ទំព័រដើម / ព័ត៌មានជាតិ / គ.ជ.ប អះអាងថា ការបោះឆ្នោតសកលខាងមុខនេះនឹងប្រព្រឹត្តដោយសេរី ពហុបក្ស

គ.ជ.ប អះអាងថា ការបោះឆ្នោតសកលខាងមុខនេះនឹងប្រព្រឹត្តដោយសេរី ពហុបក្ស

ភ្នំពេញ៖    គ.ជ.ប បានអះអាងថា ការបោះឆ្នោតសកលខាងមុខនេះនឹងប្រព្រឹត្តដោយសេរី ពហុបក្ស និង​អាចទទួលយកបានពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ បើ​ទោះ​បីជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ត្រូវ​បាន​​រំលាយក៏ដោយក្តី។

ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី១៣ ខែមីនានេះ បានពន្យល់ប្រាប់ទៅអ្នករាយការណ៍ពិសេសរបស់អង្គការ​សហប្រជាជាតិ ដែល​​ទទួលបន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត ថា ការបោះឆ្នោត​​​ជ្រើស​​តាំងតំណាងរាស្ត្រ នីតិកាលទី៦ នាខែកក្កដាខាងមុខនេះ នឹងមិន​​​ធ្វើ​ឡើង​ដោយឯកបក្ស​​​នោះ​ឡើយ ដោយសារតែមានគណបក្សនយោបាយផ្សេងៗទៀត ត្រៀមចូលរួម​​ប្រកួត​ប្រជែងដែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបនេះ ឯកឧត្តម ហង្ស ពុទ្ធា ដែលជាសមាជិក និងជា​អ្ន​កនាំពាក្យ​ គ.ជ.ប បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែមេសាខាងមុខនេះ គ.ជ.ប នឹងរៀបចំការ​​ចុះ​​ឈ្មោះ​គណ​​បក្ស​​​​នយោបាយ និងបេក្ខភាព​ឈរបោះឆ្នោតមកពីគ្រប់គណបក្ស ដើម្បីធានាឱ្យការបោះឆ្នោត​​ជ្រើស​​តាំង​​តំណាងរាស្ត្រ​នាពេលខាងមុខនេះ ដើរស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ។

លោកស្រី រ៉ូណា ស្មីត បានលើកឡើងថា ការបោះឆ្នោតដែលមិនមានការប្រកួត​ប្រជែង គឺមិនអាចហៅថា លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នោះទេ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ សម្រាប់​ការ​បោះ​​ឆ្នោត​​ជ្រើស​តាំងតំណាងរាស្ត្រ នីតិកាលទី៦ ដោយគ.ជ.បមានបញ្ជី​​ឈ្មោះអ្នកបោះ​ឆ្នោតជាង៨លាន​៣សែន​នាក់ ស្មើនឹងជិត​៨៥​​​​ភាគរយ នៃ​ចំនួនប្រជាពលរដ្ឋសរុប​​ជាង១៥លាននាក់ ៕អត្ថបទ៖ សឿន សោម / រូបភាព៖ ផាត ចាន់ណា

Leave a Reply

Your email address will not be published. Required fields are marked *