ទំព័រដើម / នយោបាយ / សម្តេច ស ខេង:”អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរនាពេលបច្ចុប្បន្នច្រើនជាងអ្នកស្លាប់កាលសម័យសង្រ្គាម”

សម្តេច ស ខេង:”អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរនាពេលបច្ចុប្បន្នច្រើនជាងអ្នកស្លាប់កាលសម័យសង្រ្គាម”

ខេត្តកំពង់ចាម៖ នៅថ្ងៃនេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងធ្វើការប្រៀបធៀបថា ជនរងគ្រោះស្លាប់ដោយគ្រោះចរាចរណ៍នាពេលបច្ចុប្បន្នជាមធ្យមពី ៤ទៅ ៦នាក់ក្នុងមួយថ្ងៃ ពោលគឺច្រើនជាងជនរងគ្រោះស្លាប់កាលសម័យសង្រ្គាមទៅទៀត។

ការថ្លែងបែបនេះ ក្នុងឳកាសដែលសម្តេចក្រឡាហោមបាន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ ដែលមានអ្នកចូលរួមប្រមាណ១ពាន់នាក់នៅក្នុងសាលាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី ១៣ ខែកុម្ភ: ឆ្នាំ២០១៨នេះ។

សម្តេច ស ខេង បានលើកឡើងថា ៖”បើយើងធ្វើការប្រៀបធៀបទៅបណ្តាឆ្នាំកន្លងមក ឃើញថាមានអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍មានការថយចុះមែន។ ប៉ុន្តែការថយចុះនេះនៅមិនទាន់ដូចការរំពឹងទុកនោះទេ ពិសេសបញ្ហាគ្រោះថ្នាក់ចរាចរនេះបានបន្សល់ទុកនូវស្រ្តីមេម៉ាយ ក្មេងកំព្រា ឬក៏ស្ថានភាពទ្រុឌទ្រោមផ្នែកសុខភាពរបស់ជនរងគ្រោះ”។

សម្តេចបានថ្លែងបន្តថា ៖”បើយើងធ្វើការគណនា និងប្រៀបធៀបចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរនាពេលបច្ចុប្បន្ន ឆ្នាំ២០១៧កន្លងទៅនេះ ជាមធ្យមមានអ្នកស្លាប់ក្នុងមួយថ្ងៃពី ៤ទៅ៦ នាក់គឺ ខុសគ្នាពីសម័យសង្រ្គាមប្រយុទ្ធនៅសមរភូមិយ៉ាងច្រើនមួយថ្ងៃស្លាប់ម្នាក់របួស២នាក់ ហើយថ្ងៃខ្លះគ្មានអ្នករងគ្រោះផង”។

សម្តេចបានបន្ថែមថា៖” កត្តានេះទាមទារឲ្យគណ:បញ្ជាឯកភាពគ្រប់រាជធានី និងខេត្តទាំងអស់បន្តពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ និងការត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍។ ពិសេសខិតខំអនុវត្តឲ្យបានម៉ឺងម៉ាត់នូវបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ បានដាក់ចេញកាលពីសប្តាហ៍កន្លងទៅដែលបានហាមឃាត់ដាច់ខាតចំពោះរថយន្តកែច្នៃខុសលក្ខណ:បច្ចេកទេស និងផ្ទុកលើសទម្ងន់ធ្វើចរាចរបើកបរលើដងផ្លូវឲ្យមានប្រសិទ្ធិភាពខ្ពស់”។

គួរបញ្ជាក់ថា ទូទាំងខេត្តកំពង់ចាមមានករណីគ្រោះថ្នាក់ចរាចរបានកើតឡើងចំនួន ១៩៩ លើកបណ្តាលឲ្យជនរងគ្រោះស្លាប់ចំនួន ២៨៦ នាក់ ដែលមានស្រ្តីចំនួន ៥០ នាក់ និងរបួសស្រាលនិងធ្ងន់ចំនួន ៣១៩ នាក់៕ អត្ថបទ ៖ ភោគ សម្បត្តិ កំពង់ចាម

Leave a Reply

Your email address will not be published. Required fields are marked *