ទំព័រដើម / កីឡា / កីឡាករ ម៉ា វីរ៉ូ ឈ្នះជើងឯក ពាក់កណ្តាលម៉ារ៉ាតុង ២១គីឡូម៉ែត្រ ខេត្តព្រះសីហនុ

កីឡាករ ម៉ា វីរ៉ូ ឈ្នះជើងឯក ពាក់កណ្តាលម៉ារ៉ាតុង ២១គីឡូម៉ែត្រ ខេត្តព្រះសីហនុ

កីឡាករកម្ពុជា ម៉ា វីរ៉ូ បានឈ្នះម្ចាស់ជើងឯក ព្រឹត្តិការណ៍រត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ ខេត្តព្រះសីហនុ លើកទី៧ ឆ្នាំ២០១៨ បន្ទាប់ពីធ្វើបានយ៉ាងល្អនៅក្នុងវិញ្ញាសាស្តង់ដារអន្តរជាតិ ចម្ងាយ ២១,៩៥ គីឡូម៉ែត្រ កាលពី ព្រឹកថ្ងៃអាទិត្យ ម្សិលមិញ នៅតំបន់ឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ។

ម្ចាស់ជ័យលាភីលើវិញ្ញាសា ពាក់កណ្តាលម៉ារ៉ាតុង កីឡាករ ម៉ា វីរ៉ូ ធ្វើសម្រេចក្នុងថិរវេលា ១ម៉ោង ២០នាទី និង៣៥វិនាទី ខណៈលេខ២ បានទៅកីឡាករ  Adelmann Frank មកពីអាល្លឺម៉ង់ ធ្វើសម្រេចក្នុងថិរវេលា ១ម៉ោង ២៤នាទី និង៣២វិនាទី និងលេខ៣ បានទៅលើ Cenenov Semenv Adei។ ជ័យលាភី២១គីឡូម៉ែត្រ ផ្នែកនារី បានទៅលើកីឡាការិនីមកពីអាល្លឺម៉ង់ Hamill Jill បន្ទាប់ពីបានធ្វើសម្រេចក្នុងថិរវេលា ១ម៉ោង ៣២នាទី និង០៤វិនាទី ខណៈចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាការិនីជប៉ុន  Sasaki Tatsuko និងលេខ៣ បានទៅ លើកីឡាការិនីមកពីសហរដ្ឋអាមេរិក Bawden Sara ដោយអ្នកទំាងពីររត់យឺតជាលេខ១ ក្រោម១០នាទី ប៉ុណ្ណោះ។

ជ័យលាភីលើវិញ្ញាសារត់១០គីឡូម៉ែត្រ ផ្នែកបុរស លេខ១ កីឡាករខ្មែរ ធុល ចាន់ដាវុធ, លេខ៣ កីឡាករ ខ្មែរ ជឿ សម្ផស្ស និងលេខ៣ កីឡាករអេក្យូពី Tamiru Andage Ayal។ ផ្នែកនារី លេខ១ កីឡាការិនីមកពីចក្រភព អង់គ្លេស Thomas Amneliese, លេខ២ កីឡាការិនីមកពីកូរ៉េ Hu Seooung និងចំណាត់ថ្នាក់លេខ៣ បានទៅលើ កីឡាការិនីខ្មែរ ហេង ម៉ីជូ។ ចំពោះវិញ្ញាសារត់កម្សាន្ត ៣គីឡូម៉ែត្រ បុរស-នារីក៏ត្រូវបានគណៈកម្មការបច្ចេក ទេសរកឃើញជ័យលាភីចំណាត់ថ្នាក់លេខ១ដល់លេខ៣ដូចៗគ្នាផងដែរ។

លោក សែម ផល្លា នាយកចាត់ការទូទៅទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិខេត្តព្រះសីហនុ មាន ប្រសាសន៍ថា ទិវារត់ប្រណាំងឆ្នាំនេះមានចំនួនកើនឡើងតិចតួច បើប្រៀបធៀបនឹងព្រឹត្តិការណ៍ដូចគ្នា កាលពី ឆ្នាំទៅ ហើយនៅឆ្នាំនេះលោកពិនិត្យឃើញថា គ្រប់សមាសភាពចូលរួម ទាំងកីឡាករ កីឡាការិនី​ អាជ្ញាធរ ដែនដី និងគណៈកម្មការបច្ចេកទេសបានខិតខំរួមគ្នា ដើម្បីធ្វើឲ្យទិវារត់ប្រណាំងអន្តរជាតិមួយនេះទទួលបាន ជោគជ័យ ហើយនៅឆ្នាំក្រោយៗទៀត គណៈកម្មការកំពុងសិក្សាថានឹងអាចរៀបចំការរត់នេះពីរត់ពាក់កណ្តាល ម៉ារ៉ាតុង ២១គីឡូម៉ែត្រ ទៅជា Full Marathon ៤២គីឡូម៉ែត្រ ដើម្បីបន្ថែមនូវការទាក់ទាញកាន់តែខ្លាំងឡើង បន្ថែមទៀត ក្នុងការបង្កើនភ្ញៀវទេសចរណ៍ នៅតំបន់ឆ្នេរទេសចរណ៍ដ៏ស្រស់ត្រកាលរបស់កម្ពុជាមួយនេះ។ លោកបញ្ជាក់ថា ប្រសិនបើអ្នកចូលរួមរត់ចាប់ពី១០០នាក់ឡើងទៅ គណៈកម្មការអាចរៀបចំ Full Marathon បានហើយ។

សូមបញ្ជាក់ថា ទិវារត់ប្រណាំងខេត្តព្រះសីហនុនេះធ្វើឡើងក្នុងគោលដៅការពារជាតិបរិស្ថានស្អាត តំបន់ឆ្នេរ សុខភាព និងសាមគ្គីភាព និងស្វែងរកមូលនិធីជួយដល់កិច្ចការសង្គម និងមនុស្សធម៌ ជាពិសេសគឺប្រើ ប្រាស់កញ្ចប់ថវិកាដែលសេសសល់ពីការរៀបចំនឹងយកទៅជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារ នៅខេត្តព្រះសីហនុ នេះដោយផ្ទាល់តែម្តង៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *