ទំព័រដើម / ព័ត៌មានជាតិ / ព្រែកកំពង់បាយជាទ្រព្យដ៏សំខាន់របស់អ្នកក្រុងកំពត

ព្រែកកំពង់បាយជាទ្រព្យដ៏សំខាន់របស់អ្នកក្រុងកំពត

ខេត្តកំពត: ព្រែកកំពង់បាយគឺជាទ្រព្យសម្បត្តិដ៏សំខាន់សម្រាប់អ្នកក្រុងកំពតដែលមានសក្តានុពលទាំង ផ្នែកសេដ្ឋកិច្ច គមនាគមន៍ និងវិស័យទេសចរណ៍។ ការគិតគូរអំពីបញ្ហាបរិស្ថាន និងអនាម័យតាមដងព្រែក មួយខ្សែនេះជាកត្តាមិនអាចមើលរំលងបានឡើយ។

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្ត របស់មន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្ត លោក លី សាវ៉េត អភិបាលរងខេត្តកំពតបានមានប្រសាសន៍ថា មន្ត្រីជំនាញ ព្រមទាំងអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាគិតគូរ និងពិនិត្យឡើងវិញថាតើនៅតាមបណ្តោយដងព្រែកកំពង់បាយគួរឱ្យមានការសាងសង់កន្លែងលក់ដូរ កន្លែងលម្ហែកម្សាន្តនៅលើផ្ទៃទឹកបាន។ ការបង្ហូរកាកសំណល់ចូលទឹកព្រែកបានបំផ្លាញសោភ័ណភាព និងគុណភាពនៃសម្រស់ផូរផង់នៃដងព្រែកដែលធ្លាប់មានសក្តានុពលទាំងផ្នែកសេដ្ឋកិច្ច គមនាគមន៍ និងវិស័យទេសចរណ៍មួយនេះ។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា ព្រែកកំពង់បាយជាទ្រព្យសម្បត្តិដ៏សំខាន់របស់អ្នកក្រុងកំពត។ បើមានព្រែកដែលជាកំណប់ទ្រព្យមួយដ៏មានតម្លៃ និងល្អស្អាតបែបនេះហើយ បែរជាបណ្តែតបណ្តោយឱ្យមានក្លិនអាក្រក់នោះជារឿងដ៏អាម៉ាស់បំផុត។ ត្រូវបញ្ចៀសឱ្យបាននូវពាក្យនិន្ទាពីភ្ញៀវទេសចរថា ទេសភាពព្រែកកំពង់បាយល្អស្អាតតែ ក្លិនពិបាកទ្រាំ។ ដូច្នេះប្រជាពលរដ្ឋដែលមានលំនៅស្ថានជាប់នឹងមាត់ព្រែកដោយគិតចាប់ពីចំណុចទឹកឈូមកដល់ក្រុងកំពត សូមមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះកិច្ចការពារបរិស្ថាន និងថែរក្សាអនាម័យដោយបញ្ឈប់នូវការបង្ហូរកាកសំណល់គ្រប់ប្រភេទចូលក្នុងទឹកព្រែក។

ពិសេសមន្ត្រីរាជការគ្រប់មន្ទីរអង្គភាពត្រូវធ្វើជាគំរូសម្រាប់ប្រជាពលរដ្ឋចំពោះការងារនេះ។ មគ្គុទេសទេសចរណ៍មួយរូបបានផ្តល់ការចាប់អារម្មណ៍ចំពោះបញ្ហាខាងលើនេះថា ដើម្បីថែរក្សាព្រែកកំពង់បាយឱ្យបានល្អស្អាត មានគុណភាព និងសោភ័ណភាពសម្រាប់ទាក់ទាញ ទាំងមន្ត្រីរាជការ អាជីវករ ប្រជាពលរដ្ឋក្នុងក្រុង ព្រមទាំងភ្ញៀវទេសចរផងត្រូវមានស្មារតីចូលរួមគ្រប់គ្រងកាកសំណល់ និងថែរក្សាអនាម័យទាំងអស់គ្នា៕ដោយ សុខ ឌីណា

Leave a Reply

Your email address will not be published. Required fields are marked *