ទំព័រដើម / ព័ត៌មានជាតិ / ខេត្តកែបរក្សាសន្តិុសុខល្អប្រសើរក្នុងពិធីចូលឆ្នាំចិនទោះបីកំណើនភ្ញៀវមានសន្ទុះខ្លាំង

ខេត្តកែបរក្សាសន្តិុសុខល្អប្រសើរក្នុងពិធីចូលឆ្នាំចិនទោះបីកំណើនភ្ញៀវមានសន្ទុះខ្លាំង

ខេត្តកែបៈ សម្រាប់រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម ខេត្តកែបទទួលភ្ញៀវជិតឆ្ងាយចូលមកកម្សាន្តប្រមាណជាង១០ម៉ឺននាក់។ ទោះបីបរិមាណនេះបានកើនឡើងខ្ពស់ធៀបនឹងឱកាសដូចគ្នាកាលពីឆ្នាំកន្លងទៅក្តី តែបញ្ហាសុខសុវត្ថិភាព ក៏ដូចជាសេវាកម្មគ្រប់យ៉ាងមានល្ខណៈល្អប្រសើរ។

លោកឧត្តមសេនីយ៍ទោ អុីង សំអុល ស្នងការនគរបាលខេត្តកែបបានមានប្រសាសន៍ថា តាមការមើលឃើញជាក់ស្តែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាមឆ្នាំនេះ ភ្ញៀវចូលមកកម្សាន្តនៅខេត្តកែបមានកំណើនខ្ពស់បើប្រៀបធៀបនឹងបណ្តាឆ្នាំកន្លងទៅ។ ជាធម្មតានាបណ្តាឆ្នាំមុនៗ ពិធីដូចគ្នានេះខេត្តកែបមានភ្ញៀវចូលមកលេងចន្លោះពីប្រាំបីម៉ឺននាក់ទៅប្រាំបួនម៉ឺននាក់ប៉ុណ្ណោះ។

លោកស្នងការបានបន្តថា ទោះបីសន្ទុះភ្ញៀវបានកើនឡើងបែបនោះក្តី តែដោយអនុវត្តតាមការណែនាំពីឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមអភិបាលខេត្តកែប កម្លាំងសមត្ថកិច្ចរក្សាបានល្អប្រសើរនូវកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនភ្ញៀវសម្រាប់ឱកាសនៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាមកន្លងទៅនេះ។

ក្នងនោះកុំថាឡើយអំពើហិង្សា លួចឆក់ ប្លន់ សូម្បីករណីកកស្ទះចរាចរដែលធ្វើឱ្យភ្ញៀវធុញទ្រាន់ក៏មិនកើតមានឡើងដែរ។ លោក ប៉ុក ទាំង អនុប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានប្រាប់ឱ្យដឹងថា រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម ដោយគិតពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ខេត្តកែបដែលមានតំបន់ទេសចរណ៍សំខាន់ៗចំនួនប្រាំទទួលភ្ញៀវមកកម្សាន្តបានប្រមាណ១០៥.០០០នាក់។

បរិមាណនេះកើនលើសប្រហែល៥.០០០នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧កន្លងទៅ។ លោកអនុប្រធានមន្ទីរបានបន្តថា ដោយសារចំនួនបន្ទប់សណ្ឋាគារ ផ្ទះសំណាក់ បឹងហ្កាឡូមានចំនួនតិចតួចនៅឡើយ ជាមួយនឹងបរិមាណក្នុងកម្រិតនេះ សេវាកម្មស្នាក់អាស្រ័យមិនអាចគ្រប់គ្រាន់សម្រាប់ភ្ញៀវឡើយ ពោលគឺភ្ញៀវខ្លះត្រូវបង្ខំចិត្តចាកចេញទៅរកកន្លែងស្នាក់នៅខេត្តជាប់ព្រំប្រទល់គ្នានោះ។ លោក ប៉ុក​ ទាំង បានប្រាប់ឱ្យដឹងទៀតថា នៅទូទាំងខេត្តកែបមានសណ្ឋាគារ ផ្ទះសំណាក់ និងបឹងហ្កាឡូ៩៥កន្លែង ស្មើនឹង១.៣០៣បន្ទប់៕ដោយ សុខ ឌីណា

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *