ទំព័រដើម / នយោបាយ / អ្នកនាំពាក្យរដ្ឋសភាអះអាងថា អ្នកប្រមាថព្រះមហាក្សត្រ នឹងទទួលទោសធ្ងន់ធ្ងរតាមនីតិវិធីក្រមព្រហ្មទណ្ឌ

អ្នកនាំពាក្យរដ្ឋសភាអះអាងថា អ្នកប្រមាថព្រះមហាក្សត្រ នឹងទទួលទោសធ្ងន់ធ្ងរតាមនីតិវិធីក្រមព្រហ្មទណ្ឌ

 ភ្នំពេញ ៖មន្រ្ដីជាន់ខ្ពស់រដ្ឋសភាបានអះអាងថា អ្នកដែលជេប្រមាថ ព្រះមហាក្សត្រនឹង ទទួលទោសទណ្ឌធ្ងន់ធ្ងរទៅតាមនីតិវិធីក្រមព្រហ្មទណ្ឌ ហើយសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌនេះ គណៈរដ្ឋមន្ត្រីបានរៀបចំចប់សព្វគ្រប់ហើយ និងបានបញ្ជូនមកដល់ដៃ រដ្ឋសភា ដើម្បីសុំការអនុម័តពីសម័យប្រជុំពេញអង្គនៅថ្ងៃទី១៤ ខែកុម្ភៈខាងមុខនេះ។

 

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអ្នកនាំពាក្យ រដ្ឋសភាបានប្រាប់អ្នកសារព័ត៌មានឱ្យដឹង នៅក្រោយបញ្ចប់កិច្ចប្រជុំគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា។

ឯកឧត្តម ឈាង វុន បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌនេះ គណៈរដ្ឋមន្ត្រីបានបញ្ចប់ការរៀបចំរួចរាល់ហើយ ហើយបានបញ្ជូនមកដល់ដៃ រដ្ឋសភា ដើម្បីសុំការអនុម័តពីរដ្ឋសភានៅថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខនេះ។

ឯកឧត្តមបន្ថែមថា សេចក្តីព្រាងច្បាប់នេះ បានកំណត់ទោសធ្ងន់ធ្ងរណាស់ចំពោះអ្នកប្រមាថព្រះមហាក្សត្រ សូម្បីតែអ្នកខុមមេន(Comments)តាមរយៈហ្វេសប៊ុកFacebook)របស់គេក៏ទទួលទោសទណ្ឌ ធ្ងន់ធ្ងរដូចអ្នកសរសេរប្រមាថព្រះមហាក្សត្របង្ហោះតាមFacebookដែរ។

ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌនេះឡើង ក្នុងគោលបំណងការពារកិត្តិយសព្រះមហាក្សត្រ ការពារស្ថាប័នសាធារណៈឱ្យដូចនៅប្រទេសគេដែរ អ្នកដែលប្រមាថព្រះមហាក្សត្រមានទោសធ្ងន់ធ្ងរណាស់ ដូចនៅ ប្រទេសថៃជាដើម។

សូមបញ្ជាក់ថា សម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៩ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាគ្រោងបន្តសម័យប្រជុំ នៅថ្ងៃទី១៤ ខែកុម្ភៈខាងមុខនេះ។

ក្រៅពីការពិភាក្សា និង អនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ អង្គសភានឹងពិភាក្សា អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។

ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាមផងដែរ៕អត្ថបទ៖អេគេភី

Leave a Reply

Your email address will not be published. Required fields are marked *