ទំព័រដើម / ព័ត៌មានជាតិ / ពលរដ្ឋខ្មែរចាប់ផ្តើមត្បាញក្រមាប្រវែង១០០០ម៉ែត្រដើម្បីបំបែក​ឯតទគ្គកម្ម​​ នៅលើពិភពលោក

ពលរដ្ឋខ្មែរចាប់ផ្តើមត្បាញក្រមាប្រវែង១០០០ម៉ែត្រដើម្បីបំបែក​ឯតទគ្គកម្ម​​ នៅលើពិភពលោក

ភ្នំពេញ:     ប្រជាពលរដ្ឋខ្មែរចាប់ផ្តើមចូលរួមត្បាញក្រមាប្រវែង១០០០ម៉ែត្រដើម្បីបំបែក​ឯតទគ្គកម្ម​​ ជាក្រមាដែលវែងជាងគេនៅលើពិភពលោក។

          ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករបាននាំគ្នាចុះឈ្មោះរៀនត្បាញក្រមា ដើម្បីឈានទៅ​រួមគ្នា ត្បាញក្រមាជាលក្ខណៈផ្លូវការដែលវែងជាងគេងនៅលើពិភពលោក ដែលបង្ហាញ​ពីការ​សាមគ្គីគ្នា បង្កើតស្នាដៃមួយដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

កម្មវិធីបំបែកឯតទគ្គកម្មក្រមាវែងជាងគេនៅលើពិភពលោកនេះ បានចាប់ផ្តើមជាផ្លូវការចាប់​ពីព្រឹកថ្ងៃ ទី១៤ ខែកុម្ភៈនេះ រហូតដល់ថ្ងៃដែលប្រជាពលរដ្ឋខ្មែរត្បាញក្រមាគ្រប់១០០០ម៉ែត្រ ដោយរំពឹងថានឹង មានមនុស្សចូលរួមរាប់ម៉ឺននាក់។

លោកអ៊ឹង វីរៈ ក្រុមការងាររៀបចំកម្មវិធីត្បាញក្រមាបំបែកឯតទគ្គកម្មក្រមាវែងជាងគេនៅលើ​ពិភព​លោកបានឲ្យដឹងថា ការត្បាញក្រមាដែលវែងជាងគេនេះ មិនត្រឹមតែបានជំរុញអោយ​ប្រជាពលរដ្ឋខ្មែរ មានការសាមគ្គីគ្នាស្រលាញ់រាប់អានគ្នាប៉ុណ្ណោះទេ  ប៉ុន្តែវាបានធ្វើឲ្យពិភព​លោកកាន់តែស្គាល់ពីប្រជាពលរដ្ឋនិងប្រទេសកម្ពុជាកាន់តែច្បាស់តាមរយៈក្រមាជាអត្ត សញ្ញាណជាតិខ្មែរ។

លោកស្រីទេព កូឡាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ​ដែលបានដឹកនាំ និស្សិតជាច្រើននាក់​ចូលរួម​ការត្បាញក្រមានេះ បានឲ្យដឹងថា ការត្បាញក្រមានេះមានលក្ខណៈពិបាក ប៉ុន្តែត្រូវ​ខិតខំ​ធ្វើឲ្យបានដើម្បីជាមោទនភាព​ខ្លួនឯងផង និងសម្រាប់មោទនភាពជាតិផង។ចំណែកកញ្ញាអោក ស្រីអូន ដែលបានរៀនត្បាញក្រមាបានបង្ហាញថា កញ្ញាពិតជាមានមោទន ភាពណាស់ដែលបានចូលរួមត្បាញក្រមាវែងជាងគេនេះព្រោះបានរួមចំណែកលើកស្ទួយមរតក វប្បធម៌ប្រពៃណីខ្មែរ និងការបានបង្កើតស្នាដៃថ្មីសម្រាប់មនុស្សជំនាញក្រោយ។

សូមបញ្ជាក់ថា ក្រមាជាអត្តសញ្ញាណជាតិខ្មែរ ហើយជារបស់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជា ពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈ ហើយមានមុខងារសព្វសារពើដូចជា ស្លៀកជំនួសខោ ទទូលបាំងកំដៅ ថ្ងៃ ជាអង្រឹងសម្រាប់អោយទារកគេង រួមទំាងទុកសំរាប់ជូតខ្លួនក្រោយងូតទឹកជាដើម។

អត្ថបទ សិរី រាជ

Leave a Reply

Your email address will not be published. Required fields are marked *