទួលយកពលរដ្ឋនៃប្រទេសរបស់ពួកគេវិញនោះ រដ្ឋមន្ត្រីការបរទេសអាមេរិកត្រូវបញ្ជាឲ្យមន្ត្រីកុងស៊ុលបញ្ឈប់លែងផ្តល់ទិដ្ឋាការរហូតទាល់តែរដ្ឋមន្ត្រីសន្តិសុខមាតុភូមិទទួលបានព័ត៌មានថា ប្រទេស​ដែលពាក់ព័ន្ធទាំងនោះបានយល់ព្រមទទួលយកពលរដ្ឋរបស់គេវិញហើយ ៕អត្ថបទ៖ប៉ូលីស

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *