ទំព័រដើម / ព័ត៌មានជាតិ / សហភាពសហព័ន្ធយុវជនកម្ពុជារៀបចំយុទ្ធនាការ «ភ្នំពេញស្អាត»

សហភាពសហព័ន្ធយុវជនកម្ពុជារៀបចំយុទ្ធនាការ «ភ្នំពេញស្អាត»

ភ្នំពេញ៖សហភាពសហព័ន្ធយុវជនកម្ពុជាសហការជាមួយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាបានបើកយុទ្ធនាការ«ភ្នំពេញស្អាត»ដើម្បីបំផុសស្មារតីរបស់ប្រជាពលរដ្ឋឲ្យមានគំនិតចេះស្រលាញ់និងចូលរួមការពារបរិស្ថានប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង។

ថ្លែងនៅក្នុងសន្និសិទស្តីពីយុទ្ធនាការ«ភ្នំពេញស្អាត»នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិលោកស្រី ជា សុផល្លា ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជានិងជាសហស្ថាបនិកនៃគម្រោង«ស្អាត»បានមានប្រសាសន៍ថាយុទ្ធនាការ«ភ្នំពេញស្អាត»គ្រោងនឹងចុះទៅតាមសាលារៀនរដ្ឋនិងឯកជននិងក្រុមហ៊ុនធំៗនានាដើម្បីផ្សព្វផ្សាយនូវទង្វើល្អៗដល់សិស្សានុ សិស្សក៏ដូចជាបុគ្គលិកក្រុមហ៊ុនឲ្យមានការផ្លាស់ប្ដូរផ្នត់គំនិត ទម្លាប់ និងឥរិយាបថក្នុងការគ្រប់គ្រងសំរាមចូលរួមការពារនិងថែរក្សាបរិស្ថាននិងសោភ័ណភាពទីក្រុងឲ្យបានស្អាត។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានមានប្រសាសន៍ថាយុទ្ធនាការ«ភ្នំពេញស្អាត»នេះនឹងជួយអប់រំដល់មនុស្សគ្រប់គ្នាឲ្យចេះគិតពីខ្លួនឯងថាបញ្ហាសំរាមមិនមែនបណ្តាលមកពីអ្នកណាម្នាក់នោះទេគឺជាបញ្ហាទាំងអស់គ្នា។ឯកឧត្តមបានណែនាំដល់ប្រជាពលរដ្ឋនៅពេលឃើញសំរាមត្រូវនឹកឃើញដល់ពាក្យថាស្អាតវិញហើយត្រូវចូលរួមសំអាតឲ្យបានស្អាតទាំងអស់គ្នា។     

ឯកឧត្តមមានជំនឿថាបើគ្រប់គ្នានិយាយពីពាក្យស្អាតនោះមិនយូរមិនឆាប់ទេនឹងជួយផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋឲ្យចូលរួមដោះស្រាយលើបញ្ហាសំរាមបានប្រសើរថែមទៀត។

លោក គួច សុខលី ប្រធានសមាគមភោជនីយដ្ឋានបានគាំទ្រយុទ្ធនាការនេះហើយបានប្តេជ្ញាថានឹងខិតខំប្រឹងប្រែងបញ្ជ្រាបផ្នត់គំនិតនៃការយុទ្ធនាការនេះដល់ម្ចាស់ហាងនិងភោជនីយដ្ឋានឲ្យចូលរួមសំអាតទីក្រុងឲ្យបានស្អាតទាំងអស់គ្នា។

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍ថា​សាលា​រាជធានី​គាំទ្រ​នូវ​គម្រោង​នេះនឹងជួយ​លើក​សោភ័ណភាព​ភ្នំពេញ​កាន់តែ​ស្អាត​ជាង​មុន។លោកបានបញ្ជាក់ថានៅរាជធានីភ្នំពេញក្នុងមួយថ្ងៃៗមានសំរាមជាង ២៣០០តោនដោយបែងចែកជាប្រភេទសំរាមទីក្រុង សំរាមវេជ្ជសាស្ត្រ សំរាមពីកាកសំណល់ការដ្ឋានសំណង់ សំរាមអេឡិចត្រូនិច និងសំរាមឧស្សាហកម្ម។អត្ថបទ ៖យ៉ែមសុជាតា

 

Leave a Reply

Your email address will not be published. Required fields are marked *