ទំព័រដើម / Uncategorized / បង្ក្រាបមុខសញ្ញាជួញដូរថ្នាំញៀន២នាក់ រឹបអូសថ្នាំញៀនជិត៣០កញ្ចប់ នៅស្រុកស្រែអំបិល

បង្ក្រាបមុខសញ្ញាជួញដូរថ្នាំញៀន២នាក់ រឹបអូសថ្នាំញៀនជិត៣០កញ្ចប់ នៅស្រុកស្រែអំបិល

ខេត្តកោះកុង៖ មុខសញ្ញាជួញដូរ ​ចែកចាយ និងប្រើប្រាស់គ្រឿង​ញៀនដ៏សកម្ម២នាក់ ត្រូវសមត្ថកិច្ចនគរបាលខេត្តកោះកុង ធ្វើការបង្ក្រាបបានកាលពីវេលាម៉ោង១១៖៣០​នាទីព្រឹក ថ្ងៃ​អង្គារ ១២រោច ខែផល្គុន ​ឆ្នាំរកា​ នព្វស័ក ​ព.​ស២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៣​ ខែមីនា ឆ្នាំ២០១៨ នៅចំណុចចម្ការកៅស៊ូ ស្ថិតក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

សមត្ថកិច្ចស្រុកស្រែអំបិល ឲ្យដឹងថា កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍ស្រែអំបិល សរុបចំនួន១២នាក់ ប្រជាការពារចំនួន​៤នាក់ ដឹកនាំ​ដោយវរសេនីយ៍ឯក ម៉ា​ ទី អធិការនគរបាលស្រុក បានចុះបង្រ្កាបមុខសញ្ញាជួញដូរ ​ចែកចាយ និងប្រើប្រាស់គ្រឿង​ញៀន បាន១ករណី ដោយចាប់បានជនសង្ស័យចំនួន២នាក់។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួន រួមមានឈ្មោះ​ លី គីម ភេទប្រុស​ អាយុ​២៧ឆ្នាំ មុខ​របរ​មិន​ពិតប្រាកដ និងឈ្មោះ​ សោម​ ចាន់លៀង ភេទប្រុស​ អាយុ​២២ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ។ អ្នកទាំងពីរ មានទីលំនៅភូមិត្រពាំង ឃុំស្រែអំបិល​ ស្រុកស្រែអំបិល ខេត្តកោះកុង។

ក្រៅពីឃាត់ខ្លួនជនសង្ស័យទាំង២ សមត្ថកិច្ចក៏ចាប់រឹបអូសវត្ថុតាង រួមមាន ម្សៅក្រាមថ្លាពណ៌ស ចំនួន​២៧កញ្ចប់តូច។បច្ចុប្បន្ន ជនសង្ស័យ​ទាំងពីរ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ន ដើម្បីធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្ត៕សន សុម្ភស្ស

Leave a Reply

Your email address will not be published. Required fields are marked *