ទំព័រដើម / ព័ត៌មានជាតិ / មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលើកទឹកចិត្តឱ្យវិស័យឯកជនចែករំលែកជំនួយសប្បុរសធម៌ដល់មន្ទីរពេទ្យគន្ធបុប្ផា

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលើកទឹកចិត្តឱ្យវិស័យឯកជនចែករំលែកជំនួយសប្បុរសធម៌ដល់មន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ:    មន្ត្រី​ជាន់ខ្ពស់រាជរដ្ឋាភិបាល បាន លើកទឹកចិត្តដល់​​​វិស័យឯកជន​​​ចំពោះការចែក​​រំលែក​​​​ជំនួយសប្បុរសធម៌ដល់មន្ទីរពេទ្យគន្ធបុប្ផា ខណៈមន្ទីរពេទ្យនេះ ត្រូវការថវិកា​សម្រាប់​​​​បន្តការ​​ជួយ​​​ព្យាបាលកុមារនៅកម្ពុជា​ដោយមិនគិតថ្លៃតទៅមុខទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មាន​ប្រសាសន៍​ទៅកាន់អ្នកសារព័ត៌មានក្នុងឱកាសចូលរួមប្រកាសកម្មវិធីឧបត្ថម្ភ​គាំទ្រដល់​មន្ទីរពេទ្យគន្ធបុប្ផា​របស់ក្រុមហ៊ុនហ្ក្រេប(Grab) កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ថា ក្រុមហ៊ុន ហ្ក្រេប បានដកប្រាក់ចំណេញរបស់ខ្លួន ដើម្បីជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា។

លោក វី តាំង យី(Wee Tang Yee) ប្រធានក្រុមហ៊ុន ហ្ក្រេប​ ប្រចាំប្រទេសថៃ និងកម្ពុជា ដែល​​បាន​ប្រកាសថា ក្រុមហ៊ុននេះ បានសម្រេចយកភាគចំណេញរបស់ខ្លួន​ដើម្បីជួយឧបត្ថម្ភថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា ចាប់ពីពេលនេះរហូតដល់ពាក់កណ្តាលខែ មេសា ឆ្នាំ២០១៨សិន។ជាមួយគ្នានេះក្រុមហ៊ុននឹងពិនិត្យលទ្ធភាពដើម្បី​គាំទ្ររយៈពេលវែង​ដល់មន្ទីរពេទ្យនេះ។

លោកវេជ្ជបណ្ឌិត ដេនិស ឡូរ៉ង់(Denis Laurent) អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា ជា​​រៀងរាល់ថ្ងៃ មានកុមារប្រមាណជាង២ពាន់នាក់ បានមកទទួល​​បានការព្យាបាលជំងឺដោយឥត​គិត​ថ្លៃ​​នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងខេត្តសៀមរាប។ លោកបន្តថា មន្ទីរពេទ្យនេះត្រូវការ ថវិកា​ឧបត្ថម្ភពីសប្បុរសជន​ជាច្រើនទៀត ដើម្បីបន្តជួយព្យាបាលកុមារនៅកម្ពុជាប្រកបដោយ​គុណភាព តាមបែប​វេជ្ជសាស្រ្តដ៏ត្រឹមត្រូវ។

សូមបញ្ជាក់ថា មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ដែលមាន ៥សាខា​ ស្ថិតនៅរាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប​ បានព្យា​​បាល​​​កុមារ​​​ជាង១សែននាក់​ កាលពីឆ្នាំ២០១៧កន្លងទៅនេះ៕អត្ថបទ៖ សឿន សោម 

Leave a Reply

Your email address will not be published. Required fields are marked *