ទំព័រដើម / កីឡា / Ogier ឈ្នះនៅម៉ិកស៊ិក ឡើងទៅឈរទី១ ក្នុងតារាងពិន្ទុរួម

Ogier ឈ្នះនៅម៉ិកស៊ិក ឡើងទៅឈរទី១ ក្នុងតារាងពិន្ទុរួម

ប្រណាំងឡាន ៖ ម្ចាស់ជើងឯកចាស់ Sebastien Ogier បានយកឈ្នះការប្រណាំងដំណាក់កាលទី៣ ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ នៅម៉ិកស៊ិក ដើម្បីបានឡើងទៅឈរលើគេ ក្នុងតារាងពិន្ទុរួម កម្មវិធីប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គពិភពលោក World Rally Championship ឆ្នាំ២០១៨។

Ogier នាំមុខក្នុងថ្ងៃចុងក្រោយនៃការប្រណាំងនេះ តាំងពីចំនុចចាប់ផ្ដើមម្ល៉េះ ហើយ មើលទៅហាក់មិនមានការភ្លាំងភា្លត់ណាមួយ ដែលធ្វើឲ្យរូបគេរបូតតំណែងការនាំមុខនេះឡើយ ដោយនៅទីបំផុតអ្នកកាច់ចង្កូតឲ្យក្រុម M-Sport Ford WRT សញ្ជាតិបារាំងវ័យ៣៤ឆ្នាំរូបនេះ ក៏បានទៅដល់ទីព្រ័ត្រមុនកីឡាករដទៃមែន ជាមួយនឹងថិរវេលា ៣ម៉ោង ៥៣នាទី និង៥៨វិនាទី ខណៈការប្រណាំងនេះមានចម្ងាយផ្លូវ ៣៤៤,៤៩គីឡូម៉ែត្រ។

ក្រោយដណ្ដើមបាន២៥ពិន្ទុ នៅម៉ិកស៊ិកនេះ ធ្វើឲ្យ Sebastien Ogier កំពុងតែឈរលើគេ ក្នុងតារាងពិន្ទុរួម ដោយមានពិន្ទុសរុប៥៦ ក្នុងចំណោមការប្រណាំង៣ដំណាក់កាលកន្លងទៅ ខណៈអ្នកលេខ២ និងលេខ៣ ជារបស់អ្នកបើកបរឲ្យក្រុម Hyundai Shell Mobis WRT  ទាំងពីររូប គឺកីឡាករអាល្លឺម៉ង់ Thierry Neuville មានពិន្ទុសរុប៥២ និងកីឡាករន័រវ៉ែស Andreas Mikkelsen មាន៣៥ពិន្ទុ។

ការប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គពិភពលោក (World Rally Championship) ឆ្នាំ២០១៨ មានទាំងអស់១៣ដំណាក់កាល ខណៈដំណាក់កាលទី៤ នឹងធ្វើនៅប្រទេសបារាំង ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមេសាក្រោយនេះ៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *