ទំព័រដើម / ព័ត៌មានសំខាន់ៗ / ទាហានវេណេស៊ុយអេឡាប៉ះទង្គិចគ្នាជាមួយអ្នករុករករ៉ែខុសច្បាប់បណ្តាលឲ្យមនុស្ស១៨នាក់ស្លាប់

ទាហានវេណេស៊ុយអេឡាប៉ះទង្គិចគ្នាជាមួយអ្នករុករករ៉ែខុសច្បាប់បណ្តាលឲ្យមនុស្ស១៨នាក់ស្លាប់

វេណេស៊ុយអេឡា៖ ទា​ហាន​​វេណេ​ស៊ុយ​អេឡា​​បានប៉ះទង្គិចគ្នា​ជាមួយ​អ្នករុករករ៉ែ​ខុសច្បាប់​នៅភាគខាងត្បូង​ប្រ​ទេស​​​វេណេស៊ុយអេឡា​កាលពីចុងសប្តាហ៍ដោយបណ្តាល​ឲ្យមនុស្ស​១៨នាក់បានស្លាប់​នៅ​ក្នុងតំបន់​​ឧស្សាកើតមាន​អំពើ​ហិង្សា​រវាង​ក្រុមបងធំនិងក្រុមបងធំ។​​​ ​

​លោក ​ Justo Noguera អភិបាលរដ្ឋ​​ Bolivar បានលើកឡើងថា ទាហានវេណេស៊ុយអេឡា ​បាន​តប​តវិញដើម្បីការពារខ្លួនពីការវាយប្រហារ​​ពីសំណាក់​ក្រុមអ្នករុករករ៉ែខុសច្បាប់​ ​ប៉ុន្តែ​លោក​​មិន​បាន​ផ្តល់ព័ត៌មាន​លម្អិតនោះទេ។​​

​កាសែត​ក្នុងស្រុកមួយ​ឈ្មោះ ​ Correo del Caroni បានរាយការណ៍ថា ​មានបុរស​១៧នាក់​និង​ស្ត្រីម្នាក់​​បានស្លាប់​នៅក្នុងហេតុការប៉ះទង្គិចគ្នានេះ​ ​ក្នុងតំបន់ដែល​ល្បីខាង​សម្បូរ​រ៉ែ​ពេជ្រ​ និង​រ៉ែមាស រីឯរដ្ឋាភិបាលវិញ​មិនបាន​ឆ្លើយតប​នឹងសំណើ​រសុំការធ្វើ​អត្ថា​ធិប្បាយទេ។​​ ​

ការប៉ះទង្គិចគ្នាពាក់ព័ន្ធនឹងការរ៉ុករករ៉ែខុសច្បាប់​បានកើតមាន​យ៉ាងញាប់ញាប់​នៅក្នុង​តំបន់​សម្បូរនេះ ដែលមានព្រំដែនជាប់​ប្រទេសហ្គីយ៉ាន ដោយក្នុងនោះមានមនុស្ស​១៧​នាក់​បានស្លាប់​នៅក្នុង​ការប៉ះទង្គិចគ្នារវាងក្រុម​បងធំនិងក្រុមបងធំ​កាលពីឆ្នាំ​២០១៦។​

​អំឡុងឆ្នាំនោះ ​លោកប្រធានាធិបតី ​ Nicolas Maduro បានប្រកាសដាក់តំបន់នោះ​ ​ជា​តំបន់​យុទ្ធ​សាស្ត្រ ​ហើយ​បាន​ប្រកាស​សង្គ្រាមជាមួយ​អ្នក​រុករករ៉ែខុសច្បាប់​មក​ពី​ប្រ​ទេ​ស​​​វេណេ​​​ស៊ុយ​​អេឡាផ្ទាល់ ​និង​មកពីប្រទេសប្រេស៊ីល ដែល​ព្យាយាម​ទាញយកផលប្រយោជន៍​ពីតំបន់​នោះ៕​

Leave a Reply

Your email address will not be published. Required fields are marked *