ទំព័រដើម / ព័ត៌មានសំខាន់ៗ / អាមេរិកព្រមានថា ខ្លួននឹងចាត់វិធានការលើស៊ីរី បើក្រុមប្រឹក្សាសន្តិសុខ UN មិនហ៊ាន

អាមេរិកព្រមានថា ខ្លួននឹងចាត់វិធានការលើស៊ីរី បើក្រុមប្រឹក្សាសន្តិសុខ UN មិនហ៊ាន

UN៖ ​លោកស្រី ​ Nikki Haley ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំអង្គការសហប្រជាជាតិ​បាន​ព្រមានថា ​ស​ហរដ្ឋអាមេរិក​នឹង​ចាត់វិធានការ​លើ​ប្រទេសស៊ីរី​ ប្រសិន​បើ​ក្រុម​ប្រឹក្សាសន្តិ​សុខអង្គការ​សហប្រជាជាតិ​មិនហ៊ាន​ ​ ​ព្រោះ​ការវាយ​ប្រហារ​លើ​តំ​បន់​ហ្គោតាខាងកើត​នៅតែបន្ត​ឥតឈប់ឈរ។​

ការព្រមានរបស់លោកស្រី ​ Nikki Haley ​កើត​មានឡើង​ខណៈ​សហរដ្ឋអាមេរិក​ស្នើ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិ​សុខអង្គ​ការសហប្រជាជាតិ​ចាត់វិធានការទាមទារ​​ឲ្យមានបទឈប់បាញ់រយៈពេល​៣០ថ្ងៃភ្លាមៗ​នៅ​ក្នុងទី​ក្រុងដាម៉ាស​ និង​​តំបន់ហ្គោតាខាងកើត​ ជាកន្លែងដែល​កងកម្លាំងរដ្ឋាភិបាលស៊ីរីលើកឡើងថា ​កំពុង​ផ្តោត​គោលដៅ​លើ​ក្រុមភេរវករ។​​

​លោកស្រីបានមានប្រសាសន៍ថា ​សហរដ្ឋអាមេរិកត្រៀមខ្លួនចាត់វិធានការ​រួចហើយ​ ​ប្រសិន​​បើ​ក្រុម​ប្រឹក្សាសន្តិ​សុខ​អង្គការសហប្រជាជាតិ​នៅតែមិនព្រម​ចាត់វិធានការលើស៊ីរី ដែល​មានរុស្ស៊ី​និង​អ៊ីរ៉ង់នៅពី​ក្រោយនោះ។​​​

​​តាមពិតនៅក្នុងសេចក្តីសម្រេច​​ដែលមានការបោះឆ្នោត​អនុម័តជាឯកច្ឆ័នកាលពីថ្ងៃទី​២៤ ខែកុម្ភៈ​ ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គការសហប្រជាជាតិ​​ ​បានទាមទារ​ឲ្យមានបទឈប់បាញ់រយៈពេល​៣០ថ្ងៃ​ទូទាំង​ប្រទេស​ស៊ីរី​រួច​ហើយ ប៉ុន្តែមាន​ភាគី​មួយចំនួនមិនព្រមអនុវត្តតាមទេ ដោយលោក ​ Antonio Guterres អគ្គ​លេខាធិការ​អង្គការ​សហប្រជា​ជាតិលើកឡើងថា ​បើតាមអ្វីដែលលោកដឹង​ ​គ្មានអ្នករបួស​ធ្ងន់​ឬអ្នករបួសស្រាល​​ណាម្នាក់​ត្រូវបាន​ជម្លៀសចេញពី​តំបន់ហ្គោតាខាងកើត​នោះឡើយ ។​​

​រីឯ​លោក ​ Vassily Nebenzia ប្រេសិតរុស្ស៊ី​ប្រចាំអង្គការ​សហប្រជាជាតិ​ ​បានថ្លែងថា ​រដ្ឋាភិបាលស៊ីរី​មានសិទ្ធិ​​កម្ទាត់​ក្រុមភេរវករ​ដើម្បី​ការពារសន្តិសុខជូនប្រជាពលរដ្ឋ​ ​ហើយថា តំបន់ជាយក្រុងដាម៉ាស​គឺជាតំបន់ក្តៅ​ដែល​ត្រូវកម្ចាត់ក្រុមភេរវករជាបន្ទាន់។​

ដោយសំដៅដល់សហរដ្ឋអាមេរិក ​លោកបានបន្តថា ​មានប្រទេសមួយចំនួនកំពុងចោទប្រកាន់​រដ្ឋាភិ​បាលរបស់​លោកប្រធនាធិបតី បាសា អាល់អាសាដ ថា ​កំពុងប្រើអាវុធគីមីវាយប្រហារលើជនស៊ីវិល​ ដើម្បីយក​លេស​រៀបចំកងកម្លាំងឯកតោភាគី​ប្រឆាំង​រដ្ឋាភិបាលស្របច្បាប់របស់លោកអាសាដ។​

សូមរំឮកថា ​ការវាយប្រហារលើតំបន់​ហ្គោតាខាងកើត​ក្នុងរយៈពេល​​ប្រហែល​បីសប្តាហ៍កន្លងមកនេះ ​បាន​សម្លាប់មនុស្សអស់​១១៦០រួចមកហើយ​ ហើយតួលេខអ្នកស្លាប់អាចកើនឡើងទៀត​ដោយសារ​ការវាយ​ប្រហារនៅតែបន្ត​៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *