ទំព័រដើម / ព័ត៌មានជាតិ / អំណោយ​ជា​កុំព្យូទ័រ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជាច្រើន​​គ្រឿង ត្រូវ​បាន​ប្រគល់​ជូន​សាលា​ចំនួន​ពីរ​ក្នុងស្រុក​បារាយណ៍​

អំណោយ​ជា​កុំព្យូទ័រ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជាច្រើន​​គ្រឿង ត្រូវ​បាន​ប្រគល់​ជូន​សាលា​ចំនួន​ពីរ​ក្នុងស្រុក​បារាយណ៍​

កំពង់ធំ ៖ ​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​លោក ហ៊ុន ម៉ា​ណែ​ត មានដូចជា​កុំព្យូទ័​ចំនួន​៧​គ្រឿង ដែលមាន​កុំព្យូទ័រ​យួរដៃ​ចំនួន​៣​គ្រឿង ត្រូវបាន​ប្រគល់ជូន​អនុវិទ្យាល័យ​ឈូក​ខ្សាច់ និង​កុំ​ព្យូ​រ​ទ័​រលើ​តុ​ចំនូ​ន​២​គ្រឿង​, កុំព្យូទ័រ​យួរដៃ​ចំនួន​២​គ្រឿង​ផ្សេងទៀត ប្រគល់ជូន​វិទ្យាល័យ​ហ៊ុនសែន​ស្រះ​បន្ទាយ ដែល​ស្ថិតនៅ​ក្នុងស្រុក​បារាយ ខេត្តកំពង់ធំ នៅ​រសៀល​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨​។​

លោក ហ៊ុន ម៉ា​ណែ​ត ធ្លាប់មាន​ប្រសាសន៍ថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្លាំង​លើ​វិស័យ​អប់រំ បើ​ប្រៀបធៀប​ទៅនឹង​វិស័យ​ផ្សេងៗ ព្រោះនេះ ជាការ​វិនិយោគ​លើ​ធនធានមនុស្ស ដែល​មិនចេះ​រីងស្ងួត​សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង​។​

លោក ហាក់ ម៉ុង​ហួត អភិបាល​នៃ​គណៈ​អភិបាលស្រុក​បារាយ​បាន​មានប្រសាសន៍ថា ក្នុងនាម​អាជ្ញាធរ​ស្រុក សូម​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​វិស័យ​អប់រំ​តាមរយៈ​ការសាងសង់​សាលារៀន និង​ផ្តល់នូវ​សម្ភារៈ​បរិក្ខា​ដែល​ប្រើ​សម្រាប់​ការងារ​ដល់​លោកគ្រូ​អ្នកគ្រូ​នៅក្នុង​សាលា​ទាំងពីរ​នេះ ក៏ដូចជា​យកចិត្តទុកដាក់​គិតគូរ​អំពី​សុខុមាលភាព​ប្រជាពលរដ្ឋ​ក្នុងស្រុក​បារាយ​។​ថ្មីៗ​នេះ​ក្រុមការងារ​ក៏បាន​បញ្ជូន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ មក​ពិនិត្យ​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ផងដែរ​។​

លោកនាយក​នៃ​វិទ្យាល័យ​ទាំងពីរ បានបង្ហាញ​អារម្មណ៍​រំភើប​រីករាយ ដែល​បានទទួល​អំណោយ​ជា​កុំព្យូទ័រ​ទាំងនេះ​ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​កិច្ចការ​បង្រៀន​របស់លោក​គ្រូ​អ្នកគ្រូ និង​ការសិក្សា​របស់​សិស្សានុសិស្ស ឱ្យ​កាន់​តែមាន​ភាពងាយស្រួល និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​។

លោកនាយក​វិទ្យាល័យ​ស្រះ​បន្ទាយ​បានអោយដឹងថា វិទ្យាល័យ​មាន​សិស្ស​ចំនួន​សរុប​៧៤៩​នាក់ ពី​ថ្នាក់​ទី​៧​ដល់​ថ្នាក់​ទី​១២ និង​មាន​លោកគ្រូ​អ្នកគ្រូ​ចំនួន​៣៤​នាក់​ដែល​ត្រូវ​ប្រើ​កុំព្យូទ័រ​ក្នុង​ការងារ​សិក្សាធិការ​។

លោក​បាន​បន្តថា ការទទួលបាន​កុំ​ព្យូ​រ​ថ្មី​នេះ​គឺ​ដើម្បី​លោកគ្រូ​អ្នកគ្រូ​សម្រាប់ធ្វើ​ការងាររដ្ឋបាល និង​ការ​បូក​ពិន្ទុ​សិស្ស​ជាដើម ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍ និង​ភាពងាយស្រួល​លឿន​ជាង​មុន​។​

ជំនួសមុខ​អោយ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស គណៈ​គ្រប់គ្រង​នៃ​សាលា​ទាំងពីរ សូម​គោរព​ថ្លែងអំណរគុណ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ និង សម្តេច​គិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត និង​លោក​ហ៊ុន ម៉ា​ណែ​ត ដែល​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ពី​ការសិក្សា​រៀនសូត្រ​របស់​សិស្សានុសិស្ស​និង​ការបណ្តុះបណ្តាល​របស់លោក​គ្រូ​អ្នកគ្រូ​នៅទីនេះ​ក៍​ដូចជា​នៅ​ទូទាំងប្រទេស​ដើម្បី​ទទួលបាន​ទាំង​បរិមាណ​និង​គុណភាព​ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​។​

គួរ​រំលឹក​ផងដែរ​ថា អំណោយ​ជា​កុំ​ព្យូ​រ​ទ័​រទាំង​០៧​គ្រឿង​នេះ តប​តាម​ការស្នើសុំ​របស់​គណៈ​គ្រប់គ្រង​នៃ​សាលា​ទាំងពីរ​គ្រា​ដែល​លោក ហ៊ុន ម៉ា​ណែ​ត បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ចុះ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ឥតគិតថ្លៃ ក្នុងស្រុក​បារាយណ៍ ខេត្តកំពង់ធំ​នាពេល​ថ្មីៗ​នេះ​៕

អំពី Sophak Kang

Leave a Reply

Your email address will not be published. Required fields are marked *