ទំព័រដើម / ព័ត៌មានសំខាន់ៗ / អង្គការណាតូនឹងបង្កើតទីបញ្ជាការមេថ្មីពីរទៀតនៅអាមេរិក និងអាល្លឺម៉ង់

អង្គការណាតូនឹងបង្កើតទីបញ្ជាការមេថ្មីពីរទៀតនៅអាមេរិក និងអាល្លឺម៉ង់

ក្រុងព្រុចសែល៖ អង្គការណាតូ ​នឹងបង្កើត​ទីបញ្ជាការ​មេថ្មីពីរទៀត នៅសហរដ្ឋអាមេរិក​និងអាល្លឺម៉ង់​ដើម្បី​ធ្វើបច្ចុប្ប​ន្នភាព​រចនាសម្ព័ន្ធ​របស់ខ្លួន​ជាលើកដំបូង​ចាប់តាំងពី​សង្គ្រាមត្រ​ជាក់បានបញ្ច​ប់​មក។​​​

​លោក ​ Jens Stoltenberg ​អគ្គលេខាធិការអង្គការណាតូ​ បានប្រកាស​យ៉ាងដូច្នេះ​អំឡុង​សន្និសីទ​កាសែត​នៅក្នុងទីក្រុងព្រុចសែល​ ប្រទេស​បែលហ្ស៊ិក​កាលពី​ម្សិលមិញ ​មុនកិច្ចប្រជុំ​រដ្ឋមន្ត្រីការពារជាតិ​ដែល​នឹងធ្វើឡើង​ចាប់ពីថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍។​

​យោងតាម​ លោក ​ Jens Stoltenberg ទីបញ្ជាការមេ​ថ្មី​នៅសហរដ្ឋអាមេរិក​ ​នឹងទទួលបន្ទុក​ផ្នែក​សន្តិសុខ​ដែនទឹក​នៅតំបន់អាត្លង់​តិក រី​ឯ​ទីបញ្ជាការមេថ្មីនៅ​អាល្លឺម៉ង់​វិញ​នឹងផ្តោត​លើ​ការ​ពង្រឹងសកម្មភាពចល័តទ័ព​នៅតំបន់អឺរ៉ុប។​

​​​អំឡុងកិច្ចប្រជុំនៅក្នុងសប្តាហ៍នេះ ​រដ្ឋមន្ត្រីក្រសួងការពារជា​តិមកពីប្រទេ​សសមា​ជិក​អង្គ​ការណាតូ​ក៏នឹង​ដោះស្រាយ​បញ្ហាផ្សេងៗផងដែរ ​ក្នុងនោះរួមមានដូចជា ​ការបែងចែក​បន្ទុក​ឲ្យស្មើភាពគ្នា​ ​​ការសហការនៅក្នុង​សហភាពអឺរ៉ុប ​និងតួនាទី​របស់​សម្ព័ន្ធមិត្ត​នៅក្នុងការប្រយុទ្ធប្រឆាំង​អំពើភេរវកម្មជាដើម។​

​​លោក ​ Jens Stoltenberg ​ក៏បានសង្កត់ធ្ងន់ផងដែរថា ​ប្រធានបទសំខាន់​ដែលត្រូវលើក​យកមកពិភាក្សា​អំឡុង​កិច្ចប្រជុំនេះ ​ក៏រួមបញ្ចូល​ការចំណាយ​លើវិស័យការពារជាតិ​របស់​ប្រទេស​សមាជិកនីមួយៗ​ផងដែរ​ ​ហើយថា ​បើ​យោងតាមការប៉ាន់ប្រមាណសម្រាប់ឆ្នាំ​២០១៨​ នេះ​ ការចំណាយរបស់ប្រទេស​សមាជិក​ទាំងអស់​​នឹង​វិវឌ្ឍទៅរកលក្ខខណ្ឌស្តង់ដា​ ពោលគឺស្មើ​ពីរភាគរយ​នៃ​ផលិតផលសរុបក្នុងស្រុក​របស់ពួកគេ។​

ការប្រកាសរបស់អង្គការណាតូនេះ​​កើតមានឡើង​ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេស​រុស្ស៊ី​ទទួល​បាន​ជោគ​ជ័យ​នៅក្នុងការសាកល្បង​ខែលការពារ​មីស៊ីល​ ​​ A-135 ​​​ដែលមានបច្ចេកវិទ្យា​លើស​​ខែល​ការពារ​មីស៊ីលមុនៗ៕

Leave a Reply

Your email address will not be published. Required fields are marked *