ទំព័រដើម / តុលាការ / លោកឡាយ វណ្ណៈត្រូវបានអយ្យការអមតុលាការបញ្ជារឲ្យនាំខ្លួនសង្ស័យពាក់ព័ន្ធឃាតកម្ម

លោកឡាយ វណ្ណៈត្រូវបានអយ្យការអមតុលាការបញ្ជារឲ្យនាំខ្លួនសង្ស័យពាក់ព័ន្ធឃាតកម្ម

ភ្នំពេញ៖លោកសៀង​ សុខ ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១ខែមេសា ឆ្នាំ២០១៨នេះបានចេញដីកាបញ្ជាឲ្យសមត្ថកិច្ចនាំខ្លួន លោក​ឡាយ ​វណ្ណៈ​អតីតអភិបាលខេត្តតាកែវ​មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការនគរបាលជាតិ ដើម្បីឲ្យបានមុនថ្ងៃទី២០ខែមេសា ឆ្នាំ២០១៨ ដើម្បីសាក​សួរពីដំណើររឿងឃាតកម្ម កាលពីថ្ងៃទី២៦ខែមករា ឆ្នាំ២០១៨នៅចំណុចផ្ទះជួល ក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

គួរបញ្ជាក់ថាករណីជនសង្ស័យ៥នាក់ ក្នុងនោះមានស្នងការរងខេត្តតាកែវម្នាក់ ដែល​ត្រូវជាបងប្រុសបង្កើតរបស់លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ពាក់ព័ន្ធករណី ឃាតកម្មដ៏កក្រើកសម្លាប់ស្ត្រីស្រស់ស្អាតម្នាក់ នៅក្រុងដូនកែវ ខេត្តតា​កែវ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញរួវហើយ កាលពីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ។

ក្រោយ​ការ​សាកសួរ​ពេញ​មួយ​ថ្ងៃ​ទី​០១​ ខែ​មេសា​ ឆ្នាំ​២០១៨​នេះ​ លោក ​សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ពុំ​ទាន់​សម្រេច​ចោទប្រ​កាន់​​ជនសង្ស័យ​៥នាក់​ ដែល​ក្នុងនោះមាន​លោក ​ឡាយ​ ណារិទ្ធ​ ស្នងការ​រង​នគរ​បាល​ខេត្ត​តាកែវ​ នៅឡើយនោះ​ទេ​ ពាក់ព័ន្ធករណី​ឃាតកម្មលើស្រ្តីរងគ្រោះ​នៅក្រុង​ដូន​កែវ ខេត្ត​តាកែវ​ ឈ្មោះ ចេវ សុវឌ្ឍនា​​​។

ជនសង្ស័យទាំង៥នាក់នេះ គឺស្ថិតក្នុងចំណោម៨នាក់ ដែលត្រូវបាននគរបាលនា​យកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ដើម្បីសួរនាំជុំវិញករណីស្ត្រីស្រស់ស្អាតម្នាក់ស្លាប់ នៅក្រុងដូនកែវ ខេត្តតាកែវ កាលពីចុងខែមករា ឆ្នាំ២០១៨ បន្ទាប់ពីករណីស្លាប់នេះ មានហេតុផលមិនសមរម្យ មួយចំនួន។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយការសួរនាំករណីស្ដ្រីរងគ្រោះឈ្មោះចែវ សុវឌ្ឍនា អាយុ៣៦ឆ្នាំដែលត្រូវបានគេប្រទះឃើញ ចងកសម្លាប់ខ្លួននៅក្រុងដូនកែវនោះ សង្ស័យករណីនេះមិនមែនជាអំពើអត្តឃាតនោះទេ គឺវាជាអំពើឃាតកម្ម។

សូមបញ្ជាក់ថាជនរងគ្រោះឈ្មោះចែវ សុវឌ្ឍនា ដែលមានកូន៣នាក់ ត្រូវបានគេប្រទះឃើញចងកក្នុងបន្ទប់ដេក នៃផ្ទះជួលដ៏ធំរបស់ខ្លួន ក្នុងភូមិ ផ្សារតាកោរ សង្កាត់​រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨​កន្លងទៅ ដែលករណីនេះក្រោយកើតហេតុភ្លាមៗ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា មានវិបត្តិស្នេហាទៅវិញ។ប៊ុនឡេង

 

Leave a Reply

Your email address will not be published. Required fields are marked *