ទំព័រដើម / ព័ត៌មានសំខាន់ៗ / ក្រសួងការងារបណ្តុះបណ្តាលគ្រូបង្គោលដើម្បីចុះផ្សព្វផ្សាយស្តីពីសិទ្ធការងារដល់កម្មករតាមរោងចក្រ

ក្រសួងការងារបណ្តុះបណ្តាលគ្រូបង្គោលដើម្បីចុះផ្សព្វផ្សាយស្តីពីសិទ្ធការងារដល់កម្មករតាមរោងចក្រ

ភ្នំពេញ៖ក្រសួងការងារនិងបណ្តុះបណ្តាវិជ្ជាជីវៈបានបណ្តុះបណ្តាលគ្រូបង្គោលអង្គភាពក្រោមឱវាទដើម្បីចុះផ្សព្វផ្សាយស្តីពីសិទ្ធការងារដល់កម្មករនៅតាមរោងចក្រសហគ្រាសនានាបញ្ជៀសនូវការកេងប្រវ័ញ្ចកំលាំងពលកម្មនៅកន្លែងធ្វើការ។

លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថាគ្រូង្គោលចំ នួន២៥០នាក់មកពីតាមអង្គភាពក្រោមឱវាទក្រសួងនាពេលនេះនឹងទទួលបានការបណ្តុះបណ្តាលស្តីពីការលើកម្ពស់សិទ្ធនិងតួនាទីរបស់ស្ត្រី សិទ្ធការងារនៅកន្លែងធ្វើការ ការលើកកម្ពស់សេវាសុខភាពនៅតាមរោងចក្រដើម្បីឲ្យកម្មករទទួលបាននូវសុខភាពល្អក៏ដូចជាលក្ខខណ្ឌការងារកាន់តែល្អប្រសើរថែមទៀត។

ថ្លែងក្រោយពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រតាមអង្គភាពក្រោមឱវាទក្រសួងនៅព្រឹកថ្ងៃទី១៤មីនានៅទីស្តីការក្រសួង លោកជំទាវបានបន្តថាការចុះផ្សព្វផ្សាយស្តីពីសិទ្ធដល់កម្មករនិយោជិតនៅតាមរោងចក្រសហគ្រាសនានានេះនឹងជួយឲ្យពួកគេទទួលបាននូវចំណេះដឹងកាន់តែទូលំទូលាយថែមទៀតដើម្បីឲ្យមានភាពក្លាហាន ហ៊ានបញ្ចេញមតិផ្សេងៗជៀសផុតពីការរំលោភសិទ្ធសេរីភាព អំពើហឹង្សា ការជួញដូរនិងរាល់ទម្រង់ ដ៏ទៃទៀតនៃអំពើហឹង្សា។

ជាមួយគ្នានេះដែរលោកជំទាវបានបានណែនាំឲ្យស្ត្រីនៅក្រសួងក៏ដូចជានៅតាមអង្គភាពរាជធានីខេត្តត្រូវខិតខំប្រឹងប្រែងបង្កើនសមត្ថភាពរបស់ខ្លួនបន្ថែមទៀតដើម្បីឲ្យស្របទៅតាមការយកចិត្តទុកដាក់បង្កើនសមមាត្រនៃការចូលរួមរបស់ស្រ្តីអោយបានច្រើនជាអតិបរិមា ក្នុងស្ថាប័នជាតិគ្រប់កម្រិតតាំងពីថ្នាក់កណ្តាលរហូតដល់ថ្នាក់មូលដ្ឋាន។

ឯ.ឧ អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថាការពង្រឹងសមត្ថភាពរបស់ជនបង្គោលយេនឌ័រនេះជាការងារមួយដ៏ចាំបាច់ដើម្បីឲ្យពួកគេក្លាយជាគ្រូបង្គោលមួយដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្សព្វផ្សាយបន្តដល់កម្មករក៏ដូចជាមន្ត្រីជាស្ត្រីនៅតាមអង្គភាពដែលស្ថិតនៅក្រោមឱវាទក្រសួងទទួលបាននូវចំណេះដឹងពាក់ព័ន្ធនឹងសិទ្ធរបស់ខ្លួនកាន់តែប្រសើរឡើងថែមទៀត។

គួរបញ្ជាក់ថាវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រនេះមានរយៈពេល៣ថ្ងៃដើម្បីផ្សព្វផ្សាយឲ្យក្រូបង្គោលអង្គភាពក្រោមឱវាទក្រសួងឱ្យយល់ច្បាស់ពីអនុសាសន៍ទាំង១១ចំណុចរបស់សម្តេចតេជោ ហ៊ុនសែនដែលបានដាក់ចេញនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០ ១៨របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីដើម្បីប្រែក្លាយការយល់ដឹងទាំងនេះឲ្យទៅជាសកម្មភាពជាក់ស្តែងពិតប្រាកដ៕អត្ថបទ យ៉ែមសុជាតា

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *