ទំព័រដើម / សន្តិសុខសង្គម / អាជ្ញាធរខេត្តកំពង់ចាមអញ្ជើញម្ចាស់យានដ្ឋានជួសជុលរថយន្តជាង៤០កន្លែងពន្យល់ពីនិតិវិធីកំណត់ទំហំនិងទម្ងន់រថយន្ត

អាជ្ញាធរខេត្តកំពង់ចាមអញ្ជើញម្ចាស់យានដ្ឋានជួសជុលរថយន្តជាង៤០កន្លែងពន្យល់ពីនិតិវិធីកំណត់ទំហំនិងទម្ងន់រថយន្ត

ខេត្តកំពង់ចាម៖អាជ្ញាធរខេត្តកំពង់ចាមបាន កោះអញ្ជើញម្ចាស់កន្លែងជួសជុលរថយន្តធុនធំចំនួនជាង ៤០ ដើម្បីស្តាប់បទបង្ហាញពីមន្រ្តីសាធារណការ និងដឹកជញ្ជួនស្តីពីនីតិវិធីកំណត់ទំហំ និងទម្ងន់រថយន្ត ហើយក៏បានអំពាវនាវឲ្យម្ចាស់យានដ្ឋានទាំងអស់មកធ្វើច្បាប់ឲ្យបានគ្រប់ៗគ្នា។

លោក សុខ លឹមហៀង អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួនបានធ្វើការពន្យល់ តាមរយ:បទបង្ហាញដល់អ្នកចូលរួម នៅក្នុងសាលាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី ១៤ កុម្ភ:នេះថា ការកំណត់ទំហំរថយន្ត គឺទំហំអតិបរមារបស់រថយន្ត និងទំហំរថយន្តដែលបានកែច្នៃទ្រុង។ ចំណែកការកំណត់ទម្ងន់រថយន្តវិញ គឺទម្ងន់អតិបរមាសង្កត់លើភ្លៅរថយន្ត រ៉ឺម៉ក ឬសឺមីរ៉ឺម៉ក ,ទម្ងន់សរុបអនុញ្ញាតអតិបរមារបស់រថយន្ត និងទម្ងន់សង្កត់លើភ្លៅ និងទម្ងន់សរុប នៅតាមប្រទេសមួយចំនួន។ លោកអនុប្រធានបានបន្តថា ទាំងអស់នេះជាការកំណត់ដោយច្បាប់ចរាចរណ៍ផ្លូវគោក។

ក្នុងនោះបើបងប្អូនម្ចាស់យានដ្ឋានដែលមានវត្តមាននាឳកាសនេះ ឆ្ងល់លើចំណុចណាមួយអាចសូមសាកសួរមកខាងលោក។ ដោយឡែកបញ្ហាច្បាប់អនុញ្ញាតបង្កើតយានដ្ឋាន អាចធ្វើអាជីវកម្មមួយកន្លែងតម្លៃ ៣០ម៉ឺនរៀល គឺច្បាប់អាជីវកម្មចំនួន ១០ម៉ឺនរៀលមានសុពលភាព២ឆ្នាំ ហើយចំនួន ២០ម៉ឺនរៀល ទៀតជាសេវាចុះបញ្ជីមានសុពលភាពមិនកំណត់។ ច្បាប់បើកយានដ្ឋាននេះបើមានឯកសារគ្រប់គ្រាន់រយ:ពេល ៣ថ្ងៃ គឺអាចយកទៅប្រើប្រាស់បានហើយ។

លោក បេ លឹម អាយុ ៥៥ ឆ្នាំដែលមានបទពិសោធន៍ជួសជុលកែច្នៃរយ:ពេលជាង១០ឆ្នាំ នៅយានដ្ឋានជាប់ផ្លូវជាតិលេខ៧១ក្នុងភូមិសារាយណ៍ ឃុំបុសខ្នុរ ស្រុកចម្ការលើបានឲ្យដឹងថា លោកបានយល់ច្បាស់ពីបទបង្ហាញលើនិតិវិធីកំណត់ទំហំ និងទម្ងន់រថយន្តដែលខាងមន្រ្តីសាធារណការបានពន្យល់នោះហើយ។

ប៉ុន្តែសំខាន់បើសមត្ថកិច្ច និងអាជ្ញាធរទប់ស្កាត់ការធ្វើចរាចររថយន្តខុសលក្ខណ:បច្ចេកទេស និងផ្ទុកលើសទម្ងន់លើដងផ្លូវសាធារណ:ឲ្យបាន គឺនឹងមិនមានរថយន្តយកទៅឲ្យខាងលោកកែកុនខុសច្បាប់បន្តទៀតទេ។ ម្ចាស់យានដ្ឋានរូបនេះបន្តថា ប៉ុន្មានថ្ងៃនៃយុទ្ធនាការបង្រ្កាបកាត់ទ្រុងរថយន្តនេះ ខាងលោកទទួលបានចំណូលពីម្ចាស់រថយន្តដែលស្ម័គ្រចិត្តកាត់ខ្លួនឯងពី ១០ម៉ឺន ទៅ៦០ម៉ឺនរៀលក្នុងមួយគ្រឿង ។

ចំនួននេះតិចជាងកាលពីកែច្នៃបន្ថែមដោយចំណាយក្នុងមួយគ្រឿងពី ៦០ម៉ឺន ទៅ២លានរៀល គឺខាងម្ចាស់យានដ្ឋានគិតថ្លៃដែកតបន្ថែមលើតួរថយន្ត។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាមបានថ្លែងថា បើបងប្អូនច្បាស់ពីអ្វីដែលខាងមន្រ្តីសាធារណការ និងដឹកជញ្ជួនបានពន្យល់ហើយនោះ តទៅនេះបើមានម្ចាស់រថយន្តណាយករថយន្តឲ្យកែច្នៃខុសលក្ខណ:បច្ចេកទេស សូមកុំសហការ និងជួយផ្តល់ព័ត៌មានមកឲ្យខាងអាជ្ញាធរ។

ផ្ទុយមកវិញបើខាងសមត្ថកិច្ច និងអាជ្ញាធរប្រទះឃើញរថយន្តកែច្នៃខុសច្បាប់ជាថ្មី ហើយស្រាវជ្រាវទៅប៉ះចំលើយានដ្ឋានមួយណាក្នុងខេត្តនេះ គឺនឹងបិទយានដ្ឋាននោះមិនឲ្យធ្វើធ្វើអាជីវកម្មតែម្តង។

ឯកឧត្តមអភិបាលខេត្តថ្លែងបន្តថា មួយវិញទៀតសូមបងប្អូនជាម្ចាស់កន្លែងជួសជុលរថយន្តទាំងអស់ប្រញាប់រួសរាន់មកធ្វើច្បាប់សុំអនុញ្ញាតបើកអាជីវកម្មឲ្យបានទាំងអស់គ្នា។ ដោយមកទំនាក់ទំនងជាមួយខាងមន្ទីរសាធារណការខេត្តកំពង់ចាម តាមសេវាដូចបានបញ្ជាក់ខាងលើ។ ក្នុងនោះយើងទុកឲ្យបំពេញឯកសារធ្វើច្បាប់នេះចាប់ពីថ្ងៃទី ១៤ កុម្ភ: ដល់ថ្ងៃទី ០១ មេសា ២០១៨។ បើយានដ្ឋានណាមួយមិនអនុវត្ត គឺក៏ប្រឈមនឹងបិទទ្វារដូចគ្នា៕ អត្ថបទ និងរូប ដោយ: ភោគ សម្បត្តិ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *