ទំព័រដើម / កីឡា / ប្រធានក្លិប PAOK ដើរចូលទីលានដោយមានកាំភ្លើង ធ្វើឲ្យការប្រកួតត្រូវផ្អាក

ប្រធានក្លិប PAOK ដើរចូលទីលានដោយមានកាំភ្លើង ធ្វើឲ្យការប្រកួតត្រូវផ្អាក

បាល់ទាត់ ៖ រដ្ឋមន្រ្តីកីឡារបស់ប្រទេសក្រិក បាននិយាយយ៉ាងម៉ឺងម៉ាត់ថាខ្លួននឹងចាត់វិធានការយ៉ាងច្បាស់លាស់មួយ ក្រោយកើតមានហេតុការណ៍ប្រធានក្លិប PAOK Salonika លោក Ivan Savvides ដើរចូលទីលាន ដោយមានកាំភ្លើងនៅចង្កេះ អំឡុងការប្រកួតរវាងក្រុមរបស់ខ្លួនជាមួយ AEK Athens

លោក Savvides បានដើរទៅក្នុងទីលានប្រកួតជាមួយអង្គរក្សរបស់ខ្លួនព្រមទាំងមានកាំភ្លើងខ្លីមួយដើម នៅក្នុងស្រោមជាប់ចង្កេះ ហើយមូលហេតុដែលលោកប្រធានរូបនេះ ធ្វើដូច្នេះ គឺដោយសារមិនពេញចិត្តនឹងអាជា្ញកណ្ដាលដែលមិនយកជាបានការនូវគ្រាប់បាល់របស់ Fernando Varela នៅនាទីទី៨៩។

ក្រុមទាំងពីរបានបញ្ចប់ការប្រកួតរយៈពេល៩០នាទី ក្នុងលទ្ធផល ០-០ តែប្រហែល២ម៉ោងក្រោយមកលោក Georgios Kominis អាជ្ញាកណ្ដាលកាត់ក្ដីប្រកួតនេះ ក៏សម្រេចយកគ្រាប់បាល់ដែលចូលនោះជាបានការវិញ នេះបើតាមការផ្សាយឲ្យដឹងពីទូរទស្សន៍របស់រដ្ឋ

ពាក់ព័ន្ធនឹងករណីនេះ លោក Georgios Vassiliadis រដ្ឋមន្ត្រីកីឡារបស់ក្រិក បានថ្លែងកាលពីម្សិលមិញថារូបភាពបុគ្គលដែលចូលទីលានប្រកួតកីឡាដោយមានអាវុធ វាប៉ះពាល់យ៉ាងខ្លាំងដល់ក្រុម PAOK និងវិស័យបាល់ទាត់ដោយទូទៅ។

“យើងសម្រេចផ្អាកការប្រកួតនេះជាផ្លូវការ ហើយវានឹងមិនចាប់ផ្ដើមម្ដងទៀតឡើយ ប្រសិនបើមិនទាន់មានអ្វីៗច្បាស់លាស់ ដូច្នេះយើងអាចដំណើរការទៅមុខបាន លុះត្រាតែមានលក្ខខណ្ឌ និងច្បាប់វិន័យយ៉ាងច្បាស់លាស់មួយ ដែលមានការយល់ព្រមពីគ្រប់ភាគីទាំងអស់” នេះជាសម្ដីរបស់លោករដ្ឋមន្ត្រី។

នេះមិនមែនលើកទី១ឡើយ ដែលការប្រកួតរវាងក្រុម PAOK Salonika ជាមួយនិងក្រុមដទៃ ត្រូវបានផ្អាក ដោយកាលពីខែមុន ពេលប្រកួតជាមួយ Olympiakos Piraeus ក៏ត្រូវបានលុបចោលដែរ ដោយសារតែគ្រូបង្វឹករបស់ Olympiakos លោក Oscar Garcia ត្រូវបានគេគប់ដោយដុំក្រដាសយ៉ាងធំចេញពីកន្លែងអង្គុយ៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *