ទំព័រដើម / ព័ត៌មានសំខាន់ៗ / ធ្លាក់យន្តហោះដឹកអ្នកដំណើរនៅនេប៉ាល់ស្លាប់យ៉ាងតិច៤៩នាក់

ធ្លាក់យន្តហោះដឹកអ្នកដំណើរនៅនេប៉ាល់ស្លាប់យ៉ាងតិច៤៩នាក់

នេប៉ាល់៖ មនុស្ស​យ៉ាងតិច​​​​៤៩នាក់​បានស្លាប់​ ពេល​​យន្តហោះដឹកអ្នកដំណើរ​ចុះ​ចត​​នៅលើផ្លូវរត់​ខុស​​ទិស​ដៅដែលបានកំណត់​​ ​ហើយ​ធ្លាក់រួចផ្ទុះឆេះ​​នៅអាកាស​យានដ្ឋាន​ Tribhuvan ក្នុងទីក្រុង​ Kathmandu ប្រទេសនេប៉ាល់កាលពីម្សិលមិញ។​

​យោងតាមអ្នកនាំពាក្យនគរបាលនេប៉ាល់ ​​យន្តហោះ​ដឹកអ្នក​ដំណើរដែលបានធ្លាក់នេះ ​បានហោះចេញពី​អាកា​ស​យានដ្ឋាន​​នៅក្នុងទីក្រុង​ Dhaka ប្រទេស​បង់ក្លាដែស​ក្នុងជើងហោះហើរលេខ​ BS 211 ហើយ​វាជាកម្មសិទ្ធិ​របស់​ក្រុមហ៊ុន​​អាកាសចរណ៍​ US-Bangla Airlines ដែលមានមូលដ្ឋាននៅបង់ក្លាដែស​។​

រីឯ​ ​ប្រធានផ្នែកទំនាក់ទំនងសាធារណៈ​​នៅក្រុមហ៊ុនអកាសចរណ៍​ US-Bangla Airlines បានឲ្យដឹងថា នៅក្នុ​ង​យន្តហោះនេះមានមនុស្ស​សរុប​៧១នាក់ រួមទាំង​អ្នកបើកបរ​ និង​​អ្នក​បម្រើការ​លើ​យន្តហោះ​ផងដែរ​ ហើយថា មាន​មនុស្ស​៤០នាក់ស្លាប់នៅនឹងកន្លែង ​៩នាក់ទៀតស្លាប់នៅ​មន្ទីរពេទ្យ ​​ខណៈ​អ្នករួច​ជីវិត​២២នាក់​កំពុង​ទទួលការព្យា​បាលនៅក្នុងមន្ទីរពេទ្យ​ ​ក្រោយកើតមានហេតុការណ៍ធ្លាក់នៅម៉ោង​២និង​១៥នាទីរសៀលម្សិលមិញ។​

​អ្នក​ដំណើរ​ភាគច្រើន​ គឺជាជនជាតិនេប៉ាល់ ​និងបង់ក្លាដែស​ ដោយក្នុងនោះមានម្នាក់​មកពីប្រទេសចិន​និង​ម្នាក់ទៀតមកពី​ប្រទេសម៉ាឌីវ​ ​នេះបើយោងតាម ​លោក ​ Raj Kumar Chhetri អ្នកគ្រប់គ្រង​អាកាសយានដ្ឋាន​ Tribhuvan។​

​អ្នកគ្រប់គ្រងអាកាសយានដ្ឋានរូបនេះ​​បានបន្តថា ​យន្តហោះមួយគ្រឿងនេះ​ត្រូវ​បាន​អនុ​ញ្ញាត​​​ឲ្យចុះចត​ពីទិសខាងត្បូង ​ប៉ុន្តែ​មិនចុះចតពីទិសខាងត្បូងទេ​ ​បែរជាចុះចតពី​ទិស​​​ខាង​ជើងវិញ​ ​ហើយ​អាជ្ញាធរ​នៅមិនទាន់ដឹងទេថា ហេតុអ្វីបា​ន​ជាអ៊ីចឹង។​​​

​អ្នករួចជីវិតម្នាក់​ក្នុងចំណោមអ្នករួចជីវិត​ទាំង​២២នាក់បានរៀបរាប់ថា ​​យន្តហោះនេះ​បាន​ធ្លាក់ពេញ​ទំហឹងហើយ​ផ្ទុះឆេះតែម្តង ​​តែសំណាងល្អគាត់អង្គុយនៅក្បែរបង្អូច ទើបអាចចេញមកក្រៅបាន​ទាន់ពេល។​

​យន្តហោះមួយគ្រឿងនេះ​ ដែលមានប្រភេ​ទ​ Bombardier Dash 8 Q400 ​ត្រូវបានដាក់​ឲ្យដំណើរការ​១៧ឆ្នាំមកហើយ​ ហើយ​ហេតុការណ៍ធ្លាក់កាលពី​ម្សិលមិញគឺជាហេតុការណ៍ធ្លាក់យន្តហោះដែល​បណ្តាល​ឲ្យមនុស្សស្លាប់ច្រើនបំផុត​ ចាប់​តាំងពី​​យន្តហោះ​របស់ក្រុមហ៊ុនអាកាសចរណ៍​ Pakistan International Airlines បានធ្លាក់នៅក្នុងឆ្នាំ​១៩៩២ ដោយ​បណ្តាល​​ឲ្យមនុស្ស​១៦៧នាក់​នៅក្នុង​យន្តហោះស្លាប់ទាំងអស់៕​

Leave a Reply

Your email address will not be published. Required fields are marked *