ទំព័រដើម / ធនាគារ / ធនាគារជាតិនៃកម្ពុជាលើកទឹកឱ្យប្រជាពលរដ្ឋប្រើប្រាស់ប្រាក់រៀល

ធនាគារជាតិនៃកម្ពុជាលើកទឹកឱ្យប្រជាពលរដ្ឋប្រើប្រាស់ប្រាក់រៀល

ភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់ធគារជាតិនៃកម្ពុជា បានលើកទឹកឱ្យប្រជាពលរដ្ឋ ចូលរួមប្រើប្រាស់ប្រាក់រៀលឱ្យកាន់ តែច្រើន ដើម្បីទទួលបានផលចំណេញទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ក្នុងការពង្រឹងអត្ដសញ្ញាណជាតិ និងបង្កើនទុនបំរុងរបស់ជាតិបានឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖ ការពង្រឹង ប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ និងអត្រាប្ដូរប្រាក់ នឹងរួមចំណែករក្សាស្ថិរភាពថ្លៃ និងស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជួយគាំទ្រដល់វិស័យពាណិជ្ជកម្ម និងទេសចរណ៍។

ក្នុងទិវាប្រាក់រៀល អបអរសាទរខួបលើកទី៣៨ឆ្នាំនៃការដាក់ឱ្យចរាចរណ៍ប្រាក់រៀលឡើងវិញ កាលពីព្រឹកថ្ងៃទី២០ ខែមីនានេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា -កូរ៉េ លោកជំទាវ អ៊ុក ម៉ាលី បានបញ្ជាក់ថា ការចូលរួមប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន នឹងធ្វើឱ្យកម្ពុជាទទួលបានផលចំណេញ ក្នុង ការបង្កើនចំណូលពីការបោះពុម្ពក្រដាសប្រាក់ នឹងពង្រឹងអធិបតេយ្យភាពរូបិយវត្ថុដោយកាត់បន្ថយ ភាពងាយរងឥទ្ធិពលពីការប្រែប្រួលនៃតម្លៃប្រាក់ដុល្លារអាម៉េរិក ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។

លោកជំទាវបានបន្ដថា៖ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងអត្រាមធ្យមប្រមាណ៨ភាគរយ ជាមួយអតិផរណាទាប ប្រមាណ៣ភាគរយ ហើយកត្ដា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចទាំងនេះ គឺជាមូលដ្ឋានគ្រឹះ និងជាបុរេលក្ខខ័ណ្ឌ ដ៏រឹងមាំមួយដែលផ្ដល់លទ្ធភាព ឱ្យកម្ពុជាបង្កើនការប្រើប្រាស់ប្រាក់រៀលកាន់តែទូលំទូលាយ។

កញ្ញា លឹម ស៊ាងហេង នាយកគ្រប់គ្រងសាខានៃក្រុមហ៊ុនSabay បានគាំទ្រចំពោះធនាគារជាតិនៃ កម្ពុជា ក្នុងការជំរុញឱ្យមានការប្រើប្រាស់ប្រាក់រៀលដោយបច្ចុប្បន្ននេះ ក្រុមហ៊ុនបាន និងកំពុងតែអនុវត្ដន៍ ការប្រើប្រាស់ប្រាក់រៀលរួចហើយ ដែលគ្រប់សេវាកម្មក្នុងប្រតិបត្តិការអាជីវកម្មទាំងអស់ គឺត្រូវ បានប្រើ ប្រាស់ជាប្រាក់រៀល ក្នុងនោះសូម្បីតែប្រាក់ខែរបស់បុគ្គលិកក៏ក្រុមហ៊ុនបានដាក់បញ្ចូលក្នុងប្រព័ន្ធ បើក ប្រាក់ខែជាប្រាក់រៀលផងដែរ។ កញ្ញាបានសន្យាថា នឹងបន្ដការប្រើប្រើប្រាស់សេវាប្រាក់រៀលឱ្យបាន កាន់ច្រើនថែមទៀត ដើម្បីចូលរួមចំណែកលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងជួយពង្រឹងអត្ដ សញ្ញាណរបស់ជាតិ។

កញ្ញា រឹម សិរីរ័ត្ន ជានិស្សិតរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងដែរថា ការប្រើ ប្រាស់ប្រាក់រៀលនេះ បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងបង្កើនការ ប្រើប្រាស់លុយខ្មែរនៅក្នុងសង្គម ជាពិសេសការទិញ ដូរទំនិញគ្រប់ប្រភេទ ត្រូវប្រើប្រាស់ប្រាក់រៀល របស់ខ្មែរ ដើម្បីលើកកម្ពស់តម្លៃលុយខ្មែរក្នុងនាមជាប្រជាពលរដ្ឋខ្មែរ។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្ននេះ អត្រាប្ដូរប្រាក់ មានស្ថិរភាពល្អប្រសើរក្នុងអត្រាមធ្យមប្រមាណ៤.០២៥រៀលក្នុងមួយដុល្លារអាម៉េរិក ចំណែករូបិយវត្ថុ ក្នុងចរាចរណ៍ និងប្រាក់បញ្ញើជារៀលក្នុងប្រព័ន្ធធនាគារបានកើនជាមធ្យម១៦ភាគរយ និង១៩ភាគរយ រៀងគ្នា៕ អត្ថបទ៖ ប៉ូ សុផានិត

 

Leave a Reply

Your email address will not be published. Required fields are marked *