ទំព័រដើម / ព័ត៌មានជាតិ / អ្នកគ្រូពេទ្យ រងការចោទប្រកាន់ថាធ្វើអោយស្ដ្រីកូនខ្ចីម្នាក់ស្លាប់

អ្នកគ្រូពេទ្យ រងការចោទប្រកាន់ថាធ្វើអោយស្ដ្រីកូនខ្ចីម្នាក់ស្លាប់

ខេត្តកំពង់ឆ្នាំង៖ ស្ត្រីទើបតែសំរាលកូនម្នាក់បានដួលស្លាប់ភ្លាមៗនៅក្នុងអាគារសម្ភពនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយសារតែមានការធ្វេសប្រហែលមិនគោរពវិជ្ជាជីវៈជាគ្រូពេទ្យអ្នកជម្ងឺសុំរទេះជិះទៅលាងរបួសមិនព្រមអោយ បណ្តោយអោយនាងដើរដួលស្លាប់ភ្លាមៗតែម្តង។

ហេតុការណ៍ដួលស្លាប់ជនរងគ្រោះខាងលើនេះបានកើតឡើងនៅម៉ោង៩ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ នៅក្នុងអាគារផ្នែកសម្ភព នៃមន្ទីរពេទ្យបង្អែកខេត្ត្តកំពង់ឆ្នាំង។

បុរសជាប្តីស្រីរងគ្រោះបាននិយាយអោយដឹងថា៖ រូបគាត់ឈ្មោះ វន ជ្រុយ អាយុ៣៦ឆ្នាំ  ប្រពន្ធគាត់ឈ្មោះ ចេង វិន អាយុ៣៤ឆ្នាំ មានកូន៤នាក់ រស់នៅភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ នៅថ្ងៃទី០៩ ខែកុម្ភៈ គាត់បានជូនប្រពន្ធមកសំរាលកូនទី៤ នៅក្នុងមន្ទីរពេទ្យខេត្ត ដោយត្រូគ្រូពេទ្យវះបង្កើតកូនបានដោយជោគជ័យនៅម៉ោង៥និ៣០នាទីល្ងាចថ្ងៃទី០៩ ខែកុម្ភៈ។

ក្រោយការវះកាត់គាត់និងប្រពន្ធកាត់ត្រូវសំរាកក្នុងមន្ទីរពេទ្យមួយរយះទៀតដើម្បីព្យាលមុខរបួសវះកាត់។ ដោយឡែកនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ នៅម៉ោង៩ព្រឹក ស្ត្រីជាគ្រូពេទ្យម្នាក់បានប្រាប់ថា៖ អោយយកប្រពន្ធទៅលាងរបួសនៅក្នុងបន្ទប់សម្ភព  ពេលនោះប្រពន្ធគាត់បានប្រាប់ថា ខ្ញុំឈឺចាប់ក្នុងពោះណាស់ដើរមិនរួចទេ  សុំរទេះរុញគ្រូពេទ្យពេទ្យមួយមកដើម្បីជិះទៅលាងរបួស។ ខណៈនោះស្ត្រីជាគ្រូពេទ្យម្នាក់នោះ មិនស្គាល់ឈ្មោះទេ បាននិយាយទាំងគំរួសគំរើយថា  គ្មានរទេះរុញទេឈឺប៉ុណ្ណឹងដើរតិចៗវាមិនអីទេ។

ភ្លាមៗនោះប្រពន្ធគាត់ខំព្យាយាមដើរទាំងការឈឺចាប់ខ្លាចគ្រូពេទ្យស្តីអោយ ដោយគាត់ជាប្តីខំជួយគ្រាប្រពន្ធអោយដើរទាំងបង្ខំ  ចៃដន្យពេលនោះនាងខំដើរបានតែ៣ជំហ៊ានក៏ដួលដាច់ខ្យល់ស្លាប់ភ្លាមៗតែមកនៅក្នុងអាគារសម្ភព។ ករណីនេះ លោក វន ជ្រុយ ថាមកពីអ្នកគ្រូពេទ្យមិនស្តាប់សំណូមពរអ្នកជម្ងឺថានាងដើរមិនរួចទេ តែអ្នកគ្រូពេទ្យមិនជឿនិងមិនយកចិត្តទុកដាក់ជាមួយអ្នកជម្ងឺ ទើបបណ្តាយអោយនាងស្លាប់យ៉ាងដូច្នេះ។

ទាក់ទងនិងករណីនេះដែល លោក សូរិន្ទ ទីរ៉ាវុឌ្ឍី ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ ក្រោយពេលកើតហេតុ គ្រូពេទ្យខេត្តបានជួយសង្គ្រោះជនរងគ្រោះយ៉ាងអស់សមត្ថភាពផងដែរតែជួយនាងមិនបានឡើង រឿងនេះគ្រូពេទ្យខេត្តទាំងអស់មានការសោកស្តាយខ្លាំងណាស់។ នៅក្នុងករណីនេះគ្រូពេទ្យជំនាញក៏បានត្រួតពិនិត្យសពស្រ្តីរងគ្រោះយ៉ាងយកចិត្តទុកដាក់ផងដែរ ដើម្បីចង់ដឹងថាតើនាងស្លាប់ដោយមូលហេតុអ្វី ប៉ុន្តមកដល់ពេលនេះក៏រកមិនទាន់ឃើញអំពីមូលហេតុច្បាស់លាស់នៃការស្លាប់របស់ស្តីរងគ្រោះនេះនៅឡើយ។

ដោយឡែកទាក់ទងជាមួយអ្នកគ្រូពេទ្យដែលពាក់ពន្ធ័និងរឿងនេះ លោកនិងធ្វើការស្រាវជ្រាវអោយបានដឹងច្បាស់  ប្រសិនបើដូចប្តីជនរគ្រោះចោទប្រកាន់មែននោះលោកនិងប្រជុំជាមួយគ្រូពេទ្យទាំងអស់ដើម្បីដាក់វិន័យតាមបទបញ្ជារផ្ទៃក្នុង។

ចំណែកសពស្រ្តីរងគ្រោះ ត្រូវបានរថយន្តមន្តីរពេទ្យខេត្តជួយដឹកបញ្ពូនយកទៅផ្សារក្រោមប្រគល់អោយក្រុមគ្រួសារ ដឹកតាមកាណូតយកទៅធ្វើបុណ្យតាមប្រពៃណីនៅក្នុងមូលដ្ឋាន៕   ( ឈៀង ថារិទ្ធ )

                                        

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *