ទំព័រដើម / នយោបាយ / រដ្ឋសភាបានអនុម័ត មាត្រា៤៣៧ថ្មី នៃក្រមព្រហ្មទណ្ឌ ដើម្បីការពារព្រះចេស្តា​ព្រះ​មហាក្សត្រ

រដ្ឋសភាបានអនុម័ត មាត្រា៤៣៧ថ្មី នៃក្រមព្រហ្មទណ្ឌ ដើម្បីការពារព្រះចេស្តា​ព្រះ​មហាក្សត្រ

ភ្នំពេញ៖ រដ្ឋសភាបានអនុម័ត មាត្រា៤៣៧ថ្មីនៃក្រមព្រហ្មទណ្ឌ ដើម្បីការពារព្រះចេស្តាអង្គ​ព្រះម​ហា​ក្សត្រ ពីការប្រមាថ​ចំពោះព្រះអង្គទោះបីជាតាមរូបភាពណាក៏ដោយ ។

សម័យប្រជុំជាវិសាមញ្ញ រដ្ឋសភា នីតិកាលទី៥ បានអនុម័តជាឯកច្ឆ័ន្ទ នាព្រឹកថ្ងៃទី១៤ខែកុម្ភៈនេះ ក្នុង​សម្លេង​១២៣ លើ១២៣រូប ដើម្បីកំណត់ការផ្តន្ទាទោសចំពោះជនទាំងឡាយណា ដែលប្រមាថព្រះមហាក្សត្រដោយ​ដាក់​ពន្ធធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី២លាន ទៅ១០​លាន​រៀល។ ចំពោះនីតិបុគ្គល ឬ ក្រុមហ៊ុនអង្គភាព ដែលប្រមាថ ចំពោះអង្គ​ព្រះ​មហាក្សត្រ ក៍ត្រូវជាប់ពិន័យជាប្រាក់ពី១០លាន ទៅ៥០លានរៀល ព្រមទាំងទោស​បន្ថែម​មួយ ឬច្រើន ទៀត។

ការអនុម័តនេះ បានធ្វើឡើងបន្ទាប់ពី ឯ.ឧ អង្គ វង្សវឌ្ឍានា   រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ តំណាងឲ្យរាជ​រដ្ឋា​ភិ​បាល​បាន​ឡើងការពារសេចក្តីព្រាងច្បាប់ស្តីពី​វិសោធន​កម្មក្រម​ព្រហ្ម​ទណ្ឌ​នៅ​ក្នុងកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី៥ នៃរដ្ឋសភា នេះ​ថាការដាក់បន្ថែមនូវ  មាត្រា៤៣៧ថ្មីនេះ   ដើម្បីធានាលើកស្ទួយ និងការពារព្រះចេស្តា និងព្រះកិត្តិនាម ព្រះម​ហា​ក្សត្រ ដែលជាព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា  ជាទីគោរពសក្ការៈដ៍ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិខ្មែរ   ស្រប​តាម​​មា​ត្រា​៧នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលចែងថាអង្គព្រះមហាក្សត្រមិនអាចរំលោភបំពាន​បានឡើយ​។

ឯ.ឧ ប៉ែន  បញ្ញា  ប្រធានគណកម្មការ នីតិកម្មនិងយុត្តិធម៌នៃ  រដ្ឋសភាបានឲ្យដឹងថាការធ្វើវិ​សោធនៈក​ម្មក្រមព្រហ្ម​ទណ្ឌ​ដែលបានដាក់បន្ថែមមាត្រា ៤៣៧ស្ទួននេះ    គឺ ដើម្បីធានា ដល់ការការពារព្រះមហាក្សត្រនូវ​រាល់ការប្រមាថ​ទោះ​ជាក្នុងរូបភាពណាក៍ដោយ ទាំង វាចារ  កាយវិការ សំណេរ   គំនូរ ឬវត្ថុដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គល ។

សូមបញ្ជាក់ដែរថាកិច្ចប្រជុំ​​រដ្ឋសភានាព្រឹកម៉ិញនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងវត្តមានចូលរួមពីសម្តេចតេជោហ៊ុន សែន  ដែលបានអនុម័ត​ផងដែរនូ​វរបៀបវារៈ៣ផ្សេងទៀត រួមមានៈ

-ការពិភាក្សានិងអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៣៤ មាត្រា ៤២ មាត្រា ៤៩ មាត្រា៥៣ និងមាត្រា ១១៨ ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា ២៦  មាត្រា ២៨ មាត្រា ៣១ និងមាត្រា ៣២នៃច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។

-ការពិភាក្សានិងអនុម័តសេចក្តី  ព្រាងច្បាប់ស្តីពីការ​អនុម័តយល់​ព្រមលើកិច្ចព្រមព្រៀង​ស្តីពីការជំរុញ​នឹងសម្រួល​ពាណិជ្ជ​កម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ -និងវៀតណាម ៕អត្ថបទប្រាក់ សុវណ្ណតារា

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *