ទំព័រដើម / ព័ត៌មានជាតិ / ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តកណ្តាលត្រៀមលក្ខណៈដើម្បី​រៀបចំបុណ្យទន្លេលើកទី៤

ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តកណ្តាលត្រៀមលក្ខណៈដើម្បី​រៀបចំបុណ្យទន្លេលើកទី៤

 

ភ្នំពេញ៖ក្រសួងទេសចរណ៍និងអាជ្ញាធរខេត្តកណ្តាលត្រៀមលក្ខណៈដើម្បីរៀប​​ចំ​ពិធីបុណ្យ​ទន្លេលើកទី៤នៅខេត្តកណ្ដាល ឲ្យ​ទទួលជោគជ័យ​​​​​​និងមានភាពទាក់ទាញភ្ញៀវទេសចរ​​​ឲ្យកាន់តែច្រើន។

ថ្លែងក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យទន្លេឆ្នាំ២០១៨នៅសាលាខេត្តកណ្តាលនាព្រឹកថ្ងៃទី១៣​ខែកុម្ភៈនេះ ឯកឧត្តម ថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមាន​ប្រសាសន៍ថា ដើម្បីឲ្យមានភាពទាក់ទាញ ពិធីបុណ្យទន្លេឆ្នាំនេះ នឹងមានការបង្ហាញទស្សនីយភាពសិល្បៈប្លែកៗ និងពិព័រណ៍កសិផល សិប្បកម្ម ប្រពៃណី នឹងមានការតាំងពិព័រណ៍ម្ហូបអាហារជាប្រពៃណីព្រោះម្ហូបអាហារឆ្លុះបញ្ចាំងពីវប្បធម៌ ប្រពៃណី​របស់សហគមន៍។

ឯកឧត្តមបន្តថា អ្វីដែលពិសេសក្នុងពិធីបុណ្យទន្លេនេះ ទៀត គឺមានការរៀបចំព្យុហយាត្រាលើទឹកតាមដងទន្លេ ។ដោយយោងទៅលើទីតាំងភូមិសាស្ត្រ ទីរួមខេត្តកណ្ដាលនៅជិតរាជធានីភ្នំពេញ ក្រសួងទេសចរណ៍រំពឹងថាអាចនឹងមានប្រជាជន និងទេសចរចូលរួមកម្សាន្តយ៉ាងតិច​ប្រមាណជាង ១លាននាក់។

ឯកឧត្តម  ម៉ៅ ភិរុណ  អភិបាលខេត្តកណ្តាលបានមានប្រសាសន៍ថា អាជ្ញាធរជុំវិញខេត្ត​​បានរៀបចំកែលំអបរិស្ថាន អនាម័យ សួនច្បារ និងសម្រួលរៀបចំកន្លែងតាំងផលិតផលខ្មែរ កន្លែង​សម្តែងសិល្បះនិងកីឡាជាស្រេចហើយ។ជាមួយគ្នានោះអាជ្ញាធរខេត្ត​​បានរៀបចំកម្លាំងសមត្ថកិច្ចទូទាំងខេត្តឲ្យចាំ​ត្រៀមការពារសុន្តិសុខ និងជួយសម្រួលចរាចរណ៍ក្នុងពិធីបុណ្យទន្លេនេះ ឲ្យបានល្អ។សូមបញ្ជាក់ថា បុណ្យទន្លេលើកទី៤នេះធ្វើឡើង ក្រោមប្រធានបទ «ទន្លេសន្តិភាព មិត្តភាព និងនិរន្តរភាព ដែលនឹងប្រព្រឹត្តទៅនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ចាប់ពីថ្ងៃទី០៩-១១ ខែមីនា ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕អត្ថបទ៖ ចេម ហួត 

Leave a Reply

Your email address will not be published. Required fields are marked *