ទំព័រដើម / ព័ត៌មានជាតិ / លោកអ៊ុចបូរិទ្ធ៖កម្ពុជាបោះបង្គោលព្រំដែនជាមួយវៀតណាមបាន៣១៤បង្គោល,ឡាវ១៤៥,និងថៃ៤៤បង្គោល

លោកអ៊ុចបូរិទ្ធ៖កម្ពុជាបោះបង្គោលព្រំដែនជាមួយវៀតណាមបាន៣១៤បង្គោល,ឡាវ១៤៥,និងថៃ៤៤បង្គោល

ភ្នំពេញ៖លោកអ៊ុច បូរិទ្ធរដ្ឋលេខាធិការក្រសួងការបរទេសកាលពីថ្ងៃទី២៨ខែកុម្ភៈ២០១៨បានថ្លែងថា៖កិច្ចការព្រំដែនក្រសួងការបរទេស​​​និងសហប្រតិបត្តិការអន្តរជាតិ បានសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការចំរុះព្រំដែនកម្ពុជានិងការសហ​ការជាមួយគណៈកម្មាធិការចំរុះព្រំដែនឡាវ វៀតណាម ថៃ ចុះត្រួត​ពិនិត្យ​ខ្សែព្រំដែនលើដីជាក់ស្តែង ដែលរហូតមក​ដល់ពេល​បច្ចុប្បន្ននេះ បានទទួលលទ្ឋផលគួរឲ្យកត់សំគាល់៖ ជាមួយ​ឡាវបានចំនួន ៤៦៤,៥គម លើ ៥៤០គម ស្មើនឹង៨៦% និងបានបោះបង្គោលព្រំដែនបានចំនួន១២១ លើចំនួនសរុប​១៤៥​បង្គោល។

ការលើកឡើងរបស់លោករដ្ឋេលេខាធិការបានធ្វើឡើងក្នុងពេលលោកថ្លែងទៅកាន់មន្រ្តីទូតនិងកុងស៊ុលកម្ពុជាជាង​៣០០​នាក់ក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួងការបរទេសនិងសហការអន្តរជាតិ២០១៧និងទិសដៅ២០១៨នៅទីស្តីការក្រសួង។

លោកបញ្ជាក់ថា៖ជាមួយថៃ ស្វែងរក និងកំណត់ទីតាំងបង្គោលព្រំដែនចាស់ បោះដោយអាណានិគមបារាំង-សៀម បានចំនួន​៧០បង្គោល លើបង្គោលសរុប៧៣ បង្គោល ដែលក្នុងចំនួននេះ ភាគីទាំងពីរបាន​ឯកភាពគ្នាចំនួន៤៤បង្គោល និង​មិនឯកភាព ចំនួន២៦ បង្គោល និងបានសម្រេចចាប់ផ្តើមសាងសង់ស្ពាននៅស្ទឹងបត់ (ខេត្តបន្ទាយមានជ័យ)-បានណងអៀន(ខេត្តស្រះ​កែវ)។

លោកអះអាងថា៖ជាមួយវៀតណាម ភាគីទាំងពីរ បានឯកភាពលើខ្សែព្រំដែនចំនួន៨៤% និងបានបោះបង្គោល​ធំចំនួន​៣១៤​បង្គោល ក្នុងចំណោម ៣៧៥បង្គោល នៅលើផ្ទៃដីជាក់ស្តែង និងនៅសល់១៦% កំពុងបន្តចរចាដោះស្រាយ។ ជាការ​គួឲ្យ​កត់សំគាល់ ក្រសួងបាននិងកំពុង​សហការជាមួយគណៈកម្មាធិការ​ចំរុះកិច្ចការ​ព្រំដែនកម្ពុជា​ក្នុងការរៀបចំ​បែប​បទបច្ចេក​ទេស TOR សម្រាប់អ្នកឯកទេសបារាំងខាងផែនទីវិទ្យា ជួយចម្លងខ្សែព្រំដែនពីផែនទីខ្នាត ១/១០០.០០០ បោះពុម្ភដោយភូមិសាស្ត្រឥណ្ឌូចិន មកលើផែនទី UTM ខ្នាត ១/៥០.០០០ នៅកំណាត់ខ្សែ​ព្រំដែនដែលនៅ​សេស​សល់​១៤%។

កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីគឺ កិច្ចសហប្រតិបត្តិការទ្វេភាគីបច្ចុប្បន្នកម្ពុជាបាន​ផ្សារភ្ជាប់​ទំនាក់ទំនងការទូតជាមួយប្រទេសទាំងអស់ក្នុងពិភពលោកចំនួន១៧២ប្រទេស បង្កើតគណៈកម្មការ​អន្តរ​រដ្ឋាភិ​បាលចំនួន២ គណៈកម្មការចម្រុះទ្វេភាគីជាមួយប្រទេស១២ និងកិច្ចពិគ្រោះយោបល់នយោបាយជាមួយប្រទេស១៨ ក្នុងទិសដៅជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តលើគ្រប់វិស័យ៕ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *