ទំព័រដើម / ទស្សនៈថ្មី / អាលឺម៉ងផ្ដល់កម្ចីជិត២៩លានដុល្លារសម្រាប់ការអភិវឌ្ឍន៍ថាមពលអគ្គិសនីនៅកម្ពុជា

អាលឺម៉ងផ្ដល់កម្ចីជិត២៩លានដុល្លារសម្រាប់ការអភិវឌ្ឍន៍ថាមពលអគ្គិសនីនៅកម្ពុជា

ភ្នំពេញ៖អាលឺម៉ងផ្ដល់កម្ចីជិត២៩លានដុល្លារសម្រាប់ការអភិវឌ្ឍន៍ថាមពលអគ្គិសនីសំដៅរួមចំណែកការផ្ដល់អភិវឌ្ឍសេដ្ឋកិច្ចនិងធ្វើអោយជីវភាពពលរដ្ឋប្រសើរឡើង។នេះបើតាមរដ្ឋមន្ដ្រីថាមពលស៊ុយ សែម បានអោយដឹងក្រោយជំនួប
រវាងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងឯកឧត្តមបណ្ឌិត Ingo Karsten ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានជួបពិភាក្សាការងារនៅទីស្តីការក្រសួង។

នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លៃងស្វាគមន៏ និងសូមជូនពរដល់ឯកឧត្តមបណ្ឌិតដែលបានទទួលភារកិច្ចបំពេញការងារការទូតនៅព្រះរាជាណាចក្រកម្ពុជា និងបានថ្លៃងអំណរគុណដល់អាល្លឺម៉ង់ដែលកន្លងមកបានជួយដល់វិស័យថាមពលនៅកម្ពុជាមានដូចជា គម្រោងខ្សែបញ្ជូនថាមពលអគ្គិសនី តាកែវ-កំពត និងគម្រោងអគ្គិសនីភាវូបនីយកម្មជនបទភាគខាងត្បូងកម្ពុជាដែលទទួលថវិកាពីឥណទានរបស់ធនាគារអភិវឌ្ឍន៏អាល្លឺម៉ង់ប្រមាណ ២៨,៨ ដុល្លាសហរដ្ឋអាមេរិក។

គម្រោងផ្តល់ថវិកាប្រចាំឆ្នាំដល់មូលនិធិអគ្គិសនីភាវូបនីយកម្មជនបទចាប់ពីឆ្នាំ ២០១៥ -២០២០ មានទឹកប្រាក់ប្រមាណ ១៥,៥ លានដុល្លាសហរដ្ឋអាមេរិក និងគម្រោងកំពុងដំណើការសិក្សាសមិទ្ធិលទ្ធភាព Energy Efficiency in Rural power supply នៅខេត្តសៀមរាប កំពង់ធំ ព្រះវិហារ និងឧត្តរមានជ័យ ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីសាវតានៃការអភិវឌ្ឍវិស័យថាមពលរបស់ព្រះរាជាណាចក្រកម្ពុជាដែលផ្តើមពីចំនុចសូន្យរហូតមកដល់មានការអភិវឌ្ឍដូចសព្វថ្ងៃដោយគិតត្រឹមដំណាច់ឆ្នាំ២០១៧នេះ កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនី ដែលក្នុងនេះបានផ្គត់ផ្គង់ឲ្យភូមិប្រមាណជា ៨១,៥៨% នៃចំនួនភូមិសរុបទូទាំងប្រទេស និងបានភ្ជាប់ដល់លំនៅដ្ឋានប្រមាណជា៦៨,៥០% លើខ្នងផ្ទះសរុបទូទាំងប្រទេស និងមានថាមពលសរុប ២ ២០១,៩៣ មេហ្គាវ៉ាត់មកពីគ្រប់ប្រភពដូចជា៖ វារីអគ្គសនីចំនួន០៧ (១ ៣២៩,៧០មេហ្គាវ៉ាត់) រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម (៥៧៨ មេហ្គាវ៉ាត់) រោងចក្រអគ្គិសនីដើរដោយប្រេងខ្មៅ (២៥១ មេហ្គាវ៉ាត់) ថាមពលករកើតឡើងវិញ (៧២,២៧ មេហ្គាវ៉ាត់) ថាមពលអគ្គិសនីចែកចាយដោយម៉ាស៊ីនម៉ាស៊ូតតូចៗ (១០ មេហ្គាវ៉ាត់) និងការនាំចូលអគ្គិសនីពីប្រទេសជិតខាងនារដូវប្រាំងក្នុងនោះមានប្រទេសថៃ (១៣៥,៥ មេហ្គាវ៉ាត់) វៀតណាម (២៧៧មេហ្គាវ៉ាត់) និងឡាវ (៤ មេហ្គាវ៉ាត់)។

តាមរបាយការណ៍ក្រសួងបានអោយដឹងថា៖នៅដំណាច់ឆ្នាំ២០១៧ ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនី ដែលបានអភិវឌ្ឍរួចបានផ្គត់ផ្គង់ឲ្យភូមិចំនួន ១១ ៥៥៨ លើចំនួនភូមិសរុប ១៤ ១៦៨ ត្រូវជា ៨១,៥៨% នៃចំនួនភូមិទូទាំងប្រទេសដែលមានថាមពលសរុប ២ ២០១,៩៣ មេហ្គាវ៉ាត់មកពីគ្រប់ប្រភព៕

 

Leave a Reply

Your email address will not be published. Required fields are marked *