ទំព័រដើម / ព័ត៌មានជាតិ / អភិបាលខេត្តប៉ៃលិន ស្នើដល់ភាគីខេត្តចាន់បុរី  បង្កើនកិច្ចសហប្រតិបត្តិការ នៅតាមព្រំដែន

អភិបាលខេត្តប៉ៃលិន ស្នើដល់ភាគីខេត្តចាន់បុរី  បង្កើនកិច្ចសហប្រតិបត្តិការ នៅតាមព្រំដែន

ខេត្តប៉ៃលិន៖ អភិបាលខេត្តប៉ៃលិន ស្នើដល់ភាគីខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ បង្កើនកិច្ចសហប្រតិបត្តិការ នៅតាមព្រំដែនរវាងខេត្តទាំង២ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពដ៏ល្អជាមួយគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

មានប្រសាសន៍ថ្លែងនៅក្នុងឱកាសអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាគ្សាការងារ ជាមួយរដ្ឋបាលខេត្តចាន់បុរី នៅព្រះរាជាណាចក្រកថៃ ឯកឧត្តម កើត សុធា បានស្នើដល់អាជ្ញាធរខេត្តចាន់បុរី និងមន្ត្រីជំនាញពាក់ព័ន្ធ បង្កើនកិច្ចសហប្រតិបត្តិការ នៅតាមព្រំដែនរវាងខេត្តទាំង២ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពដ៏ល្អជាមួយគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម ពលករ និងបទល្មើសឆ្លងដែននានា នៅតាមបណ្តោយព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា-ថៃឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ឯកឧត្តម អភិបាលខេត្ត ក៍បានជំរុញដល់ភាគីខេត្តចាន់បុរី ពន្លឿនការដោះស្រាយនូវបញ្ហាមួយចំនួនដូចជា៖ ការប្រើប្រាស់ប័ណ្ណឆ្លងព្រំដែនថ្មី Border Pass មិនទាន់បានទូលំទូលាយ តាមកិច្ចព្រមព្រៀង រវាងរាជ្ជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បញ្ហាពលករខ្មែរឆ្លងដែនខុសច្បាប់ បញ្ហាប្រជាពលរដ្ឋខែ្មរវាយ ប៉ាស្ព័រ ចូលហើយ តែទាហ៊ានថៃ ឱ្យចុះថតនៅតាមផ្លូវទៀត ព្រមទាំងបទល្មើសឆ្លងដែននានា និងការនាំចេញកសិផល និងការធ្វើពាណិជកម្មឆ្លងដែនរវាងខេត្តចាន់បុរី-ប៉ៃលិនផងដែរ។

ជាការឆ្លើយតបឯកឧត្តម វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ បានសន្យានាំយកនូវរាល់សំនូមពរ របស់រដ្ឋបាលខេត្តប៉ៃលិន ធ្វើការពិភាគ្សាជាមួយមន្ត្រីជំនាញ និងថ្នាក់ដឹកនាំ ព្រមទាំងរាជរដ្ឋាភិបាលថៃ ដើម្បីរកលទ្ធភាព និងដំណោះស្រាយ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យបានកាន់តែល្អប្រសើឡើង។

ក្នុងឱកាសនោះឯកឧត្តម វីធូរ៉ាត់ ស្រ៊ីណាម ក៍បានមានប្រសាសន៍កោតសសើរដល់រដ្ឋបាលខេត្តប៉ៃលិន ដែលកន្លងមកបានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ដើម្បីរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំង២ ដោយស្មើភាព និងស្មោះត្រង់។

សូមបញ្ចាក់ថា៖ ខេត្តប៉ៃលិន និងខេត្តចាន់បុរី ជាខេត្តដែលមានព្រំដែនជាប់គ្នា ហើយបានផ្លាស់ប្តូរពាណិជ្ជកម្មគ្នាទៅវិញទៅមក ភាគច្រើននាំចេញ នាំចូលកសិផល តាមច្រកទ្វារអន្តរជាតិព្រំ ចំណែកវិស័យពលករវិញ ខេត្តចាន់បុរី ជាខេត្តមួយដែលមានពលករកម្ពុជាធ្វើការច្រើន គឺមានប្រមាណជាង ៣ម៉ឺននាក់។ ញ៉ឹប បូរី

Leave a Reply

Your email address will not be published. Required fields are marked *