ទំព័រដើម / កីឡា / ក្រសួងអប់រំ, NOCC និងសហព័ន្ធកីឡាជាតិទាំង២៧ ជជែងគ្នាពីកិច្ចការរៀបចំកីឡាជាតិ លើកទី២ ឆ្នាំ២០១៨

ក្រសួងអប់រំ, NOCC និងសហព័ន្ធកីឡាជាតិទាំង២៧ ជជែងគ្នាពីកិច្ចការរៀបចំកីឡាជាតិ លើកទី២ ឆ្នាំ២០១៨

ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ព្រមទាំងសហព័ន្ធកីឡាជាតិ ទាំង២៧បានបើកកិច្ចប្រជុំមួយ កាលពីព្រឹកមិញ នៅពហុកីឡដ្ឋានជាតិ ដើម្បីជជែកគ្នាអំពីការត្រៀមលក្ខណៈ ឲ្យបានកាន់តែល្អប្រសើរ សម្រាប់កីឡាជាតិលើកទី២ ឆ្នាំ២០១៨ ដែលគ្រោងនឹងធ្វើឡើង នាថ្ងៃទី២៥ ខែឧសភា ដល់ ថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡាបានដឹកនាំកិច្ចប្រជុំជាមួយតំណាងគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា និងតំណាងសហព័ន្ធកីឡាជាតិទាំង២៧ លើរបៀបវារៈសំខាន់ៗមួយចំនួន ដូច ជាការរៀបចំទីកន្លែងប្រកួត និងការងារបច្ចេកទេស ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨
ការងារពិធីការ និងការងារដាក់តាំងរបស់ក្រុមហ៊ុនដែលឧបត្ថម្ភគាំទ្រ ព្រមទាំងបញ្ហាប្រឈមផ្សេងៗផងដែរ។ ឯកឧត្តមបញ្ជាក់ថា ចំពោះការចុះបញ្ជីគឺមាន២៥ខេត្ត-រាជធានី និងក្រសួងចំនួន៣ ដែលគ្រោងនឹងចូលរួមប្រកួត លើ២៧ប្រភេទកីឡានៃព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០១៨នេះ។ កិច្ចប្រជុំនេះផ្តោតសំខាន់លើការពង្រឹងលើការ រៀបចំ និងពន្លឿនការការទូទៅឲ្យបានកាន់តែឆាប់រហ័ស ពីព្រោះថាការប្រកួតផ្លូវការកាន់តែខិតជិតចូលមកដល់ ហើយ។ ក្រៅពីនេះឯកឧត្តមបានអះអាងពីការបែងចែកការងាររៀងៗខ្លួន និងកិច្ចការរួមគ្នា ដែលត្រូវបំពេញ របស់ក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ដើម្បីពង្រឹង គុណភាពកីឡាជាតិនេះឲ្យលទ្ធផលល្អប្រសើរ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មានប្រសាសន៍ដែរថា អូឡាំ ពិកកម្ពុជាបានបង្ហាញត្រួសៗស្តីពីការរៀបចំពិធីបើក និងពិធីបិទនៃកីឡាជាតិ ដែលនឹងសម្តែងចលនាសមស្រប ធំៗ ដែលមានមនុស្សសម្តែងមានចំនួន៧០០នាក់ ហើយកីឡាករ កីឡាការិនីសម្តែងទាំងអស់បានបានចាប់ផ្តើម ហ្វឹកហាត់ត្រៀមជាបន្តបន្ទាប់។ ការសម្តែងក្នុងពិធីបើក-បិទនេះគឺនឹងបង្ហាញចេញពីសក្តានុពលជាតិទាំងមូល និងយកលំនាំតាមប្រវត្តិសាស្ត្ររបស់ជាតិផង។ ការសម្តែងនេះគឺសាកល្បងជារៀងរាល់សប្តាហ៍ នៅតាមផ្នែក ជំនាញនីមួយៗ ប៉ុន្តែការសម្តែងរួមគ្នាគ្រោងនឹងសាកល្បងទ្រង់ទ្រាយធំឲ្យបាន៣ដង មុន១សប្តាហ៍ នៃព្រឹត្តិ ការណ៍ផ្លូវការចូលមកដល់៕

Leave a Reply

Your email address will not be published. Required fields are marked *