ទំព័រដើម / ព័ត៌មានជាតិ / អភិបាលក្រុងបញ្ជាអោយរដ្ឋបាលខណ្ឌទាំង១២ចុះមើលសណ្តាប់ធ្នាប់ផ្លូវទាំង១១ខ្សែក្នុងឧិកាសចូលឆ្នាំចិននេះ

អភិបាលក្រុងបញ្ជាអោយរដ្ឋបាលខណ្ឌទាំង១២ចុះមើលសណ្តាប់ធ្នាប់ផ្លូវទាំង១១ខ្សែក្នុងឧិកាសចូលឆ្នាំចិននេះ

ភ្នំពេញ: អភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជាទៅរដ្ឋបាលខណ្ឌទាំង១២ និងមន្រ្តីសមត្ថកិច្ចរាជធានីភ្នំពេញ ពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ ចុះពិនិត្យមើល និងរៀបចំសណ្តាប់ធ្នាប់អោយបានល្អ នៅលើដងផ្លូវទាំង១១ខ្សែនៅភ្នំពេញ នាឧិកាសចូលឆ្នាំចិន វៀតណាម ក្នុងសប្តាហ៍នេះ។
ក្នុងកិច្ចប្រជុំបញ្ជាការឯកភាពរាជធានី នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើកឡើងថា “ក្នុងឧិកាសចូលឆ្នាំ ប្រពៃណី ចិន និងវៀតណាម ដែលមានប្រជាពលរដ្ឋ និងអាជីវករជាច្រើន ធ្វើដំណើរ និងលក់ដូរនៅតាមដង ផ្លូវ ដែលអាចបង្ករអោយមានការកកស្ទះ ដូច្នេះរដ្ឋបាលខណ្ឌ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវតែចុះមើល និងរៀបចំសណ្តាប់ធ្នាប់ អោយបានល្អប្រសើរ ជាពិសេស នៅដងផ្លូវសំខាន់ៗទាំង១១ខ្សែ ដែលរដ្ឋ បាលរាជធានីភ្នំពេញ បានដាក់ផែនការរៀបចំសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវនោះ”។
ឯកឧត្តម អភិបាល បានលើកឡើងថា “បុណ្យចូលឆ្នាំចិននេះ ការកកស្ទះជាច្រើន នៅតាម បណ្តាផ្សារនានា បើអភិបាលខណ្ឌនីមួយៗ បើកដៃអោយពួកគាត់លក់ដូតាមចិញ្ចើមផ្លូវ ក្នុងពេលចូលឆ្នាំចិននេះ ប្រហែលជាពួកគាត់នឹងបន្តដាក់លក់ទៅទៀត ទោះបីពេលចូលឆ្នាំចិនផុតទៅក៏ដោយ”។ ដូច្នេះ រដ្ឋបាលខណ្ឌ ត្រូវជំរាបជូនពួកគាត់អោយបានយល់ពីបញ្ហានេះ តែបើពួកគាត់មិនព្រមស្តាប់តាមការណែនាំ ត្រូវចាត់វិការតាមច្បាប់។
ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា ប្រជាពលរដ្ឋរាជធានីភ្នំពេញភាគច្រើន គឺមានការត្រេកអរណាស់ជុំវិញបញ្ហាសណ្តប់ធ្នាប់នេះ។ ហើយកងកម្លាំង និងអាជ្ញាធរដែនដីទាំងអស់ ត្រូវអនុវត្តអោយម៉ត់ចត់លើវិធានការនេះ នឹងមិនលើកលែងនរណាម្នាក់នោះទេ។
លោកបន្តថា រយៈពេលពីរទៅបីថ្ងៃ គឺមានការកកស្ទះចរាចណ៍ខ្លាំង ក្នុងពេលសែនចិន។ ប្រជាពលរដ្ឋនៅរាជនីភ្នំពេញ ប្រមាណ៤៩% ដែលជាអ្នកសែនចិន ពីព្រោះមើលឃើញពួកគាត់សុទ្ធតែមានជីវភាពធូធារ។
ចំពោះផែនការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវទាំង១១ខ្សែក្នុងរាជធានីភ្នំពេញនេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ អោយដឹងថា កាលពីខែសីហា ឆ្នាំ២០១៧ កន្លងទៅ សាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសំខាន់ៗចំនួន១១ខ្សែ ដែលមានផ្លូវ នរោត្តម ព្រះមុន្នីវង្ស កម្ពុជាក្រោម ម៉ៅសេងទុង មុន្នីរ៉េត ហ្សាឌឺហ្គោល សហព័ន្ធរុស្ស៊ី ពេទផន ២៧១ នេរុហ៍ និងស៊ីសុវត្ថិ ដែលពាក់ព័ន្ធនឹងផ្លូវ១១ខ្សែខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌបានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋនិងអាជីវកដែលរំលោភយកចំណីចិញ្ចើមផ្លូវ ទ្រូងផ្លូវយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនច្រើនលើកច្រើនសារហើយដែរ ពោលគឺពួកគាត់អាចប្រើប្រាស់បានតែចិញ្ចើមផ្លូវត្រឹម ១ភាគ៣ប៉ុណ្ណោះ ដោយទុក២ភាគ៣ទៀតសម្រាប់អ្នកថ្មើរជើង៕
ដោយៈ វ៉េង សំបូរ៖រូបភាពៈ សៅ ផានី

Leave a Reply

Your email address will not be published. Required fields are marked *